ភ្នំពេញ៖ សមិទ្ធផលដែលសម្រេចបានពេញ១ ឆ្នាំ២០១៩ បានធ្វើឱ្យវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាកាន់តែដើរតួរនាទីយ៉ាងសំខាន់ដល់ការគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ច និង បន្តភាពប្រកួតប្រជែងរបស់កម្ពុជា ការបន្តនីរន្តភាពពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម និងវិនិយោគ។ ជាការថ្លែងរបស់ លោក អ៊ិត សំហេង បន្តឱ្យដឹងថា ក្រសួងបានខិតខំបន្តគ្រប់គ្រងទីផ្សារការងារ និងកម្លាំងពលកម្មដែលរាជរដ្ឋាភិបាលខិតខំបង្កើតការងារជូនបងប្អូនជាពលរដ្ឋ រហូតមានកម្លាំងពលកម្មសរុបប្រមាណ ១០លាននាក់។
ការថ្លែងខាងលើរបស់ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាវិជ្ជាជីវៈ នៅក្នុងពិធីបើក សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ នាព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្តីការក្រសួង បានបន្ថែមថា ក្នុងចំនួន ១០លាននេះ នៅក្នុងប្រទេសប្រមាណ ៣,៦៩លាននាក់ (ផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធមានចំនួនជាង ១,៥០លាននាក់ និងផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធប្រមាណ ២,២០លាននាក់) វិស័យកសិកម្មប្រមាណ ៤លាននាក់ មន្រ្តីសាធារណៈ ៥០ម៉ឺននាក់ និងពលករដែលធ្វើការនៅក្រៅប្រទេសមានចំនួនប្រមាណ ១,២៨លាននាក់។ «កត្តានេះបានធ្វើឱ្យប្រជាពលរដ្ឋជាង ៩៩,៣ភាក មានការងារធ្វើ»។ ជាការបញ្ជាក់ របស់លោក អ៊ិត សំហេង
រដ្ឋមន្រ្តីក្រសួងការងារ បានឱ្យដឹងបន្តទៀតថា សហគ្រាស គ្រឹះស្ថាន សេដ្ឋកិច្ចក្នុងប្រព័ន្ធដែលបានចុះបញ្ជីនៅ ក្រសួងការងារ សរុបចំនួន ១៤ ០៦០ សហគ្រាស គ្រឹះស្ថាន ដែលមានកម្មករនិយោជិតចំនួន ១,៥០ លាននាក់ ដោយបានទទួលប្រាក់ឈ្នួលជាមធ្យមជាង ៣,៧០ពាន់លានដុល្លារ ក្នុងមួយឆ្នាំ បើគិតបូកប្រាក់បញ្ញើ ដែលបងប្អូនពលករមកពីក្រៅប្រទេស ក្នុង១ឆ្នាំជាង ២,៨០ពាន់លានដុល្លារទៀត សរុបទៅជាង ៦,៥០ ពាន់លានដុល្លារក្នុងមួយឆ្នាំ។
តាមរយៈការព្រង្រឹងការអនុវត្តច្បាប់ស្តីពីការងារ មន្រី្តអធិការកិច្ចការងារបានចុះអធិការកិច្ច ចំនួន ៤ ៩២២លើក បានដាក់កំហិតចំនួន ៩៧៧សហគ្រាស និងបានចេញលិខិតផាកពិន័យ ៥៥សហគ្រាស ជាមួយគ្នានេះប្តឹងទៅតុលាការ ៦សហគ្រាស ជាលទ្ធផលរោងចក្រ សហគ្រាសដែលមិនគោរពច្បាប់ស្តីពីការងារបានធ្លាក់ចុះគួរកត់សំគាល់។ ជាការបន្ថែមទៀត របស់រដ្ឋមន្រ្តីក្រសួងការងារ លោក អ៊ិត សំហេង ថា ទន្ទឹមនឹងនេះការពង្រឹងការអនុវត្តច្បាប់ស្តីពីសហជីព បានធ្វើឱ្យចំនួនអង្គការវិជ្ជាជីវៈចុះបញ្ជិការកើនឡើងដល់ ៥ ២០៩ ក្នុងនោះហជីពមូលដ្ឋានចំនួន ៤ ៩៤៩, សហព័ន្ធសហជីពចំនួន ២១៦, សហភាពសហជីពចំនួន ៣៣ និងសមាគម និយោជកចំនួន ១១។
