Register Already an agent ? Login

លោក ស៊ុន ចាន់ថុល៖ ផ្លូវជាតិលេខ២ និងលេខ២២ ជាផ្លូវប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្ដានុពលរបស់កម្ពុជា ត្រូវបានសាងសង់ពង្រីកជា៤គន្លង

ភ្នំពេញ៖ នៅក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំណាត់ផ្លូវជាតិលេខ២ និងលេខ២២ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ជាផ្លូវប៉ូលសេដ្ឋកិច្ច និងទេសចរណ៍ដ៏មានសក្ដានុពលរបស់កម្ពុជា ត្រូវបានបើកការដ្ឋានសាងសង់ពង្រីកជា៤គន្លង។

លោក ស៊ុន ចាន់ថុលាបានថ្លែងបន្តថា បន្ទាប់ពីផ្លូវនេះបានសាងសង់រួចជាស្ថាពរ វានឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើដំណើរ និងប្រព័ន្ធភស្តុភារកម្មរបស់កម្ពុជា សំដៅសម្រួលដល់ការដឹកជញ្ជូនផលិតផល ដំណាំកសិផល និងកសិ-ឧស្សាហកម្មរបស់ក្រុមហ៊ុនវិនិយោគ។

ជាមួយគ្នានេះដែរ បងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ ជាពិសេសតាមរយៈច្រកទ្វារព្រំដែនអន្តរជាតិកម្ពុជា-វៀតណាម (ភ្នំដិន-ទិញបៀន) ប្រកបដោយភាពងាយស្រួល ឆាប់រហ័ស និងចំណាយតិច។ ជាការន្ថែមរបស់ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោកបញ្ជាក់ថា វាក៏អាចជួយកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ ការកកស្ទះចរាចរណ៍ និងជួយសម្រួលដល់ការធ្វើចរាចរណ៍តាមផ្លូវជាតិលេខ៣ មួយកម្រិតផងដែរ។

ដោយប្រទេសមានសន្តិភាព ស្ថិរភាពនយោបាយពេញបរិបូរណ៍ បានធ្វើឱ្យកំណើនវិនិយោគិនបរទេសកាន់តែកើនឡើង កំណើនសេដ្ឋកិច្ចជាតិកាន់តែមាននិរន្តភាព បណ្ដាលឱ្យមធ្យោបាយដឹកជញ្ជូនកាន់តែកើនឡើងយ៉ាងគំហុក ដែលចំបាច់ក្នុងការធ្វើទំនើបកម្ម និងសមាហរណកម្មហេដ្ឋារចនាសម្ព័ន្ធទាំងក្នុង និងក្រៅប្រទេស។ ជាការបន្ថែមទៀត ​របស់ លោក ស៊ុនចាន់ថុល ​នៅក្នុងពិធីខាងលើ។

រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនបានថ្លែងឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងលេខ២២ មានប្រវែងសរុប ៧២,១៧គីឡូម៉ែត្រ ដែលក្នុងនោះកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២,៥៦គីឡូម៉ែត្រ និងផ្លូវជាតិលេខ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩,៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។

ថ្លែងនៅក្នុងពីធីដដែល លោក ស៊ុន ចាន់ថុលបានឱ្យដឹងបន្ថែមទៀតថា ការស្ថាបនាផ្លូវជាតិទាំងពីរខ្សែខាងលើ ចែកចេញជាបីផ្នែក រួមមាន៖ ផ្នែកទី១- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់ផ្លូវប្រសព្វមហាវិថី សម្តេច ហ៊ុនសែន មានប្រវែង ៤,៣៤គីឡូម៉ែត្រ ដែលនឹងត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៥ម៉ែត្រ ចែកចេញជាបួនគន្លង (២គន្លងទៅ ២គន្លងមក) ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ។ ក្នុងនោះ ចិញ្ចើមផ្លូវសងខាងទទឹង ០,៥ម៉ែត្រ ផ្លូវថ្មើរជើងសងខាងទទឹង ២,៥ម៉ែត្រ ប្រព័ន្ធរំដោះទឹក បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

សម្រាប់ ផ្នែកទី២- កំណាត់ផ្លូវជាតិលេខ២ ចាប់ពីផ្លូវប្រសព្វមហាវិថី សម្តេច ហ៊ុនសែន ដល់រង្វង់មូលកួរស្រូវ ប្រវែង ៤,៤១គីឡូម៉ែត្រ ត្រូវពង្រីកទទឹងតួផ្លូវរហូតដល់ ២០,៥០ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC ទទឹង ២០,៥០ម៉ែត្រ មានបួនគន្លង (២គន្លងទៅ ២គន្លងមក) រួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ១៤ម៉ែត្រ និងម៉ូតូទទឹងសរុប ៥ម៉ែត្រ ខ័ណ្ឌដោយរបាំងថ្មពុះចែកទ្រូងផ្លូវ បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោលសុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

ចំណែកឯ ផ្នែកទី៣- កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ចាប់ពីរង្វង់មូលកួរស្រូវ ដល់ផ្លូវបំបែកផ្លូវជាតិលេខ៣ (អង្គតាសោម) ប្រវែង ៦៣,៤២គីឡូម៉ែត្រ ត្រូវពង្រីកទទឹងផ្លូវរហូតដល់ ១៣ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ AC ទទឹង ១៣ម៉ែត្រ ចែកចេញជាពីរគន្លង (១គន្លងទៅ ១គន្លងមក) ក្នុងនោះរួមមាន គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដទទឹងសរុប ៧ម៉ែត្រ និងម៉ូតូទទឹងសរុប ៦ម៉ែត្រ ខ័ណ្ឌដោយគំនូសចែកទ្រូងផ្លូវ សាងសង់ប្រព័ន្ធរំដោះទឹកនៅតាមទីប្រជុំជន បំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ បង្គោល សុវត្ថិភាព និងអំពូលអគ្គិសនីបំភ្លឺផ្លូវ នៅតាមទីប្រជុំជន។

គម្រោងធ្វើឱ្យប្រសើរឡើងវិញនេះគ្រោងចំណាយថវិកា ៥៦,១លានដុល្លារសហរដ្ឋអាមេរិក ដែលជាហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េខាងត្បូង និងថិវកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាការថ្លែងបញ្ជាក់បន្ថែមទៀត របស់ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក ថា គម្រោងនេះ សាងសង់ដោយក្រុមហ៊ុន Hanshin Engineering & Constructions Co., Ltd និងត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Dasan Constructions Co., Ltd, Dong II Engineering Consultants Co., Ltd និង Seoyoung Engineering Co., Ltd Join Venture ប្រើប្រាស់រយៈពេល៣០ខែ គឺពីខែតុលា ឆ្នាំ២០១៩ ដល់ខែមេសា ឆ្នាំ២០២២។

គូសបញ្ជាក់ថា ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំណាត់ផ្លូវជាតិទាំងពីរខ្សែខាលើ សម្ដេច ហ៊ុន សែន បានអញ្ជើញជាអធិបតី ដោយមានការចូលរួមពី លោក ផាក ហ៊ឹងឃ្យុង ឯកអគ្គរដ្ឋទូតកូរ៉េ ប្រចាំកម្ពុជា លោក-លោកស្រីសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ អាជ្ញាធរដែនដី មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ៕

ដោយ៖ឌីណា