ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ លើផ្ទៃដីទំហំ ១២៦,៩០១៨ហិកតា ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង បានបដិសេធលើរបាយការណ៍របស់ក្រុមហ៊ុនទីប្រឹក្សា ខេមបូ ខនសាល់ធេន អ៊ិនធើណេសិនណល ដែលបានសិក្សា និងរៀបចំដាក់ជូនអន្តរក្រសួងដើម្បីសម្រេចអនុម័ត។
ក្នុងកិច្ចប្រជុំខាងលើធ្វើនៅថ្ងៃទី១៨ ខែកុម្ភៈ នេះ នៅទីស្ដីការក្រសួង ដឹកនាំដោយ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន គាំទ្រលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀង ហ្គីហ្គា រីសស៍ នេះ ដើម្បីលើកទឹកចិត្តក្រុមហ៊ុនវិនិយោគនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA)នេះនៅមានចំណុចខ្វះខាតច្រើន ដូច្នេះក្រសួងបរិស្ថាន ទុករយៈពេល១ខែ ដើម្បីឱ្យក្រុមហ៊ុនកែសម្រួល និងបំពេញបន្ថែមស្របតាមស្មារតីអង្គប្រជុំ ដើម្បីដាក់ជូនក្រសួងបរិស្ថានពិនិត្យ មុនអនុម័តជាចុងក្រោយ។
នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី លោក លោកស្រីជាតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តស្វាយរៀង មន្ទីរបរិស្ថានខេត្តស្វាយរៀង តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន GIGA RESOURCE (CAMBODIA) CO., LTD. (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សាខេមបូ ខនសាល់ធេន អ៊ិនធើណេសិនណល (ស៊ីស៊ីអាយ)។
ដោយ៖ឌីណា