Register Already an agent ? Login

របាយការណ៍ស.អ.ក៖កម្ពុជានាំអង្ករចេញទៅកាន់ទីផ្សារអឺរ៉ុប នៅខែមករា ឆ្នាំ២០២០ មានការថយចុះ ២២ភាគរយ ប្រមាណ ៥,២៦៩តោន

ភ្នំពេញ៖ ស្ថានភាពជារួម សគមន៍អឺរ៉ុប នៅតែបន្តឈានមុខគេសម្រាប់ទីផ្សារអង្ករកម្ពុជា ដែលកាន់កាប់ចំណែកដល់ទៅ ៣៧ភាគរយ ខណៈដែលចិនមានចំនួន ៣០ភាគរយ អាស៊ានចំនួន ១១ភាគរយនិងបណ្ដាប្រទេសផ្សេងៗទៀតចំនួន ២២ភាគរយ។ នេះបើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា (ស.អ.ក) ដែលចេញថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២០។

ការនាំចេញអង្ករនេះមានការថយចុះទៅកាន់ អឺរ៉ុប មានចំនួន ២២ភាគរយ ស្មើនឹងបរិមាណចំនួន ៥,២៦៩តោន បើធៀបទៅនឹងរយៈពេលដូចគ្នានៅ ខែមករា ឆ្នាំ២០១៩។  របាយការណ៍ខាងលើបានបន្ត ហើយតាមការសង្កេតជារួម មូលហេតុនៃការថយចុះនេះ បណ្ដាលមកពីការយកពន្ធអង្ករកម្ពុជានាំចូលសគមន៍អឺរ៉ុបនៅឆ្នាំដំបូង ក្នុងអង្ករ១តោនចំនួន ១៧៥អឺរ៉ូ ដោយគិតចាប់ពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៩ មក។

បើទោះបីជាមានការយកពន្ធលើការនាំចូលលើការនាំចូលអង្ករកម្ពុជាក៏ដោយ ក៏ទីផ្សារកម្ពុជាមានស្ថានភាពប្រែប្រួល ដោយប្តូរពីការនាំអង្ករសគ្រាប់វែង អង្ករចំហុយនិងអង្ករក្រអូប ទៅជាអង្ករក្រអូបវិញស្ទើរទាំងស្រុងទៅកាន់ទីផ្សារសហគន៍អឺរ៉ុប ដែលអាចប៉ាន់ប្រមាណថា បរិមាណទឹកប្រាក់ដែលបានពីការនាំអង្ករទៅអឺរ៉ុបមានបរិមាណប្រហាក់ប្រហែលទៅនឹងឆ្នាំ២០១៩។ ជាការបញ្ជាក់របស់ សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្ថែមថា ការនាំចេញអង្កររបស់កម្ពុជា ក្នុងខែមករា ឆ្នាំ២០២០ បានចំនួន ៥០,៤៥០តោន ដែលក្នុងនោះ អង្ករក្រអូប ៩១ភាគរយ ស្មើនឹង ៤៦,០០៦តោន ហើយអង្ករសគ្រាប់វែងមានចំនួន ១៥.៣៩ភាគរយ ស្មើនឹងចំនួន ៩,១៧៥តោន។

របាយការណ៍របស់ ស.អ.ក បានឱ្យដឹងទៀតថា ចំពោះការនាំអង្ករចេញទៅកាន់ប្រទេសចិនក្នុង ខែមករា ឆ្នាំ២០២០បានថយចំនួនចុះផងដែរ ប្រមាណ ២០ភាគរយ ឬ ៣,៦៦៤តោន។ បើសង្កេតជារួមលើមូលដ្ឋាននៃការថយចុះនេះ បណ្ដាលមកពីការប្រារព្ធពិធីចូលឆ្នាំនៅប្រទេសចិនធ្វើ ដែលធ្វើនៅខែមករា ខែមុននេះ ដែលលឿនជាងកាលចូលឆ្នាំចិន នៅឆ្នាំ២០១៩ ដើមខែកុម្ភៈ។ ហេតុនេះហើយបានជាការបញ្ជាទិញ និងដំណើរដឹកជញ្ជូនត្រូវឈប់សម្រាកក្នុងរយៈពេលជាមធ្យមប្រមាណ ១៤ថ្ងៃ។

ចំណែកឯទីផ្សារអាស៊ានវិញ ឃើញថាមានការប្រែប្រួលខ្លះ អាស្រ័យលើប្រទេសជិតខាង ដូចជា ថៃ និងវៀតណាម។ ទន្ទឹមនឹងនេះ ទីផ្សារចម្បងរបស់កម្ពុជា គឺប្រទេសម៉ាឡេស៊ី និងព្រុយណេ ដែលមិនមានការប្រែ​ប្រួលខ្លាំងនោះទេ គឺនៅរក្សាបានស្ថានភាពល្អមានលំនឹងនៅឡើយ។ ជាការបញ្ជាក់បន្ថែមរបស់របាយការណ៍ ស.អ.ក និងបានបន្តទៀតថា រីឯទីផ្សារផ្សេងៗទៀត បានកើនឡើងប្រមាណ ៤០ភាគរយ ក្នុងនោះប្រទេសកាប៉ុង នៅតែបន្តនាំមុខដដែល ខណៈនោះដែរ អូស្រ្តាលីបានបង្កើនល្បឿននាំចូលអង្ករច្រើនពីកម្ពុជាគួរឱ្យកត់សម្គាល់ផងដែរ។

របស់របាយការណ៍ ស.អ.ក ដដែលបានឱ្យដឹងថាទឹកប្រាក់ពីការនាំចេញអង្ករកម្ពុជា ក្នុងខែមករា ឆ្នាំ២០២០ មានប្រមាណ ៣៩លានដុល្លារ៕

ដោយ៖ឌីណា