ភ្នំពេញ៖ កិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា បានគាំទ្រលទ្ធផលនៃការសិក្សាបង្កើតតំបន់ទេសចរណ៍ «នាគរាជ» ខេត្តព្រះសីហនុ ស្នើឡើងដោយក្រសួងទេសចរណ៍ ដែលដឹកនាំដោយក្រុមការងារអន្តរក្រសួង ក្នុងការរៀបចំតំបន់ទេសចរណ៍នាគរាជ។ បើតាមសេចក្ដីប្រកាសព័ត៌មាននៃក្រសួងដែនដី។
តំបន់ទេសចរណ៍ «នាគរាជ» ស្ថិតនៅឃុំរាម និងឃុំបិតត្រាំង ស្រុកព្រៃនុប ខេត្តព្រះសីហនុ និងជាប់ជាមួយក្រុងព្រះសីហនុលាតសន្ទឹងលើផ្ទៃដីទំហំប្រមាណ ៣០៨១ហិកតា ដែលជាតំបន់មានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ បើតាមការបន្តនៅក្នុងសេចក្ដីប្រកាសព័ត៌មានក្រសួង បានបញ្ជាក់ថា « ពិសេសការភ្ជាប់ឆ្នេរសមុទ្ររាម ឆ្នេរអូរត្រេះ ឆ្នេរអូឈើទាល ព្រលានយន្តហោះអន្តរជាតិ ដោយមានបណ្ដាយផ្លូវធំៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដែលបាននិងកំពុងអនុវត្តដោយរាជរដ្ឋាភិបាល។»។
ក្រសួងបន្ថែមថា តំបន់ទេសចរណ៍ «នាគរាជ» នឹងក្លាយជាតំបន់ពិសិដ្ឋគំរូមួយក្នុងការអភិវឌ្ឍទេសចរណ៍ និងផ្នែកពាក់ព័ន្ធ ដោយផ្ដល់ផលប្រយោជន៍សេដ្ឋកិច្ច សង្គម ព្រមទាំងចូលរួមសម្រេចចក្ខុវិស័យជាយុទ្ធសាស្រ្តប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់រដ្ឋបាលសេដ្ឋកិច្ចពិសេសពហុបំណងស្របតាមផែនការយុទ្ធសាស្រ្ត ដែលរាជរដ្ឋាភិបាលដាក់ចេញ។
សេចក្ដីប្រកាសដដែលបានបន្ថែមទៀតថា កិច្ចប្រជុំខាងលើបានឱ្យដឹងលទ្ធផល អំពីវឌ្ឍនភាពនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រុងចំនួន ៣៤ខ្សែ ប្រវែសរុប ៨៤គីឡូម៉ែត្រ ក្នុងខេត្តព្រះសីហនុ មកដល់ពេលនេះបានធ្វើគ្រឹះផ្លូវរួច និងចាក់បេតុងបានប្រមាណ ២ភាគរយ នៃផ្ទៃដីសរុបប្រមាណ ១ ៤០០ ០០០មែត្រក្រឡា។ ជាមួយគ្នានេះដែរ ដាក់លូបានប្រមាណ ១០ភាគរយ នៃប្រវែងសរុបប្រមាណ ១៧០ ០០០មែត្រ និងកំពុងជំរុញដើម្បីសម្រេចផែនការឱ្យបានរួចរាល់មុនរដូវភ្លៀង។
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីកម្ម និងសំណង់ និងជាប្រធានគណ:កម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា លោក ជា សុផារ៉ា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា(គ.អ.ឆ.ក) នៅទីស្ដីការក្រសួង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ព្រមទាំងមានការចូលអន្តរក្រសួង និងស្ថាប័នថ្នាក់ក្រោមជាតិ ដែលជាអនុប្រធាន និងជាសមាជិក គ.អ.ឆ.កជាច្រើនរូប៕
ដោយ៖ឌីណា