ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០១៩ ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ បានផ្ដល់ហិរញ្ញប្បទានសហប្រតិបត្តិការក្នុងទម្រង់ឥតសំណង, ឥនទានសម្បទានមានការធានា និងគ្មានការធានាពីរដ្ឋសរុបប្រមាណ ៥៥០លានអឺរ៉ូ (ប្រមាណ ៦០៥លានដុល្លារអាមេរិក) នៃទំហំហិរញ្ញប្បទានសរុបផ្ដល់ដោយដៃគូអភិវឌ្ឍន៍ទាំងអស់ សម្រាប់គាំទ្រលើវិស័យ កសិកម្ម និងកសិ-ឧស្សាហកម្មអភិវឌ្ឍន៍ជនបទ, គេហដ្ឋានរចនាសម្ព័ន្ធរូបវ័ន្ត (ការផ្គត់ផ្គង់ទឹកស្អាត, ផ្លូវជនបទ,ការសាងសង់បណ្ដាញចែកចាយអគ្គិសនី), ការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ ព្រមទាំងវិស័យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា។ ជាការលើកឡើងរបស់ លោក ឈៀង យ៉ាណារ៉ា គ.ជ.នា/ក.អ.ក ក្នុងជំនួបជាមួយ លោក ស្រី Ophélie BOURHIS នាយិកាថ្មីនៃ AFD។
នៅក្នុងជំនួបខាងលើ បានធ្វើឡើងកាលពីថ្ងៃទី៦ ខែមករា នេះ ដែលមានគោលបំណងសម្ដែងការគួរសម និងពិភាក្សាអំពីវិឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារ AFD (Agence Française de Développement) និងដើម្បីបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ ភាពជាដៃគូនាពេលអនាគត។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC ថ្ងៃទី៦ ខែមករា នេះ។
លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ជ.នា/ក.អ.ក) នៅក្នុងជំនួបខាងលើបានបន្តថា វឌ្ឍនភាពដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានពេលនេះ ក្នុងការរក្សាសន្តិភាព សន្តិសុខ ស្ថេរភាពនយោបាយ និងរក្សាបានកំណើតនូវសេដ្ឋកិច្ច ៧,៥ភាគ ដែលជាកំណើតខ្ពស់ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល និងប្រជនបារាំង ពិសេសចំពោះ ទីភ្នាក់ងារ AFD បានរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបរិយាប័ន្នទាំងនៅជនបទ និងទីប្រជុំជន។
ក្នុងជំនួបខាងលើ លោក ឈៀង យ៉ាណារ៉ា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ក៏បានស្នើដល់ទីភ្នាក់ងារ AFD ពិនិត្យលទ្ធភាពក្នុងការពង្រីកវិសាលភាពគាំទ្រលើវិស័យសង្គមកិច្ច(អប់រំ និងសុខាភិបាល) បន្ថែមលើវិស័យអាទិភាពដែលមានស្រាប់ ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។
ស្ថិតក្នុងបរិយាកាសជំនួបនេះ លោក ស្រី Ophélie BOURHIS បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព ពិសេសចំពោះការក្សាបាននូវកំណើនសេដ្ឋកិច្ចដ៏ល្អប្រសើរ។ លោក ស្រីបានបង្ហាញជំហរប្ដេជ្ញាបន្តសហការ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍លើវិស័យអាទិភាពដែលមានស្រាប់ ដើម្បីរួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តជំរុញកំណើនសេដ្ឋកិច្ច និងបង្កើតការងារតាមរយៈការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់ការវិនិយោគនៅកម្ពុជា។
ជាការឆ្លើយតបទៅនឹងសំណើរបស់ លោក ឈៀង យ៉ាណារ៉ា លើកឡើងខាងលើ លោក ស្រី នាយិកាថ្មីនៃ AFD នឹងពិនិត្យលទ្ធភាពក្នុងការគាំទ្របន្ថែមដល់គម្រោងក្នុងវិស័យអប់រំ និងសុខភាព ហើយនឹងលើកសំណើនេះទៅពិភាក្សាបន្ថែមក្នុងកិច្ចពិគ្រោះយោបល់កម្រិតនយោបាយ រវាងរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារ AFD ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៩ ខែមីនា ខាងមុខនេះ នៅទីក្រុងប៉ារីស ប្រទេសបារាំង៕
ដោយ៖ឌីណា