Register Already an agent ? Login

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលកំពង់សាងសង់សម្រេចបាន ជិត៧០ភាគរយ

ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង ចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបងរហូតដល់ ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ ក្នុងគម្រោងចំណាយថវិកាប្រមាណ១៤៣,០៤លានដុល្លារអាមេរិក ដែលបានសម្ភោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ ដោយគិតនៅត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ សកម្មភាពការងារ ដែលសម្រេចបានគឺ កញ្ចប់ទីមួយ ៦៨,១០ភាគរយ និងកញ្ចប់ទីពីរ ៦៦,១០ភាគរយ។ នេះបើតាមក្រសួងដឹកជញ្ជូន។

ក្រសួងដឹកជញ្ជូនបានបញ្ជាក់ឱ្យដឹងថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន ៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា ក្នុងគម្រោងចំណាយថវិកាប្រមាណ៥០០ លានដុល្លារសហរដ្ឋអាមេរិក។

ស្ពាន នៅតាមកំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)

ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាល ដោយក្នុងនោះ មានការពង្រីកកំណាត់ផ្លូវជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប ៣០៤គីឡូម៉ែត្រ ក្រាលជំនួស ដោយកៅស៊ូAC និងមានសួរច្បារកណ្តាល។ ជាការបន្ថែមរបស់ក្រសួងដដែល។

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ

បើតាមក្រសួងបានឱ្យដឹងថា គម្រោងស្ថាបនាកំណាត់ផ្លូវនេះត្រូវបានបែងចែកជាពីរកញ្ចប់ក្នុងនោះ៖ កញ្ចប់ទី១សាងសង់ដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV មានប្រវែង ៤៦,២៧គម (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣,៩២គម) ហើយកញ្ចប់ទី២សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV មានប្រវែង៣៨,៤៧គម (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គម) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ហើយការស្ថាបនាមានរយៈពេលន៣៦ខែ។

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ

គូសបញ្ជាក់ថា ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដោយមានការចូលរួមពីអាជ្ញាធរដែនដីថ្នាក់ខេត្ត ប្រតិភូតំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសផងដែរ។

លោក ស៊ុន ចាន់ ថុល ដឹកនាំមន្រ្តីក្រោមឱវាទពិនិត្យ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) 

ថ្ងៃទី៩ដដែល ខែកុម្ភៈ លោក ស៊ុន ចាន់ថុល បានដឹកនាំគណៈប្រតិភូក្រសួង ចុះពិនិត្យស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ដែលត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩។ ខណៈនោះ លោក បានលើកឡើងអំពីគម្រោងស្នើសុំទៅកាន់ខាងភាគីថៃ ក្នុងការបើកច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់-បានណងអៀន ជាបណ្តោះអាសន្ន ដើម្បីជួយសម្រួលចរាចរណ៍របស់រថយន្តដឹកទំនិញឆ្លងកាត់រវាងកម្ពុជា និងថៃ និងជួយកាត់បន្ថយការកកស្ទះនៅច្រកព្រំដែនប៉ោយប៉ែតនាពេលបច្ចុប្បន្ន។

លោក ស៊ុន ចាន់ថុល ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន នៅពេលពិនិត្យ ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)

លោក បានបញ្ជាក់ បើកច្រកទ្វារព្រំដែនខាងលើ នឹងបង្កើនកាលានុវត្តភាពដល់កិច្ចសហ ប្រតិបត្តិការអន្តរជាតិ និងកាអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការធ្វើពាណិជ្ជកម្មឆ្លងកាត់ព្រំដែន ការបង្កើតការងារ ក៏ដូចជាការសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ អាស៊ានក្នុងការតភ្ជាប់ ប្រទេសនៅក្នុងតំបន់ អាស៊ានទាំងមូល (Asean Connectivity)ផងដែរ។

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)

នៅថ្ងៃខែឆ្នាំដដែល លោក ស៊ុន ចាន់ ថុន បានដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះពិនិត្យស្ថានីយរថភ្លើងប៉ោយប៉ែត ដើម្បីជំរុញការអនុវត្តគោលនយោបាយដោះស្រាយផលប៉ះពាល់ និងត្រៀមរៀបចំការតភ្ជាប់ផ្លូវរថដែកកម្ពុជាជាមួយប្រទេសថៃ ក្នុងគោលបំណងបង្កើនទំហំពាណិជ្ជកម្ម និងសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនឲ្យកាន់តែមានភាពល្អប្រសើរ។

ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន)

សូមរកម្លឹកថា ផ្លូវដែកភាគខាងជើងរបស់កម្ពុជា ភ្នំពេញ-ប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដែលមានប្រវែង ៣៨៦គីឡូម៉ែត្រ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាស្តារឡើងវិញរួចរាល់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នកាលពីចុងឆ្នាំ២០១៨ កន្លងទៅនេះ។

ស្ថានីយ៍រថភ្លើង ភ្នំពេញ-ប៉ោយប៉ែត

ការតភ្ជាប់ផ្លូវដែកកម្ពុជា-ថៃ ពិតជានាំមកនូវកាលានុវត្តភាពថ្មី សម្រាប់វិស័យដឹកជញ្ជូនតាមផ្លូវដែក ជាមធ្យាបាយដឹកជញ្ជូនទំនិញដ៏ស័ក្តិសិទ្ធ មានតម្លៃថោក សុវត្ថិភាពខ្ពស់ កាត់បន្ថយការកកស្ទះចរាចរណ៍ និងរួមចំណែកក្នុងការអភិវឌ្ឍខឿនសេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ ពិសេសតភ្ជាប់និងអភិវឌ្ឍតំបន់អាស៊ាន និងមហាអនុតំបន់មេគង្គផងដែរ៕

ដោយ៖ឌីណា