Register Already an agent ? Login

ជប៉ុនមានគម្រោងវិនិយោគនៅកម្ពុជាចំនួន ១៣៧ ក្នុងទំហំទឹកប្រាក់ប្រមាណ ២,៥ពាន់លានដុល្លារ

ភ្នំពេញ៖ គម្រោងវិនិយោគរបស់ជប៉ុននៅកម្ពុជាមានចំនួន ១៣៧គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២,៥ ពាន់លានដុល្លារ ផ្តោតសំខាន់លើផលិតផលគ្រឿងបង្គុំអគ្គីសនី និងអេឡិចត្រូនិក គ្រឿងបង្គុំរថយន្ត និងបរិក្ខារបច្ចេក ទេសកសិ-ឧស្សាហកម្ម ការកែច្នៃម្ហូបអាហារ សណ្ឋាគារ ទេសចរណ៍ មន្ទីរពេទ្យ និងផ្សារទំនើប។ តាមការឱ្យដឹងពី លោក ប៊ុន ចន្ធី អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

ការលើកឡើងរបស់ លោក ប៊ុន ចន្ធី នៅក្នុងសិក្ខាសាលាស្តីពី «ការនាំចេញផលិតផលសក្តានុពលលើវិស័យវាយនភ័ណ្ឌ និងសម្លៀកបំពាក់ពីកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ទៅកាន់ទីផ្សារជប៉ុន និងខ្សែសង្វាក់សាកលនៃឧស្សាហកម្មវាយនភ័ណ្ឌ» (Export Potential from Cambodia, Lao PDR, Myanmar and Viet Nam (CLMV) to Japan and Global Value Chain in the Textile and Clothing Industry) កាលពីថ្ងៃទី១៣ ខែកុម្ភៈ នេះ នៅសណ្ឋាគារសុខាភ្នំពេញ ដែលតំណាងឱ្យ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម។

អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងបន្តថា ពីទំហំពាណិជ្ជកម្មទ្វេភាគីជាមួយជប៉ុន នៅឆ្នាំ២០១៨ មានទឹកប្រាក់ប្រមាណ ១,៥៨៨លានដុល្លារ ក្នុងនោះ កម្ពុជាបាននាំចេញទៅជប៉ុននូវទំនិញសក្តានុពលមួយចំនួន ដូចជា សម្លៀកបំពាក់ ស្បែកជើង ខ្សែអ៊ីសូឡង់ និងបរិក្ខាអគ្គីសនី។ល។ លោក បន្ថែមថា ការអភិវឌ្ឍនៃប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញជាបន្តនូវការអនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដើម្បីពង្រឹង និងជំរុញកំណើនសេដ្ឋកិច្ចរវាងប្រទេស ទាំងពីរឱ្យមានប្រៀបលើការប្រកួតប្រជែងក្នុងរបត់ទីផ្សារពិភពលោក ដែលកំពុងធ្វើបដិវត្តន៍ឌីជីថល ៤.០។

នៅក្នុងសិក្ខាសាលានេះដែរ លោក BANDO Shunsuke ប្រធានផ្នែកស្រាវជ្រាវ និងវិភាគគោលនយោបាយ នៃមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន បានថ្លែងថា​ ប្រទេសកម្ពុជាមានទីតាំងភូមិសាស្រ្តស្ថិតនៅកណ្តាលនៃតំបន់អាស៊ាន ដោយមានអំណោយផលដល់ការវិនិយោគ ព្រមទាំងមានការរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធទន់ និងរឹង ក្នុងការជំរុញឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ច វិនិយោគពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម។

សិក្ខាសាលានេះនឹងផ្តល់ឱកាសដល់សិក្ខាកាម បានយល់ដឹងអំពីបញ្ហាប្រឈម និងឱកាសវិនិយោគនៃឧស្សាហកម្មវាយនភ័ណ្ឌនៅ CLMV ទៅកាន់ប្រទេសជប៉ុនឱ្យកាន់តែល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដើម្បីបង្កើននូវខ្សែសង្វាក់ផលិតកម្មនាំចេញទៅប្រទេសជប៉ុន ក្នុងបរិយាកាសចែករំលែកព័ត៌មាន និងជំនួបពិភាក្សា សម្រាប់ស្វែងរកនូវយុទ្ធសាស្រ្តល្អៗក្នុងចំណោមប្រទេស CLMV។ ជាការថ្លែងបន្តរបស់ លោក BANDO Shunsuke។

គូសបញ្ជាក់ថា សិក្ខាសាលានេះសហការរៀបចំឡើងរវាងក្រសួងពាណិជ្ជកម្ម និងមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន ក្នុងគោលបំណងផ្តល់នូវចំណេះដឹង និងស្វែងយល់ពីអត្ថប្រយោជន៍នៃខ្សែសង្វាក់ជាសាកលនៃឧស្សាហកម្មវាយនភ័ណ្ឌ និងការប្រកួតប្រជែងផលិតផលនាំចេញរបស់ប្រទេស CLMV ទៅកាន់ទីផ្សារជប៉ុន ក៏ដូចជាស្វែងយល់ពីនិន្នាការទីផ្សារនាពេលបច្ចុប្បន្ន នៃវិស័យវាយនភ័ណ្ឌនៅជប៉ុន ដែលមានការចូលរួមពីវាគ្មិនជាតិ-អន្តរជាតិ ចែកជូននូវបទបង្ហាញដ៏មានសារៈសំខាន់ដល់សិក្ខាកាមសរុបជាង ៩០នាក់៕

ដោយ៖ឌីណា