Register Already an agent ? Login

CDC សម្រេចឱ្យក្រុមហ៊ុនចំនួន ៤ វិនិយោគលើវិស័យ កាត់ដេរសម្លៀកបំពាក់ ក្នុងទំហំទឹកប្រាក់សរុបជាង ១១លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរឱ្យក្រុមហ៊ុនចំនួន ៤ ដែលបានស្នើសុំវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់ នៅភ្នំពេញ ខេត្តគំពង់ស្ពឺ និងតាកែវ សរុបទុនវិនិយោគប្រមាណ ១១,៦លានដុលា្លរ ហើយអាចផ្តល់ការងារដល់ប្រជាពលរដ្ឋ ២,៦៩៩កន្លែង។

ក្រុមហ៊ុនទាំង ៤ ដែលបានស្នើសុំមានដូចជា ទី១.ក្រុមហ៊ុន XIN LIAN XIN ELASTIC & STRING (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ ស្បែកជើង និងកាបូប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្មាតពង សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២២៧កន្លែង។

ទី២.ក្រុមហ៊ុន J.D. LEATHER GOODS (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតកាបូប ខ្សែក្រវាត់ និងវ៉ាលីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទួលខ្លុង ឃុំអូរសារាយ ស្រុកត្រាំកក់ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ៣,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៨៨កន្លែង។

ទី៣.ក្រុមហ៊ុន HUAKUAN (CAMBODIA) GARMENTS CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅសួនឧស្សាហកម្មកាណាឌីយ៉ា អគារលេខ១៣ ផ្លូវវេងស្រេង ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៣កន្លែង។

និងទី៤.ក្រុមហ៊ុន GIVEN CLOTHING GARMENT (CAMBODIA) CO., LTD”គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រះ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.០២១កន្លែង៕

ដោយ៖ឌីណា