កណ្ដាល៖ គោលនយោបាយជាតិស្តីពីលំនៅឋាន និងគោលនយោបាយស្ដីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យអនុវត្តនៅឆ្នាំ២០១៧ ក្នុងគោលដៅផ្ដល់ឱកាសដល់ប្រជាជនទូទាំងប្រទេសមានលំនៅឋានសមរម្យអាចរស់នៅបានប្រកបដោយផាសុកភាព សុវត្ថិភាព និងសេចក្ដីថ្លៃថ្នូរ។ បើតាមសចក្ដីប្រកាសព័ត៌មាននៃក្រសួងដែនដី បន្តថា ពិសេសប្រជាពលរដ្ឋដែលមានប្រាក់ចំណូលមធ្យម ចំណូលទាប និងក្រុមជនងាយរងគ្រោះ តាមរយៈការផ្ដល់កញ្ចប់វិធានការលើកទឹកចិត្តផ្នែកសារពើពន្ធ ផ្នែកវិនិយោគសាធារណៈ និងផ្នែកនិយ័តកម្ម ដើម្បីទាក់ទាញការចូលរួមពីវិស័យឯកជនក្នុងការអនុវត្តគម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ។
ការអនុវត្តតាមគោលនយោបាយជាតិទាំងពីរខាងលើ គម្រោងលំនៅឋានតម្លៃសមរម្យចំនួន ៥ កំពុងអនុវត្តនៅកម្ពុជា ដែលស្ថិតនៅភ្នំពេញ ២គម្រោង ខេត្តកណ្ដាល ២គម្រោង និងបន្ទាយមានជ័យ ១គម្រោង ដែលបានសាងសង់លំនៅឋានសរុបប្រមាណ ៨ ៣៣១ខ្នង និង ៧ ២៥៧ចំណែកឯកជន លក់ក្នុងតម្លៃក្រោម៣ម៉ឺនដុល្លារ។ បើតាមសេចក្ដីប្រកាសព័ត៌មានខាងលើដដែល បន្ថែមថា គម្រោងអភិវឌ្ឍលំនៅឋានតម្លៃសមរម្យរបស់ក្រុមហ៊ុនមួយ បានសម្រួលលក្ខណ្ឌនៃអត្រាបង់ប្រាក់កក់សម្រាប់អតិថិជន ក្នុងរយៈពេល ២៤ខែ ទៅតាមភាគរយនៃការបង់ ហើយគ្មានការប្រាក់ទេ ប៉ុន្តែទឹកប្រាក់ដែលនៅសល់អតិថិជនត្រូវបង់បន្តជាមួយធនាគារដៃគូ ឬផ្ដាច់ជាមួយក្រុមហ៊ុនរហូតដល់ ២០ឆ្នាំ។
លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នៅថ្ងៃទី១៧ ខែកុម្ភៈនេះ បានចុះទៅពិនិត្យវឌ្ឍនភាពគម្រោងខាងលើ ក្នុងចំណោម៥ គឺស្ថិតនៅ ភូមិកោះគរ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដែលមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រ ពីក្រុងតាខ្មៅ ដែលបានសាងសង់លើផ្ទៃដីសរុបប្រមាណ ២៣ហិកតា មានចំនួន ២ ៤៥៧ផ្ទះ ក្នុងទុនវិនិយោគប្រមាណ ៧៣លានដុល្លារ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដដែល។
ក្រសួងដែនដីបានឱ្យដឹងថា មកដល់ពេលនេះ ក្រុមហ៊ុនបានលក់ផ្ទះចំនួន ១ ០៨៨ផ្ទះ ស្មើនឹង ៤៤ភាគរយ នៃចំនួនផ្ទះសរុប ក្នុងនោះអតិថិជាមន្ត្រីរាជការមានចំនួនជាង ២៣ភាគរយ។ គម្រោងផ្ទះតម្លៃសមរម្យ បានបញ្ចប់ការសាងស់ផ្ទះជាស្ថាពរចំនួន ៦០៣ខ្នង ដោយគ្រោងប្រគល់ទៅអតិថិជននាពេលចូលឆ្នាំខ្មែរខាងមុខនេះ ហើយក៏គ្រោងបញ្ចប់ការសាងសង់គម្រោងទាំងមូលនៅមុនដំណាច់ឆ្នាំនេះផងដែរ៕
ដោយ៖ឌីណា