Register Already an agent ? Login

កម្ពុជា-ជប៉ុនពង្រីក កិច្ចសហប្រតិបត្តិការក្នុងការរៀបចំផែនការមេសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជា

ភ្នំពេញ៖ កិច្ចសហប្រតិបត្តិកម្ពុជា-ជប៉ុន មិនមែនត្រឹមតែអ្នកវិនិយោគវិស័យឯកជន និងឯកជនប៉ុណ្ណោះ ឬជាមួយស្ថាប័នជាតិនោះទេ ជាមួយគ្នានេះដែរ ស្ថាប័នជាតិប្រទេសទាំងពីរ បានពង្រីកកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំផែនការមេសម្រាប់ការវិនិយោគរបស់ជប៉ុននៅកម្ពុជាផងដែរ ក៏ដូចជាមានការពិភាក្សា និងសិក្សាអំពីផែនការមេក្នុងការពង្រីក និងពង្រឹងវិនិយោគកំពង់ផែក្រុងព្រះសីហនុ។ ក្នុងនោះដែរ ដូចជាការចូលរួមចំណែករបស់ជប៉ុនក្នុងការតាក់តែងច្បាប់សំណង់ និងរៀបចំបទដ្ឋានគតិយុត្តជាបន្តបន្ទាប់។ ជាការលើកឡើងរបស់ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមី ម៉ាសាហ៊ីរ៉ូ នៅក្នុងជំនួបជាមួយ​ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ នេះ នៅវិមានសន្តិភាព។

 នៅក្នុងជំនួបខាងលើ លោក ទូត បានបន្តថា ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាតិនៃប្រទេសទាំងពីរ ជប៉ុនកំពុងតែ សហការជាមួយក្រសួងរ៉ែ និងថាមពល លើវិស័យអគ្គិសនីដោយបានពិភាក្សាជាមួយ លោក ស៊ុយ សែម ម្តងរួចមកហើយ និងបន្តពិភាក្សាម្ដងទៀត ដើម្បីធ្វើយ៉ាងណាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យអគ្គិសនី។

នៅក្នុងជំនួបនេះ សម្ដេច ហ៊ុន សែន បានថ្លែងអំណរគុណ លោកទូតជប៉ុន ចំពោះការវាយតម្លៃ នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន។ សម្ដេច បានមានប្រសាសន៍ថា កម្ពុជានឹងបន្តធ្វើយ៉ាងណាសម្របសម្រួលធ្វើឱ្យអ្នកវិនិយោគជប៉ុន មកវិនិយោគនៅកម្ពុជាទទួលបានជោគជ័យ។ ទាក់ទងជាមួយនឹងអគ្គិសនី សម្ដេច ឱ្យដឹងថា ជាអាទិ៍នៅខែកុម្ភៈនេះ កម្ពុជាបានបន្ថយតម្លៃអគ្គិសនីចំនួនមួយសេន ក្នុងមួយគីឡូវ៉ាត់ ហើយកម្ពុជានឹងបន្តធ្វើយ៉ាងណា ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត លើការដឹកជញ្ជូនជាដើម ដើម្បីឱ្យការវិនិយោគមានការទាក់ទាញកាន់តែខ្លាំងឡើង។

ស្ថិតក្នុងបរិយាកាសនោះដែរ សម្ដេចនាយរដ្ឋមន្រ្តី បានថ្លែងអំណរគុណ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជា និងបន្តជួយដល់កម្ពុជាលើវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ក៏ដូចជារៀបចំជួយដល់កម្ពុជា ធ្វើយ៉ាងណាឱ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំអាស៊ាន នាពេលខាងមុខ ឱ្យទទួលបានជោគជ័យ។ ព្រមទាំងជំនួយរបស់ជប៉ុន ដល់ការតាក់តែងច្បាប់សំណង់ផងដែរ។ ជាមួយគ្នានេះ សម្ដេច បានស្នើសុំឱ្យជប៉ុនបន្តជួយដល់កម្ពុជាធ្វើយ៉ាងណាពង្រឹងបទដ្ឋានគតិយុត្តក៏ដូចជាធ្វើការត្រួតពិនិត្យលើសំណង់ទាំងឡាយដែលកម្ពុជាបាននឹងកំពុងសាងសង់ដើម្បីឱ្យវិស័យនេះមានការរឹងមាំ។

ពាក់ព័ន្ធនឹងកំពង់ផែក្រុងព្រះសីហនុ ដែលជប៉ុនកំពុងតែរៀបចំជួយសហការធ្វើផែនការមេនេះ សម្ដេចបញ្ជាក់ថា «កំពង់ផែក្រុងព្រះសីហនុ មានសារៈសំខាន់ណាស់ គឺជាកំពង់ផែតែមួយគត់ដែលទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិកម្ពុជា»។

ដោយឡែក ពាក់ព័ន្ធទៅនឹងការប្រមូលសំរាម ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសេដ្ឋកិច្ចកំពុងតែដាក់ការប្រមូលសំរាមនេះស្ថិតនៅក្នុងអន្តរកាល ព្រោះថាក្រុមហ៊ុនចាស់ពុំអាចទទួលការងារនេះបានទៀតទេ ដោយសារទីក្រុងភ្នំពេញមានការរីកធំ ពីប្រមាណ៣០០គីឡូម៉ែត្រការ៉េ ទៅ ៦០០គីឡូម៉ែត្រការ៉េ។ សម្ដេច បញ្ជាក់ទៀតថា នៅពេលដ៏ខ្លីខាងមុខនេះ ស្ថាប័នទាំងពីរខាងល នឹងដាក់ឱ្យដេញថ្លៃ ដូច្នេះក្រុមហ៊ុនជប៉ុន ដែលមានចំណាប់អារម្មណ៍ គប្បីចូលដេញថ្លៃ ដើម្បីជួយដល់ការប្រមូលសំរាមនេះ។

ទាក់ទងទៅនឹងសំរាមនេះដែរ លោក ទូតជប៉ុន បញ្ជាក់ថា ជប៉ុនកំពុងយកចិត្តទុកដាក់ បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ហើយនៅពេលនេះក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាសំរាមតែម្ដង ដែលសំរាមនេះគឺជាកត្តាចាំបាច់។ លោក បានបានឱ្យដឹងថា ជប៉ុនក៏មានក្រុមហ៊ុនចំនួន៣ ដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា ដូច្នេះក្រុមហ៊ុនទាំងនេះនឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា។

ឯកអគ្គរាជទូតជប៉ុន លោក មីកាមី ម៉ាសាហ៊ីរ៉ូ ដែលទើបតែបានបំពេញបេសកម្មនៅកម្ពុជាបានកន្លះឆ្នាំនៅកម្ពុជា បាន វាយតម្លៃចំពោះការរីកចម្រើនរបស់កម្ពុជា ជាពិសេសលើវិស័យសេដ្ឋកិច្ច។ លោក ថា ពិតជាមានសេចក្តីរីករាយ និងពិតជាមានមោទនភាពយ៉ាងខ្លាំងដែលជប៉ុនបានចូលរួមចំណែកក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសស កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា៕

ដោយ៖ឌីណា