Register Already an agent ? Login

ក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្មរបស់កម្ពុជាជាមួយបណ្តាប្រទេស RCEP ឈានដល់ ៣៤,៥២ពាន់លានដុល្លារ

ភ្នំពេញ៖ របាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ពាណិជ្ជកម្ម​របស់​កម្ពុជា​ជាមួយ​ប្រទេស​ជា​សមាជិក​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ (RCEP) មានចំនួនជាង ៣៤,៥២ពាន់លានដុល្លារ កើន ១៧.៧៣% បើធៀបនឹងឆ្នាំ២០២៣ មានចំនួនជាង ២៩,៣២៣ពាន់លានដុល្លារ។

ការនាំចេញរបស់កម្ពុជា ទៅកាន់តំបន់បណ្ដាប្រទេស RCEP មានចំនួន ៩,៦០ពាន់លានដុល្លារ កើន ១២.៧១% ធៀបនឹងឆ្នាំ២០២៣ មានចំនួន ៨.០៤ពាន់លានដុល្លារ ខណៈ ការនាំចូលមានចំនួន ២៥.៤១ពាន់លានដុល្លារ កើន ១៩.៦២% ធៀបនឹងឆ្នាំ២០២៣ មានចំនួន ២១.២៨ពាន់លានដុល្លារ។

RCEP គឺជាកត្តាជំរុញកំណើនការនាំចេញរយៈពេលវែង និងជាមេដែកដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនមកកាន់ព្រះរាជាណាចក្រ។ បើតាមការលើកឡើង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានបន្តថា ជាមួយនឹងពន្ធអនុគ្រោះដែលត្រូវបានផ្តល់នៅក្រោមកិច្ចព្រមព្រៀង RCEP ការនាំចេញរបស់កម្ពុជាទៅកាន់សមាជិក RCEP ផ្សេងទៀតនឹងបន្តកើនឡើងនៅឆ្នាំនេះ និងលើសពីនេះ។

លោក ប៉ែន សុវិជាតិ បានបន្តទៀតថា RCEP រួមជាមួយនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីផ្សេងទៀត និងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) នឹងជួយកម្ពុជាសម្រេចបាននូវគោលដៅប្រកបដោយមហិច្ឆតារបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP បានជួយបង្កើនការនាំចេញរបស់កម្ពុជា និងពាណិជ្ជកម្មពិភពលោក ក្នុងការរួមចំណែកមួយ សម្រាប់ការនាំចេញ និងនាំចូលនៃបណ្ដាប្រទេស RCEP។ កិច្ចព្រមព្រៀង RCEP បានជួយចូលរួមចំណែកច្រើន នៅក្នុងការជំរុញកំណើននៃការធ្វើធុរកិច្ចរបស់កម្ពុជា ជាមួយនឹងប្រទេស RCEP លើសពីនេះទៀត ក៏រួមចំណែកច្រើន នៅក្នុងការបង្កើនការធ្វើពាណិជ្ជកម្មកម្ពុជាជាមួយនឹងពិភពលោក។

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មធំ នៅក្នុងពិភពលោកដោយមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ៣០ភាគរយ នៃប្រជាជនពិភពលោក និងមានទំហំពាណិជ្ជកម្ម ២៨% នៃទំហំពាណិជ្ជកម្មពិភពលោក។

កាលពីឆ្នាំ២០២៣ កំណើននៃការនាំចេញរបស់កម្ពុជា ទៅកាន់តំបន់បណ្ដាប្រទេស RCEP មានចំនួន ៨,១៧២លានដុល្លារ កើន ២៨.៨៣% ខណៈការនាំចូលមានចំនួន ២១ ២៨៥លានដុល្លារ ថយចុះ ១៣.៧៨%។

សូមរម្លឹកថា ដៃគូពាណិជ្ជកម្មកំពូលទាំងប្រាំរបស់កម្ពុជាក្រោម RCEP គឺចិន វៀតណាម ថៃ ជប៉ុន និងសិង្ហបុរី។ RCEP ចូលជាធរមាននៅឆ្នាំ២០២២ រួមមានប្រទេសអាស៊ីប៉ាស៊ីហ្វិកចំនួន ១៥ប្រទេស រួមមានប្រទេសសមាជិកអាស៊ានចំនួន១០ គឺប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម ហើយដៃគូពាណិជ្ជកម្មចំនួនប្រាំរបស់ពួកគេគឺចិន។ ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងនូវែលសេឡង់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)