ភ្នំពេញ៖ ក្នុងឆ្នាំ២០២៤ អាកាសយានដ្ឋានអន្តរជាតិទាំង៣របស់កម្ពុជា ទទួលបានអ្នកដំណើរចេញចូលសរុបចំនួន ៦,២៤១,៨៤២នាក់ កើនជាង ២២% ដោយបានទទួលបានជើងហោះហើរសរុបចំនួន ៥៨ ៣៥៤ជើង កើនជាង ១៤% បើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣។ បើតាមការឱ្យដឹងពី លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។
ក្នុងឆ្នាំ២០២៤ ការដឹកជញ្ជូនទំនិញចេញចូលតាមផ្លូវអាកាស មានចំនួនជិត ៨ម៉ឺនតោន កើនឡើង ៤០% បើធៀបទៅនឹងឆ្នាំ២០២៣។ បើតាមការបន្ត លោក ស៊ីន ចាន់សិរីវុត្ថា។
លោក បានបន្តទៀតថា ដោយឡែករយៈពេល២០ថ្ងៃ នៃដើមឆ្នាំ២០២៥នេះ ពោលគឺគិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ អាកាសយានដ្ឋានអន្តរជាតិទាំង៣ ទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស) ជាមធ្យមចំនួន១៨៩ ជើងក្នុង១ថ្ងៃ។
បើតាមអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានបន្ថែមថា មានមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិចំនួន ៣១ក្រុមហ៊ុន កំពុងធ្វើការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិទាំង៣ ជាប្រចាំក្នុងនោះការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ចំនួន១៣១ ជើងក្នុងថ្ងៃ។
ការហោះហើរចេញ-ចូល អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចំនួន ៥២ជើងក្នុងថ្ងៃ និងការហោះហើរចេញ-ចូលអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុចំនួន៦ ជើងក្នុង១ថ្ងៃ។ ជាការបន្ថែមទៀត អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។
នៅឆ្នាំ២០២៤ កម្ពុជាទទួលស្វាគមន៍ទេសចរអន្តរជាតិប្រមាណ ៦.៧លាននាក់ កើន ២២.៩% ធៀបនឹងឆ្នាំ២០២៣។ បើតាម ក្រសួងទេសចរណ៍ បានបន្តថា ដោយឡែកក្នុងវិស័យដឹកជញ្ជូតាមផ្លូវអាកាស(អាកាសចរណ៍) ទើបតែងើបវិញជាលំដាប់បានប្រមាណ ៦៨% ឆ្នាំ២០២៤ តែប៉ុណ្ណោះ បើធៀបទៅនឹងស្ថានភាពមុនវិបត្តិជំងឺកូវីដ-១៩ ២០១៩៕
ដោយ៖ មឿន ឌីណា (Moeun Dyna)