ភ្នំពេញ៖ នៅឆ្នាំ២០២០ កម្ពុជាចង់បានស្ពាននិមិត្តរូបនៃមិត្តភាពរវាងកម្ពុជានិងកូរ៉េ ដែលជាស្ពានតម្រូវការចាំបាច់បំផុតមួយសម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនិងអាជីវករពីរាជធានីភ្នំពេញឆ្ពោះទៅកាន់តំបន់អរិយក្សត្រនិងឆ្ពោះទៅតាមបណ្តាតំបន់និងខេត្តផ្សេងៗមួយចំនួនទៀតនៅត្រើយម្ខាងនៃទន្លេមេគង្គ។ ទន្ទឹមនឹងនេះដែរ កម្ពុជាសូមអរគុណមិត្តកូរ៉េចំពោះជំនួយហិរញ្ញប្បទានប្រមាណ ៧០០លានដុល្លារអាមេរិក ដើម្បីចូលរួមជួយកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅកម្ពុជាចាប់ពីឆ្នាំ២០១៩ ដល់២០២៣។ បើតាមទំព័រហ្វេសផ្លូវការសម្ដេច ហ៊ុន សែន ថ្ងៃទី១១ ខែកុម្ភៈ នេះ។
នៅក្នុងទំព័រហ្វេសប៊ុក សម្ដេច បានបន្តថា កន្លងមកនេះកម្ពុជាយើងក៏បានទទួលនូវជំនួយក្នុងការកសាងស្ពានមិត្តភាពធំៗមួយចំនួន ដូចជាស្ពានមិត្តភាពកម្ពុជា-ចិន និងស្ពានមិត្តភាពកម្ពុជា-ជប៉ុនជាដើម។
តើពលរដ្ឋកម្ពុជាមានគំនិតយោបល់យ៉ាងណាដែរ ចំពោះសំណើរទៅមិត្តកូរ៉េក្នុងការជួយកសាងស្ពានមិត្តភាពឆ្លងកាត់ទន្លេមេគង្គឆ្ពោះទៅកាន់តំបន់អរិយក្សត្រនៅឆ្នាំ ២០២០នេះ? នេះជាសំណួរ របស់ នាយករដ្ឋមន្រ្តីកម្ពុជា ដែលបានចោទសួរក្នុងទំព័ហ្វេសប៊ុកដដែល៕
ដោយ៖ឌីណា