Register Already an agent ? Login

ក្រសួងបរិស្ថានគ្រប់គ្រងផ្ទៃដីតំបន់ការពារប្រមាណ ៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា ស្មើនឹងប្រមាណ ៧,២លានហិកតា

ភ្នំពេញ៖  មកទល់បច្ចុប្បន្ន រាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារ ធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន រហូតដល់ប្រមាណ ៤១ភាគរយនៃផ្ទៃដីប្រទេសកម្ពុជា គឺស្មើនឹងប្រមាណ ៧,២លានហិកតា។ បើតាមការឱ្យដឹងពី លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានបញ្ជាក់ «ព្រៃឈើគ្របដណ្តប់ប្រមាណ ៥០ភាគរយ នៃផ្ទៃប្រទេស ដែលជាអត្រាខ្ពស់ បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍»។

ព្រៃឡង់ត្រូវបានរាជរដ្ឋាភិបាលបង្កើតជាដែនជម្រកសត្វព្រៃព្រៃឡង់នៅឆ្នាំ២០១៦ ស្ថិតនៅក្រោមសមត្ថកិច្ចគ្រប់គ្រង និងអភិរក្សរបស់ក្រសួងបរិស្ថាន មានទំហំផ្ទៃដីសរុបជាង ៤៣ម៉ឺនហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តចំនួន ៤ គឺខេត្តស្ទឹងត្រែង ព្រះវិហារ កំពង់ធំ និងខេត្តក្រចេះ។ ជាការន្ថែមរបស់ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បានរម្លឹកថា កាលពីឆ្នាំ២០១៩ ក្រសួងបរិស្ថានបានប្រកាសទទួលស្គាល់សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩ ដែលមានសិទ្ធិស្របច្បាប់ចូលរួមសកម្មភាពការពារនិងអភរិក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃដ៏មានសារ:សំខាន់នេះ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បញ្ជាក់ ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិនេះ គឺជាការធ្វើប្រជាធិបតេយ្យក្នុងការចែករំលែកការគ្រប់គ្រង និងការទទួលខុសត្រូវជូនប្រជាសហគមន៍មូលដ្ឋានលើការគ្រប់គ្រងតំបន់ការពារធម្មជាតិ ក៏ដូចជាដើម្បីអនុញ្ញាតឱ្យប្រជាសហគមន៍មានសិទ្ធិក្នុងការប្រើប្រាស់និងអាស្រ័យផលធនធានធម្មជាតិស្របតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ និងចូលរួមការពារនិងអភិរក្សធនធានធម្មជាតិឱ្យបានគង់វង្ស។

អាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រង និងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរ កម្ពុជាបានលក់ឥណទានកាបូននៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ដែនជម្រកសត្វព្រៃសត្វព្រៃតាតៃ ក្នុងខេត្តកោះកុង និងដែនជម្រកសត្វព្រៃកែវសីម៉ា ក្នុងខេត្តមណ្ឌលគិរីក្នុងក្របខណ្ឌទីផ្សារ ស្ម័គ្រចិត្ត ដោយទទួលបានថវិកាសរុបប្រមាណ ១១,៦ លានដុល្លារអាមេរិក។ ជាការបន្ថែមទៀតរបស់ អ្នកនាំពាក្យក្រសួងដដែល លោក ថា ក្រុមការងារបច្ចេកទេសក៏បាននិងកំពុងសិក្សាបន្ថែមលើទិន្នន័យការបូននៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ហើយជាមួយវិធានការ និងការពារបានល្អប្រសើរ កម្ពុជារំពឹងថានឹងអាចលក់ឥណទានកាបូនក្នុងពេលឆាប់ៗពីដែនជម្រកសត្វព្រៃព្រៃឡង់។

លោក រដ្ឋលេខាធិការក្រសួងដដែល បានបញ្ជាក់ទៀតថា កាលដែលកម្ពុជាអាចលក់ឥណទានកាបូនក្នុងទីផ្សារស្ម័គ្រចិត្តបាន នេះគឺបង្ហាញយ៉ាងច្បាស់ពីប្រសិទ្ធភាពនៃការការពារនិងអភិរក្សដ៏ប្រសើរលើធនធានធម្មជាតិ ព្រៃឈើដែលមាន និងបង្កើនទំនុកចិត្តកាន់តែខ្លាំងថែមទៀតចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធក្នុងការថែរក្សាធនធានធម្មជាតិប្រកបដោយប្រសិទ្ធភាព បទល្មើសធនធានធម្មជាតិ ទាំងឡាយត្រូវបានបង្ក្រាបទាន់ពេលវេលា។ គួរបញ្ជាក់ថាប្រទេសកម្ពុជាមានធនធានធម្មជាតិ និងជីវៈចម្រុះដ៏សំបូរបែប។

លោក បន្ថែមទៀតថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជាខិតខំធ្វើយ៉ាងណាប្រឹងការពារឱ្យមាន ប្រសិទ្ធភាពចំពោះតំបន់ការពារធម្មជាតិដែលយើងមាន ដើម្បីរក្សាបានឈើឈរ និងលក់ឥណទានកាបូន៕

ដោយ៖ឌីណា