Register Already an agent ? Login

CDC សម្រេចឱ្យក្រុមហ៊ុន ៦ វិនិយោគទៅលើ ការផលិតគ្រឿងបរិក្ខា និងគ្រឿងអគ្គិសនី សរុបទុនវិនិយោគជាង ៦៨លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុនចំនួន ៤ ដែលបានស្នើសុំវិនិយោគលើវិស័យ ផលិតសម្ភារ:បរិក្ខារលម្អ គ្រឿងអគ្គិសនី និងគ្រឿងសង្ហារិម នៅតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ខេត្តកំពង់ស្ពឺ ព្រះសីហនុ សរុបទុនវិនិយោគប្រមាណ ៦៨,១លានដុលា្លរ អាចផ្ដល់ការងារដល់ប្រជាពលរដ្ឋ ២,០៤២កន្លែង។

ក្រុមហ៊ុនទាំង ៦ ដែលបានស្នើសុំមានដូចជា ទី១.ក្រុមហ៊ុន Kaining Metal Product (Cambodia) Co.,Ltd គម្រោងបង្កើតរោងចក្រផលិតសម្ភារបរិក្ខារលម្អ និងសម្ភារប្រើប្រាស់ក្នុងផ្ទះ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គារីស៍ស ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៨,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥៤០កន្លែង។ ទីតាំងដូចគ្នានេះ ទី២.ក្រុមហ៊ុន Hong Yao Cable & Wire (Cambodia) Co.,Ltd គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើងលម្អ និងខ្សែកាប មានទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៥០កន្លែង។

ទី៣.ក្រុមហ៊ុន Run Yang & Run Jie (Cambodia) Logistic Safety Equipment Manufacturing Co.,Ltd គម្រោងបង្កើតរោងចក្រផលិតសម្ភារបរិក្ខារលើកដាក់ទំនិញ (ខ្សែទំពក់, ខ្សែក្រវាត់សុវត្ថិភាព, ទំពក់ និងកំណល់ធ្វើពីជ័រ) មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៩,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៨០កន្លែង។

ទី៤.ក្រុមហ៊ុន Cambodian Saiban Wood Co.,Ltd គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌានចេជាងហ្គ័រជី ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ១,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៥កន្លែង។

ទី៥.ក្រុមហ៊ុន Ultraspower Technology Battery Co.,Ltd គម្រោងបង្កើតរោងចក្រផលិតអាគុយស្ងួត មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស អាល់ត្រាផៅវ័រ ថេកណឡជី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២១,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦០០កន្លែង។ ទីតាំងដូចគ្នានេះ ទី៦.ក្រុមហ៊ុន Zhong Yongxin (Cambodia) Co.,Ltd គម្រោងបង្កើតរោងចក្រផលិតគ្រឿងបង្គុំអាគុយស្ងួត (បន្ទះលោហ:សំណ និងបន្ទះជ័រ) មានទុនវិនិយោគប្រមាណ ២៥,១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩០កន្លែង៕

ដោយ៖ឌីណា