Register Already an agent ? Login

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ លើផ្ទៃដីទំហំ ២១៧,៣១ហិកតា ស្រុកបុទុមសាគរ ខេត្តកោះកុង ត្រូវបានអន្តរក្រសួងគាំទ្រ

ភ្នំពេញ៖ គម្រោងសាងសង់អាកាសយាន​ដ្ឋានអន្តរជាតិតារាសាគរ លើផ្ទៃដីទំហំ ២១៧,៣១ហិកតា ដែលមានទីតាំងភូមិសាស្ត្រស្ថិតនៅក្នុងឃុំតានូន ស្រុកបុទុមសាគរ ខេត្តកោះកុង របស់ក្រុមហ៊ុន យូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី ដែលបានសិក្សា និងរៀបចំរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថានដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី&អេ ខនសាល់ធេន ត្រូវបានអន្តរក្រសួងគាំទ្រ។ បើតាមការឱ្យដឹងពីក្រសួងបរិស្ថានថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

លោក ស្រ៊ុន ដារិទ្ធ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) សម្រាប់គម្រោងខាងលើ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០។

កិច្ចប្រជុំនេះក៏មានការចូលរួម ​លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង លោក លោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន និងអគ្គលេខាធិការដ្ឋាន​នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្ត/មន្ទីរបរិស្ថានខេត្តកោះកុង តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងក្រុមហ៊ុន ញូញៀន ឌីវេឡុបមេន គ្រុប ខូ អិលធីឌី (ម្ចាស់គម្រោង) និងក្រុមហ៊ុនទីប្រឹក្សា អ៊ី&អេ ខនសាល់ធេន។ បើតាមការបន្តរបស់ក្រសួងបរិស្ថានដដែល។

លទ្ធផល របស់អង្គប្រជុំ​ គាំទ្រលើរបាយការណ៍​វាយតម្លៃ​ហេតុប៉ះពាល់បរិស្ថាន​ និងសង្គមពេញលេញ​ សម្រាប់​គម្រោងបង្កើតអាកាសយានដ្ឋានអន្តរជាតិតារាសាគរ លើផ្ទៃដី ២១៧,៣១ហិកតា។ ជាមួយគ្នានេះដែឬរ ម្ចាស់គម្រោង​ ត្រូវទទួលយកនូវមតិយោបល់របស់អង្គប្រជុំ និងកែសម្រួលរបាយការណ៍នេះ​ ស្របតាមស្មារតីអង្គប្រជុំ ដើម្បីដាក់ជូនក្រសួង ពិនិត្យ​ និងអនុម័ត៕

ដោយ៖ឌីណា