Register Already an agent ? Login

លោក សាយ សំអាល់៖ រាជរដ្ឋាភិបាលកម្ពុជា កំពុងកសាងខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងកសាងខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដោយ សារតែខេត្តមាត់សមុទ្រមួយនេះពោរពេញដោយសក្តានុពលការទូត សេដ្ឋកិច្ច ទេសចរណ៍។ ហេតុដូច្នេះ បានជារាជរដ្ឋាភិបាលកម្ពុជា បានវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅក្នុងខេត្តនេះដោយអនុញ្ញាតប្រើប្រាស់កញ្ចប់ថវិកាចំនួន ៣០០លានដុល្លារ ដើម្បីស្ថាបនាផ្លូវថ្នល់ចំនួន ៣៤ខ្សែ ប្រវែងជាង ៩០គីឡូម៉ែត្រ រួមនឹងការកសាងប្រព័ន្ធលូទឹកភ្លៀង លូទឹកកខ្វក់ និងការរៀបចំឆ្នេរសមុទ្រឡើងវិញឱ្យមានសោភ័ណភាព។ ជាការលើកឡើងរបស់ ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ លោក សាយ សំអាល់។

រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារខាងលើ លោក សាយ សំអាល់ នៅក្នុងកិច្ចប្រជុំជាមួយក្រុមអាជីវកដែលរកទទួលទាន ក្នុងវិស័យធុរកិច្ច និងសភាពាណិជ្ជកម្មនៅខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ខែកុម្ភៈ នេះ សូមឱ្យមានការពង្រឹងផលិតភាពរបស់ខ្លួន និងអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្សាន្តនៅឆ្នេរសមុទ្រកម្ពុជា និងកន្លែងទេសចរណ៍ផ្សេងទៀតនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះឱ្យកាន់តែច្រើនឡើង។

យើងទាំងអស់គ្នាត្រូវរួមគ្នាបន្តកសាងកេរ្តិ៍ឈ្មោះ និងសក្តានុពលរបស់ខេត្តព្រះសីហនុបន្ថែមទៀត ព្រមទាំងបង្កើនការផ្សព្វផ្សាយទៅកាន់ពិភពលោកដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តដោយខិតខំជួយផ្សព្វផ្សាយ បង្កើនការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ និងបង្ហាញពីទំនុកចិត្តដល់ភ្ញៀវទេសចរទាំងផ្នែកសេវាកម្ម បដិសណ្ឋារកិច្ច និងផាសុកភាពរបស់ភ្ញៀវទេសចរ។ជាការសង្កត់ធ្ងន់របស់ ប្រធានក្រុមការងាររដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ។

លោក សាយ សំអាល់ បានបន្ថែមថា ច្នេះសូមបងប្អូនពង្រឹងសេវាកម្មរបស់ខ្លួនឱ្យបានល្អដោយចូលរួមអនុវត្តស្តង់ដារអាស៊ាន ព្រោះយើងចង់ឱ្យខេត្តព្រះសីហនុជាទិសដៅទេសចរណ៍សម្រាប់ប្រជាជននៃសមាគមប្រជាជាតិអាស៊ានដែលអាចមកលម្ហែរកាយនៅថ្ងៃចុងសបា្តហ៍របស់ពួកគេ។ លោក ថា យើងទាំងអស់គ្នាត្រូវរួម សាមគ្គីគ្នាផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់ខេត្តព្រះសីហនុ និងជំរុញវិស័យទេសចរណ៍ក្នុងស្រុក និងបង្កើតផលិតផលថ្មីៗ ហើយវិស័យរដ្ឋនិងឯកជនអាចរួមសហការគ្នាដើម្បីបង្កើតសារសំខាន់ និងព្រឹត្តិការណ៍ទេសចរណ៍ផ្សេងៗដើម្បីទាក់ទាញទាំងភ្ញៀវទេសចរជាតិ-អន្តរជាតិមកទស្សនាកម្សាន្ត។

នៅក្នុងកិច្ចប្រជុំខាងលើ សភាពាណិជ្ជកម្ម ខេត្តព្រះសីហនុ តំណាងឱ្យអ្នកប្រកបអាជីវកម្មនៅខេត្តព្រះសីហនុក៏បាននាំយកនូវសំណើមួយចំនួនដើម្បីអាជ្ញាធរ ខេត្តនិងរាជរដ្ឋាភិបាលជួយដំណោះស្រាយ។ ចំពោះសំណើដែល បានលើកឡើងត្រូវបាន ប្រធានក្រុមការងារ ទទួលយកមកពិនិត្យ និងជួយដោះស្រាយ។ បើតាមក្រសួងបរិស្ថាន។

ក្រសួងបានបន្តថា លោក សាយ សំអាល់ បានស្នើដល់អាជីវករនិងប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាសូមផ្តល់បញ្ជីបញ្ហាដែលជួបប្រទះដើម្បីងាយស្រួលដោះស្រាយ និងបានបញ្ជាក់ថា៖ «យើងខ្ញុំនឹងខិតខំប្រឹងប្រែងជួយដោះស្រាយក្តីកង្វល់របស់ បងប្អូនឱ្យអស់លទ្ធភាព ព្រោះយើងខ្ញុំជាអ្នកបម្រើបងប្អូនប្រជាពលរដ្ឋ៕

ដោយ៖ឌីណា