ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) បានគាំទ្រគម្រោងអភិវឌ្ឍន៍ទេសចរណ៍ «ទីក្រុងរាម» ក្នុងតំបន់ទេចរណ៍នាគរាជ ដែលស្នើដោយក្រុមហ៊ុន CANOPY SANDS DEVERLOPMENT CO.,LTD លើផ្ទៃដី ៨៣៤ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ក្នុងការរៀបចំទីតាំង និងចាប់ផ្ដើមដំណើរអនុវត្តគម្រោង នៅដើមឆ្នាំ២០២០។ បើតាមសេចក្ដីប្រកាសព័ត៌មាននៃក្រសួងដែនដី ដែលជាលទ្ធផលក្នុងកិច្ចប្រជុំ របស់ គ.អ.ឆ.ក កាលពីថ្ងៃទី១៤ ខែកុម្ភៈ នេះ នៅទីស្ដីការក្រសួង។
លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្មនិងសំណង់ និងជាប្រធាន គ.អ.ឆ.ក បានដឹកនាំកិច្ចប្រជុំខាងលើ ព្រមទាំងមានអន្តរក្រសួង និងស្ថាប័នថ្នាក់ក្រោមជាតិ ដែលជាអនុប្រធាន និងជាសមាជិក គ.អ.ឆ.កជាច្រើនរូប ដែលគាំទ្រគម្រោងខាងលើ។ បើតាមការបន្តក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួង បានឱ្យដឹងថា គម្រោងនេះត្រូវបានប៉ាន់ប្រមាណ នឹងមានទុនវិនិយោគរហូតដល់ ១៦ពាន់លានដុល្លារ។
លទ្ធផលកិច្ចប្រជុំបានបញ្ជាក់ថា វិនិយោគទុនចំនួន ១៦ពាន់លានដុល្លារនេះ នឹងប្រែក្លាយតំបន់ក្នុងគម្រោងខាងលើ ដែលជាតំបន់មានសក្ដានុពលធំបំផុតនៅតំបន់ឆ្នេរសមុទ្រកម្ពុជា ព្រមរួមទាំងបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងផ្ដល់ការងារធ្វើជាច្រើនសម្រាប់យុវជន មិនត្រឹមតែប៉ុណ្ណោះ នឹងប្រែក្លាយតំបន់នេះទៅជាតំបន់អភិវឌ្ឍន៍ទេសណ៍បែបគំរូតាមទស្សនទាន «ស្អាត បៃតង ឆ្លាតវៃ»។
គម្រោងត្រូវបានបែងចែកជាតំណាក់កាលដោយត្រូវចាប់ផ្ដើមអនុវត្តនៅដើមឆ្នាំ២០២០ ក្នុងនោះរួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗដូចជា សណ្ឋាគារ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាន អាគារស្នាក់នៅ សាលប្រជុំ សាលសន្និសីទ អាគារស្នាក់នៅរួម មជ្ឈមណ្ឌលពាណិជ្ជកម្មហិរញ្ញវត្ថុ មជ្ឈមណ្ឌលកីឡា ក្នុងនោះដែរក៏មានកីឡាវាយកូនហ្គោលផងដែរ។ បើតាមលទ្ធផលក្នុងកិច្ចប្រជុំគ.អ.ឆ.ក នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែល បានបញ្ជាក់ថា គម្រោងនេះនឹងត្រូវរៀបចំឆ្នេរខ្សាច់ស្អាតពីរកន្លែង ដើម្បីប្រើប្រាស់ជាសាធារណៈ និងសម្រាប់ការអភិវឌ្ឍនៅតំបន់នោះផងដែរ ក៏ដូជាសាធារណជនអាចចេញចូលប្រើប្រាស់តំបន់នោះដែលបច្ចុប្បន្នមិនទាន់មានឆ្នេរខ្សាច់សស្អាតនៅឡើយ។
សូមបញ្ជាក់ថា លទ្ធផលក្នុងកិច្ចប្រជុំគ.អ.ឆ.ក ដដែល បានកំណត់ដីសារធាណៈតាមបណ្ដោយឆ្នេរសមុទ្រប្រវែងយ៉ាងតិច ១១០ម៉ែត្រ និងតាមស្ថានភាពជាក់ស្ដែងនៃភូមិសាស្រ្តតំបន់ឆ្នេរពយជំទាវម៉ៅ ចាប់ពីស្ពានសែនត្រជាក់ចិត្តរហូតដល់ព្រែកមាត់ពាម ភូមិគគីរ ស្ថិតនៅឃុំបិតត្រាំង ស្រុងព្រៃនប់ ខេត្តព្រះសីហនុ ស្របតាមចរាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ០១ សរណន ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្ដីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និងជូន គ.អ.ឆ.ក ខេត្តព្រះសីហនុបោះបង្គោលកំណត់ព្រំដែន ព្រមទាំងលើផ្លាកប៉ាណូផែនទីកំណត់ដីចំណីឆ្នេរសមុទ្រ។ ក្នុងនោះដែរ រៀបចំកែលម្អ និងការពារជារមណីយដ្ឋានឆ្នេរកម្សាន្តកម្រិតខ្ពស់ ស្របតាមសេចក្ដីសម្រេចនៃរាជរដ្ឋាភិបាលលេខ ១៣១ សសរ ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស្ដីពីការដាក់ឱ្យអនុវត្តគោលការណ៍ណែនាំអភិវឌ្ឍរមណីយដ្ឋានឆ្នេរសមុទ្រ។
ដោយ៖ឌីណា