Register Already an agent ? Login

អឺរ៉ុបព្យួរជាបណ្តោះអាសន្ននូវទំនិញកម្ពុជា ៤០មុខ ប៉ុន្តែទំនិញជាង ៩ពាន់មុខនៅតែទទួល បានភាពអនុគ្រោះពន្ធ

ភ្នំពេញ៖ ទំនិញចំនួន៤០ មុខនៃបន្ទាត់ពន្ធ ៦ខ្ទង់ ដែលផលិតនៅកម្ពុជា មានសមត្ថភាពប្រកួតប្រជែង ដែលអ្នកនាំចេញកម្ពុជាមានលទ្ធភាពអាចបង់ពន្ធនាំចេញ ទៅកាន់ទីផ្សារអឺរ៉ុប។ ទន្ទឹមនោះ នៅសល់មុខទំនិញជាង ៩,០០០ មុខទៀត នៅតែទទួល បានភាពអនុគ្រោះពីសហភាពអឺរ៉ុបក្រោមប្រព័ន្ធគ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA) ក្នុងគោលបំណងបន្ត ជួយដល់កម្ពុជាក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច រក្សាការងារ និងប្រភពចំណូលជូនកម្មករ-កម្មការិនី និងក្រុមគ្រួសារ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មថ្ងៃទី១៣ ខែកុម្ភៈ នេះ។

ក្រសួងពាណិជ្ជកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ក្រសួងពាណិជ្ជកម្មបានទទួលលិខិតលេខ Ares (2020) 868510 ចុះថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ របស់គណៈកម្មការអឺរ៉ុប (European Commission) តាមរយៈស្ថានទូតសហភាពអឺរ៉ុបប្រចាំ នៅកម្ពុជា ជូនដំណឹងអំពីនីតិវិធីនៃការព្យួរជាបណ្តោះអាសន្ននូវសម្បទានពន្ធ ចំពោះមុខទំនិញ មួយចំនួនក្រោមក្របខ័ណ្ឌអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ (EBA)»។

ក្រសួងបានបន្តថា តាមនីតិវិធីនៃបទប្បញ្ញត្តិស្ដីពីក្របខ័ណ្ឌអនុគ្រោះពន្ធទូទៅរបស់សហភាពអឺរ៉ុប មុខទំនិញដែលបានស្នើសុំព្យួរ សម្បទានពន្ធជាបណ្ដោះអាសន្នចំនួន ៤០មុខខាងលើ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាអឺរ៉ុប និងសភាអឺរ៉ុប ពិនិត្យលើទម្រង់ និងគតិច្បាប់ ដែលត្រូវប្រើពេលវេលាប្រមាណ ២ខែជាបន្តទៀត ចាប់ពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០។ ក្នុងន័យនេះ សភាអឺរ៉ុបមានសិទ្ធិជំទាស់ទៅនឹងសេចក្ដីស្នើច្បាប់សុំព្យួរជាបណ្ដោះអាសន្នរបស់គណៈកម្មការអឺរ៉ុប។ ក្នុងករណីចាំបាច់ សភាអឺរ៉ុបអាចប្រើពេលវេលា ២ខែបន្ថែមទៀត ដើម្បីពិចារណា។

តាមការពិគ្រោះយោបល់ជាមួយតំណាងរោងចក្រដែលកំពុងផលិត និងនាំចេញផលិតផលទាំង ៤០មុខ ទៅកាន់ទីផ្សារអឺរ៉ុប ឃើញថា បើមានការសម្រេចឱ្យព្យួរសម្បទានពន្ធជាបណ្ដោះ​អាសន្ននៅចុងឆ្នាំ២០២០ មែននោះ បណ្ដារោងចក្រទាំងនោះ នៅតែមានលទ្ធភាពបន្តផលិតកម្មនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអឺរ៉ុបដដែល ដោយសារ រាជរដ្ឋាភិបាលបាននឹងកំពុងអនុវត្តនូវកំណែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិកា រវាងរាជរដ្ឋាភិបាល និងវិស័យឯកជន កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩។ ជាកាអះអាងពីក្រសួងពាណិជ្ជកម្ម នៅក្នុងសេចក្ដីប្រព័ត៌មានដដែល៕

ដោយ៖ឌីណា