Register Already an agent ? Login

សម្ដេច ហ៊ុន សែន នឹងសម្ពោធឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ ប្រវែងជាង១៧៤គីឡូម៉ែត្រ ពីខេត្តបន្ទាយមានជ័យដល់ឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែនេះ

ភ្នំពេញ៖ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ផ្លូវជាតិលេខ៥៨ ប្រវែង១៧៤,១៦៦គីឡូម៉ែត្រ ពីខេត្តបន្ទាយមានជ័យ ដល់ឧត្តរមានជ័យ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើតាមការឱ្យដឹងពីរដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានដឹកនាំមន្រ្តីក្រោមឱវាទ ចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥៨ កាលពីថ្ងៃទី៩ ខែកុម្ភៈ នេះ។

លោក ស៊ុន ចាន់ថុល ដែលបានដឹកនាំមន្រ្តីក្រោមឱវាទ ចុះត្រួតពិនិត្យគុណភាពកំណាត់ផ្លូវជាតិលេខ៥៨ ឱ្យដឹងថា ផ្លូវនេះត្រូវបានសាងសង់ចប់សព្វគ្រប់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd របស់ប្រទេសចិន។

លោក រដ្ឋមន្រ្តី បានឱ្យដឹងបន្តថា ផ្លូវនេះមានប្រវែងសរុបចំនួន១៧៤,១៦៦គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ ក្នុងនោះផ្លូវមេប្រវែង១៦៥,១៨៦ គីឡូម៉ែត្រ និងផ្លូវខ្នែងប្រវែង៨,៩៨០គីឡូម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបជាង ១២២លានដុល្លារអាមេរិក។ គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងត្រូវបានបញ្ចប់ការងារសាងសង់ជាស្ថាពរ១០០ភាគរយ កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ។

ផ្លូវនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរស្រទាប់ (DBST) គិតចាប់ពីផ្លូវជាតិ លេខ៥ ត្រង់គីឡូម៉ែត្រេខ ៣៩៩+៩០០ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទៅកាន់ផ្លូវជាតិលេខ៦៨ ត្រង់គីឡូម៉ែត្រេខ ១០១+៥០០ (ផ្លុង) ខេត្តឧត្តរមានជ័យ។ ជាការបន្ថែមរបស់រដ្ឋមន្រ្តីដឹកជញ្ជូន លោក ស៊ុន ចាន់ថុល។

លោក បានបញ្ជាក់ថា កំណាត់ផ្លូវនេះចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅ តំបន់ភាគពាយ័ព្យប្រទេស ព្រមទាំងការដឹកជញ្ជូនកាន់តែប្រសើរមួយកម្រិតទៀត ជាពិសេសកំណាត់ផ្លូវ នេះអាចសម្រួលដល់ការតភ្ជាប់ជាមួយប្រទេសថៃ ក្នុងការពង្រីកសក្ដានុពលសេដ្ឋកិច្ចពាណិជ្ជកម្មថែមទៀតរបស់ប្រទេសជាតិ៕

ដោយើឌីណា