Register Already an agent ? Login

លោក ប៉ាន សូរស័ក្ដិ លើកទឹកចិត្ត និងអំពាវនាវឱ្យធុរជនថៃពិនិត្យ និងមកវិនិយោគឱ្យបានច្រើនឡើងនៅប្រទេសកម្ពុជា

ភ្នំពេញនៅក្នុងសិក្ខាសាលាស្ដីពី «បញ្ហាប្រឈមនៃកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា-ថៃ ក្នុងទស្សវត្សឆ្នាំ២០២០» ដែលរៀបចំដោយក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា (Thailand-Cambodia Business Council) នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី១១ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្ត និងអំពាវនាវឱ្យធុរជនថៃពិនិត្យ និងមកធ្វើវិនិយោគឱ្យបានរឹតតែច្រើនឡើងនៅប្រទេសកម្ពុជា។

នៅក្នុងសិក្ខាសាលាខាងលើ លោក រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានប្រាប់អំពីគោលនយោបាយលើកទឹកចិត្តជាច្រើនរបស់កម្ពុជា រួមទាំងវិធានការថ្មីៗដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីសម្រួលបន្ថែមទៀតនូវបរិយាកាសធុរកិច្ច និងវិនិយោគ កាត់បន្ថយចំណាយប្រតិបត្តិការមួយចំនួន និងកសាងរចនាសម្ព័ន្ធចាំបាច់សម្រាប់ធុរកិច្ច រួមមានថាមពល ហិរញ្ញវត្ថុ លិខិតបទដ្ឋានគតិយុត្ត ។ល។

«សម្រាប់គោលដៅវិនិយោគនៅកម្ពុជា វិស័យមានសក្ដានុពលរួមមានកសិ-ឧស្សាហកម្ម កែច្នៃ កម្មន្ដសាល ទេសចរណ៍ បដិសណ្ឋារកិច្ច និងវិស័យមួយចំនួនទៀត ដែលក្រុមហ៊ុនថៃមានបទពិសោធន៍ និងជំនាញខ្ពស់។» ជាការបញ្ជាក់របស់ លោក ប៉ាន សូរស័កិ្ក បន្ថែមថា ចំពោះក្រសួងពាណិជ្ជកម្មផ្ទាល់ ក៏មានយុទ្ធសាស្ត្រសមាហរណកម្មពាណិជ្ជកម្មកម្ពុជា ២០១៩-២០២៣ ដែលសង្កត់ធ្ងន់លើការពង្រឹងភាពប្រកួតប្រជែងរបស់កម្ពុជា និងទាញយកប្រយោជន៍ពីប្រភពនៃកំណើនថ្មីរួមទាំងបដិវត្តឧស្សាហកម្មទី៤ ជាដើម។

លោក រដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនថៃ តាមរយៈក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា ចូលរួមឱ្យបានពេញលេញនៅក្នុងវេទិការដ្ឋាភិបាល និងវិស័យឯកជន ក្រោមអធីបតីភាព សម្តេច នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលត្រៀមនឹងប្រារព្ធធ្វើនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២០ ខាងមុខនេះ ដើម្បីលើកជាកង្វល់ និងបញ្ហាប្រឈមនានា។

នៅក្នុងសិក្ខាសាលាដដែល រដ្ឋមន្រ្តីជាន់ខ្ពស់កម្ពុជា បានប្រាប់ឱ្យដឹងអំពីវឌ្ឍនភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅកម្ពុជា ជាពិសេសកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុងរង្វង់ ៧,១ភាគរយ ក្នុងរយៈពេលពីរទស្សវត្សចុងក្រោយ ការកើនឡើងនៃចំណូលជាមធ្យមរបស់ប្រជាជនកម្ពុជា ក៏ដូចជាកំណើនដ៏ឆាប់រហ័សនៃការវិនិយោគដោយផ្ទាល់ពីបរទេស ក្នុងនោះរួមមានការវិនិយោគដោយក្រុមហ៊ុនថៃផងដែរ។

ដើម្បីពង្រីកកំណើន និងទាក់ទាញការវិនិយោគបន្ថែមទៀត រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រជាច្រើន រួមមានយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលសង្កត់ធ្ងន់លើការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ច វិនិយោគ និងអភិវឌ្ឍន៍ ក៏ដូចជាពង្រឹងសមត្ថភាពរបស់កម្ពុជា ក្នុងការជំរុញសមាហរណកម្មទៅក្នុងសេដ្ឋកិច្ចតំបន់ និងពិភពលោក ជាពិសេសគាំទ្រដល់ទីផ្សារដែលមានស្រាប់។ ជាការន្ថែមទៀតរបស់ លោក ប៉ាន សូរស័កិ្ក។

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជាបានលើកទឡ្លីករណ៍ថា ក្នុងពេលតែមួយបង្កើតទីផ្សារថ្មី ពង្រឹងមូលដ្ឋាននាំចេញតាមរយៈការរៀបចំកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សម្រាប់ជាប្រភពនៃកំណើនដោយចីរភាព ដោយកាត់បន្ថយការពឹងផ្អែកលើការផ្ដល់នូវភាពអនុគ្រោះពន្ធគយជាឯកតោភាគី។ លោក ថា ជាមួយនោះផងដែរ តាមរយៈគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម ២០១៥-២០២៥ រាជរដ្ឋាភិបាលក៏មានគោលដៅជាស្រេចក្នុងការប្រែក្លាយឧស្សាហកម្មកម្ពុជាពីការពឹកផ្អែកលើពលកម្មគ្មានជំនាញ មកជាឧស្សាហកម្មដែលមានជំនាញខ្ពស់នៅឆ្នាំ២០២៥។

សូមបញ្ជាក់ថា សិក្ខាសាលានេះមានការចូលរួមពីធុរជនថៃចំនួនប្រមាណ ៤០០នាក់ មកពីក្រុមហ៊ុនធំៗរបស់ថៃជាច្រើនក្រុមហ៊ុន។

គូសបញ្ជាក់ថាក្នុងឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំ ៩ ប៊ីលានដុល្លារអាមេរិក៕

ដោយ៖ឌីណា