Register Already an agent ? Login

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល កំណត់យកស្រុកចំនួន៤ ជាតំបន់ប៉ូលសេដ្ឋកិច្ច ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម

ភ្នំពេញ៖ ស្រុកចំនួន ៤ នៅខេត្តកណ្ដាល គឺស្រុកខ្សាច់កណ្ដាល ស្រុកមុខកំពូល ស្រុកស្អាង និងស្រុកពញាឮ ត្រូវបានកំណត់ ជាតំបន់ប៉ូលសេដ្ឋកិច្ច ក្នុងការអនុវត្តគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។ តាមការឱ្យដឹង ពីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល លោកស្រី ជី ថាវី។

ការថ្លែងខាងលើរបស់ លោកស្រី ជី ថាវី ក្នុង កិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់កំណត់តំបន់ប៉ូលសេដ្ឋកិច្ច សម្រាប់អនុវត្តគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបកម្ម កសិកម្ម កាលពីថ្ងៃទី១៧ ខែកុម្ភ នេះ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាពលោក តាំង ម៉េងលាន អភិបាលរងខេត្ត ហើយក៏មានការចូលរួមពី មន្រ្តីគម្រោងអេម (AIMS)មកពីមន្ទីរពាណិជ្ជកម្ម មន្រ្តីគម្រោង អាស្ប៉ាយ(Aspire) មកពីមន្ទីរកសិកម្ម និងមន្រ្តីគម្រោងសម្បត្តិ(SAAMBAT)។

«គម្រោងនេះគឺផ្ដោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធផ្លូវជាសំខាន់ ដោយកែប្រែពីផ្លូវកំទេចថ្ម ផ្លូវដីស ផ្លូវគ្រួសក្រហម ទៅជាផ្លូវបេតុង និងផ្លូវកៅស៊ូDBST»។ ជាការបញ្ជាក់របស់ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល លោកស្រី ជី ថាវី បានបន្តឱ្យដឹងថា ក្នុងនោះស្រុកខ្សាច់កណ្ដាល ទទួលបាន១១គម្រោង ស្មើ៣១.៣៦គីឡូម៉ែត្រ ស្រុកមុខកំពូល ទទួលបាន២គម្រោង ស្មើ១៥.២០គីឡូម៉ែត្រ ស្រុកស្អាង ទទួលបាន១៣គម្រោង ស្មើ៥៩.១២គីឡូម៉ែត្រ និងស្រុកពញាឮ ទទួលបាន៦គម្រោង ស្មើ៣០.៦៥គីឡូម៉ែត្រ។

ក្នុងកិច្ចប្រជុំខាងលើ លោក តាំង ម៉េងលាន អភិបាលរងខេត្តកណ្ដាល បានគម្រោងគាំទ្រនិរន្តភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។ លោក ថា វាពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រជាលរដ្ឋ ព្រោះវាបានសម្រួលដល់ការធ្វើដំណើរ និងការដឹកកសិផលរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ទៅកាន់ទីផ្សារ និងបានចូលរួមក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋផងដែរ។

លោក តាំង ម៉េងលាន បានស្នើទៅក្រុមការងារ ត្រូវសិក្សាគម្រោងឱ្យបានល្អ ជាមួយគ្នានេះដែរ ត្រូវគិតពីផលប៉ះពាល់របស់ប្រជាពលរដ្ឋ និងត្រូវអនុវត្តទៅលើគម្រោងណាដែលមានអាទិភាព និងមានផ្លូវវែងមុន។ «ព្រោះថា ផ្លូវនេះមិនត្រឹមតែសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាផ្ទាល់ប្រើប្រាស់នោះទេ តែសម្រាប់ប្រជាពលរដ្ឋដែលមកពីស្រុកផ្សេង និងខេត្តផ្សេងផងដែរ»។ ជាការបញ្ជាក់របស់អភិបាលខេត្តដដែល៕

ដោយ៖ឌីណា