Register Already an agent ? Login

អន្តរក្រសួងគាំទ្រលើ គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែ នៅខេត្តកណ្តាល និងភ្នំពេញ របស់ក្រសួងដឹកជញ្ជូន ប្រវែង ៥២,៩៨៣គីឡូម៉ែត្រ

ភ្នំពេញ៖ គម្រោង​សាងសង់ផ្លូវក្រវ៉ាត់ក្រុងខ្សែទី៣ (NR4-NR1) នៅខេត្តកណ្តាល និងរាជធានីភ្នំពេញប្រវែង ៥២,៩៨៣ គីឡូម៉ែត្រ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានសិក្សា និងរៀបចំ​របាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា ភីភីអាយស៊ី ខូ អិលធីឌី ត្រូវបានអន្តរក្រសួងគាំទ្រ។

លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង​ ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ(ESIA) សម្រាប់គម្រោង​ខាងលើ កាលពីថ្ងៃទី២០ ខែកុម្ភៈ នេះ នៅទីស្ដីការក្រសួង។

កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពី ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាល⁄មន្ទីរបរិស្ថានរាជធានី​ភ្នំពេញ រដ្ឋបាលខេត្ត⁄មន្ទីបរិស្ថានខេត្តកណ្តាល តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រសួងសាធារណការ និងដឹកជញ្ជូន (ម្ចាស់គម្រោង) និងក្រុមហ៊ុន​ទីប្រឹក្សា ភីភីអាយស៊ី ខូ អិលធីឌី។

លទ្ធផលអង្គប្រជុំ គាំទ្រទៅលើគម្រោងសាងសង់ផ្លូវក្រវាត់ក្រុងខ្សែទី៣ (NR4-NR1) នៅខេត្តកណ្តាល និងរាជ ធានីភ្នំពេញ ប្រវែង ៥២,៩៨៣គីឡូម៉ែត្រ ជមួយគ្នានេះ ស្នើឱ្យម្ចាស់គម្រោង សហការជាមួយគណៈកម្មកាដោះស្រាយផលប៉ះពាល់ ដើម្បីពន្លឿនក្នុងការដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋឱ្យបានឆាប់ និងដោះស្រាយផលប៉ះពាល់ទៅលើបង្គោលខ្សែបណ្តាញអគ្គិសនីផងដែរ។

ក្នុងនោះ ម្ចាស់គម្រោង ត្រូវណែនាំដល់ក្រុមហ៊ុន​ម៉ៅការឱ្យអនុវត្តតាមលក្ខណៈបចេ្ចកទេស ជាពិសេសម្ចាស់គម្រោង​ ត្រូវយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដែលកើត​ចេញពីការដ្ឋាននៃគម្រោងសាងសង់ ម្យ៉ាងវិញទៀត ត្រូវត្រួតពិនិត្យ និង​យកចិត្តទុកដាក់ទៅលើគុណភាពផ្លូវឱ្យបានត្រឹមត្រូវតាមស្តង់ដាបច្ចេកទេស ជាពិសេសការកាត់បន្ថយការហុយ និងត្រូវអនុវត្តដាំដើមឈើនៅអមសងខាងផ្លូវជាបណ្តើរៗ​នៅពេលដំណើរការសាងសង់។

ដើម្បីស្របទៅតាមគោលការណ៍ ម្ចាស់គម្រោង​ ត្រូវទទួលយកនូវរាល់មតិយោបល់របស់អង្គប្រជុំ និងកែសម្រួលរបាយការណ៍នេះ​ ឱ្យស្របទៅតាមស្មារតីអង្គប្រជុំ ជាពិសេសត្រូវទទួលយកនូវអនុសាសន៍ពីក្រុមការងារនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងក្រុមហ៊ុន​ទីប្រឹក្សា​ ដើម្បីអនុវត្តតាម៕

ដោយ៖ឌីណា