ក្នុងឆ្នាំ២០១៩ បានចុះបញ្ជីសហជីពមូលដ្ឋានចំនួន ៣៧៥, សហព័ន្ធសហជីពចំនួន ៣៦, សហភាពសហជីពចំនួន៥ និងសមាគមនិយោជកចំនួន២។ ជាការឱ្យដឹងបន្ថែមទៀតរបស់ រដ្ឋមន្រ្តីក្រសួងការងារ ថ្លែងបន្តថា មន្រ្តីអធិការកិច្ចបានខិតខំដោះស្រាយវិវាទការងារចំនួន ៨២៨ករណី ក្នុងនោះសះជាចំនួន ៤១៥ករណី មិនសះជាចំនួន ៣៧៧ករណី និងមោឃៈចំនួន ៣៦ករណី។ ជាមួយគ្នា បានបន្តអនុវត្តយន្តការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការដោយបញ្ជូនសំណុំរឿងចំនួន ១២១ករណី ទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល ដោះស្រាយបញ្ហាកូដកម្មចំនួន ៧៥ករណី សះជាមានចំនួន ៦៩ករណី បាតុកម្មចំនួន ១១ករណី សះជាបានចំនួន ៨ករណី។
នៅក្នុងពិធីខាងលើ លោក អ៊ិត សំហេង បញ្ជាក់ឱ្យដឹងថា ជារួមបញ្ហាវិវាទការងារ និងបញ្ហាកូដ្ឋកម្ម បាតុកម្មខុសនីតិវិធីច្បាប់ក៏បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ផងដែរ ដែលជាការបង្ហាញឱ្យឃើញនូវសុខុដុមនីកម្មភាពទំនាក់ទំងវិជ្ជាជីវៈកាន់តែប្រសើរ ការលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ កិច្ចសន្ទាសង្គម ការការពាសិទ្ធ និងអត្ថប្រយោជន៍បងប្អូនកម្មរនិយោជិត និងកិច្ចគាំពារសង្គមកាន់តែប្រសើរផងដែរ។
លោក រដ្ឋមន្រ្តី បានរម្លឹកនៅក្នុងអង្គសន្និបាតនូវបញ្ហាប្រឈមនានា ដែលមានឥទ្ធិពលមកពីខាងក្រៅ ដូចជាសេដ្ឋកិច្ចពិភពលោក បញ្ហាជំងឺកូរ៉ូណាវីរុស ហៅកូវីត១៩ ករណី EBA សង្គ្រាមពាណិជ្ជកម្ម ។ល។ ដែលកំពុងកើតមានឡើងនាពេលបច្ចុប្បន្ន ដែលជាទឡ្ហីករណ៍ទាមទារឱ្យមន្ត្រីបង្កើន ការយកចិត្តទុកដាក់ខ្ពស់ ដើម្បីដោះស្រាយការវិវត្តថ្មីៗនេះ។
ព្រមទាំងដាក់ចេញនូវដំណោះស្រាយ ក្នុងបរិបទដែលវិស័យឯកជន កាន់តែប្រឈមកាន់តែខ្លាំងទៅនឹងលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសនាំចេញនានា យើងបានធ្វើការយ៉ាងជិតស្និតជាមួយគ្នាស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាថា វិស័យឯកជន នៅតែអាចបន្តធានាបាននូវឧត្តមភាពប្រកួតប្រជែង អាចរក្សាបានដំណើរផលិតកម្ម អាជីវកម្មរបស់ខ្លួនប្រកបដោយចីរភាព។ ជាការបន្ថែមរបស់ លោក រដ្ឋមន្រ្តី៕
ដោយ៖ឌីណា