Register Already an agent ? Login

សម្ដេច ហ៊ុន សែន ស្នើរដ្ឋាភិបាលកូរ៉េ ជួយសង់ស្ពានពីតំបន់ជ្រោយចង្វារ ទៅស្វាយជ្រុំអរិយក្សត្រ តាមការប៉ាន់ប្រមាណចំណាយប្រាក់ពី ៤០ទៅ ៥០លានដុល្លារ

ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវ លេខ២ និងលេខ២២ ប្រវែងសរុបជាង ៧២គីឡូម៉ែត្រ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ នេះ បានរម្លឹកពីជំនួបរបស់សម្តេចផ្ទាល់ជាមួយលោកប្រធានាធិបតីកូរ៉េខាងត្បូង កាលពីសប្តាហ៍មុន ក្នុងនោះសម្តេចបានស្នើឱ្យមិត្តកូរ៉េពិចារណាក្នុងការសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ ក្នុងប្រទេសកម្ពុជា សំរាប់ទីតាំងដែលតម្រូវចាំបាច់ក្នុងការសាងសង់ស្ពាននៅកម្ពុជានោះ គឺនៅចំនុចពីតំបន់ជ្រោយចង្វារ ទៅស្វាយជ្រុំអរិយក្សត្រដែលកំពុងតែមានតម្រូវការរបស់ប្រជាពលរដ្ឋដែលកំពង់រស់នៅទីនោះ។

នៅក្នុងពិធីខាងលើ សម្ដេច នាយករដ្ឋមន្រ្តី បានថ្លែងបញ្ជាក់ឱ្យដឹងថា ខណៈដែលបច្ចុប្បន្ន យើងមានស្ពានមិត្តភាពកម្ពុជា-ចិន, ស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដែលមាននៅតាមបណ្ដាខេត្តមួយចំនួនរបស់កម្ពុជា។ សម្ដេច ឱ្យវាយតម្លៃឱ្យដឹងថា តាមការប៉ាន់ប្រមានស្ពាននេះអាចចំណាយថវិកាសាងសង់ប្រមាណពី ៤០ទៅ ៥០លានដុល្លារ បើកម្ពុជាទទួលបានស្ពាននេះមួយទៀត គឺពិតជាបានផ្តល់នូវផលប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋយើង។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបន្ថែមឱ្យដឹងទៀតថា នៅអំឡុងខែមីនាខាងមុខ សម្តេចនឹងអញ្ជើញទៅសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ នៅថ្មដា ខេត្តពោធិសាត់ ដែលជាហិរញ្ញប្បទានរបស់មិត្តចិន រួមជាមួយនឹងការបើកការដ្ឋានផ្លូវជាតិលេខ១០ ពីសំឡូតទៅកោះកុងផងដែរ៕

ដោយ៖ឌីណា