Register Already an agent ? Login

កំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងជាង ៧២គីឡូម៉ែត្រ ត្រូវចំណាយលុយ ៥៦.១លានដុល្លារ ដើម្បីស្ថាបនាឱ្យប្រសើរឡើងវិញ

ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ មានប្រវែងសរុប ៧២.១៧គីឡូម៉ែត្រ គឺមានកំណាត់ផ្លូវជាតិលេខ២ ចាប់ពីរង្វង់មូលតាខ្មៅ ដល់អូរចំបក់ មានប្រវែង ៦២.៥៦គីឡូម៉ែត្រ (ឆ្លងកាត់ភ្នំពេញប្រវែង ៥.៤គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង ១៤.២១គីឡូម៉ែត្រ និងខេត្តតាកែវប្រវែង ៥២.៥៦គីឡូម៉ែត្រ) និងផ្លូវជាតិ២២ ពីអូរចំបក់ ដល់អង្គតាសោម មានប្រវែង ៩.៦១គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្ត ខេត្តតាកែវ។ បើតាមរបាយការរបស់ លោក ស៊ុន ចាន់ ថុល ដែលបានអានក្នុង ពិធីបើកការដ្ឋានស្តារ និងសាងសង់ផ្លូវទាំង២ខ្សែខាងលើ នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

នៅក្នុងពិធីខាងលើ លោក រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនបានបន្តថា ផ្លូវទាំងពីរខ្សែនេះ នឹងសាងសង់ជាប្រភេទផ្លូវបេតុងកៅស៊ូ AC ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ៥៦.១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានពីរដ្ឋាភិបាលកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីននិងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ។

នៅក្នុពីធីនេះដែរ ​សម្តេច នាយករដ្ឋន្រ្តី ហ៊ុន សែន មានសេចក្តីរីករាយក្រៃលែងដែលបានចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ២២ ក្រោមហិរញ្ញប្បទានពីរដ្ឋាភិបាលរដ្ឋកូរ៉េនៅពេលនេះ។ ប្រមុខរាជរដ្ឋាភិបាលបានលើកឡើងថា កន្លងមកកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្រចតុកោណ ដើម្បីអភិវឌ្ឍប្រទេសជាតិ ដែលក្នុងនោះរួមមានផ្លូវ ទឹក ភ្លើង និងមនុស្ស ហើយបច្ចុប្បន្នក៏យើងនៅតែអនុវត្តដដែរ ដោយគ្រាន់តែប្តូមកទិសមកជា មនុស្ស ទឹក ផ្លូវ និងភ្លើង ហើយយុទ្ធសាស្ត្រទាំងនេះជាភាពជោគជ័យរបស់យើងកន្លងមក ដែលជាការរួមចំណែកក្នុងការបែងចែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចកម្ពុជាយើង។

ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាពលរដ្ឋកម្ពុជា សម្តេច ហ៊ុន សែន បានអរគុណដ៏ជ្រាលជ្រៅ ចំពោះប្រជាជន និងរដ្ឋាភិបាលកូរ៉េ ដែលជាមិត្ត និងជាដៃគូអភិវឌ្ឍន៍ល្អមួយ ក្នុងចំណោមប្រទេសជាមិត្តល្អៗជាច្រើន ដែលបាននឹងកំពុងបន្តកិច្ចសហប្រត្តិបត្តិការល្អ ក្នុងការជួយអភិវឌ្ឍវិស័យជាច្រើន។

ការសាងសង់ផ្លូវជាតិលេខ២ និងលេខ២២ គឺជាការចូលរួមចំណែកដ៏សំខាន់នៅក្នុងការជំរុញប្រសិទ្ធភាព ផលិតភាព និងកាលានុវត្តភាព នៃសេដ្ឋកិច្ច-សង្គម ដែលនឹងទ្រទ្រង់ដល់ គោលនយោបាយ សមាហរណកម្មផ្ទៃក្នុងដែលបានរួម ចំណែកយ៉ាងយ៉ាងសកម្មក្នុងការជួយលើកកម្ពស់ប្រសិទ្ធ ភាពចរាចរណ៍ ដឹកជញ្ជូនពីភ្នំពេញ ទៅបណ្តាខេត្តនានា។ ជាការបន្ថែមរបស់សម្ដេច នាយករដ្ឋមន្រ្តី។ ជាមួយនឹងការប្រកាសបើកការដ្ឋានសាងសង់ និងធ្វើឱ្យប្រសើរឡើងនូវផ្លូវជាតិលេខ២ និងលេខ២២ នេះ សម្តេច បានជូនពរឱ្យប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់គ្នា៕

ដោយ៖ឌីណ