Register Already an agent ? Login

មូលហេតុដែលនាំឱ្យ មានការប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជាក្រសួង«ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»

លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងកិច្ចប្រជុំបន្ទាន់មួយ​ដើម្បី​ពិនិត្យពិភាក្សា​លើច្បាប់ស្តីពីការប្តូរឈ្មោះថ្មី និងអនុក្រឹត្យ​ស្តីពី​ការរៀបចំក្រសួងកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង

ភ្នំពេញ៖ ការប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជាក្រសួង​«ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ក្នុងឆន្ទ:គិតគូ​ខ្ពស់​ និងផ្តល់សារ:សំខាន់​ ដើម្បីឱ្យស្របតាមនិន្នាកាសាកលលើការអភិវឌ្ឍន៍វិស័យវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ជាពិសេសបរិបទនៃ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី​ ៤.០​ និងក្នុងន័យប្រមូលធុនធានខួរក្បាលកូនខ្មែ​ ដែលមានជំនាញខ្ពស់ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និង​ការ​បង្កើត​ថ្មី​ឱ្យ​ទទួលបាននូវឱកាស​ស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ ចំណេះជំនាញ​របស់ខ្លូន​សម្រាប់​បម្រើ​កិច្ចការ​ប្រទេស​ជាតិឱ្យកាន់តែរីកចម្រើន​ទៅមុខ​ជាលំដាប់​។ ជាការបញ្ជាក់របស់ លោក ចម ប្រសិទ្ធ រដ្ឋមន្រ្តីឧស្សាហកម្ម និងសិប្បកម្ម នៅក្នុងកិច្ចប្រជុំបន្ទាន់មួយ​ដើម្បី​ពិនិត្យពិភាក្សា​លើច្បាប់ស្តីពីការប្តូរឈ្មោះថ្មី និងអនុក្រឹត្យ​ស្តីពី​ការរៀបចំក្រសួង កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។

យោងតាម​ការសម្រេចឯកភាព សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពី​ថ្ងៃទី​២២​ ខែមករា ឆ្នាំ២០២០ និងលិខិតជម្រាបជូនរបស់ទីស្តីការគណ:រដ្ឋមន្ត្រី​ ចុះថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២០​ ឱ្យប្តូរឈ្មោះក្រសួង «ឧស្សាហកម្ម និងសិប្បកម្ម» ទៅជាក្រសួង​«ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍»​។ បើតាមក្រសួងឧស្សាហកម្ម។

សម្ដេច ហ៊ុន សែន ដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្នុងនោះមានសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍។

បើតាមលិខិតរបស់ទីស្តីការគណ:រដ្ឋមន្ត្រី​ ចុះថ្ងៃ​ទី​២៤​ ខែ​មករា​ ឆ្នាំ​២០២០ ដែលអនុញ្ញាឱ្យប្តូរឈ្មោះថ្មី ឱ្យក្រសួង ធ្វើវិសោធនកម្មច្បាប់ទាំងឡាយ និងឯកសារកតិយុត្តផ្សេងៗ ដែលមានការពាក់ព័ន្ធដល់រចនាសម្ព័ន្ធ និងការប្រព្រឹត្តទៅនៃក្រសួងថ្មី។ ឱ្យបង្កើតអង្គភាពពីរ គឺអគ្កនាយកដ្ឋានវិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិ វិទ្យាសាស្រ្ត បច្ចេកទេស និងនវានុវត្តន៍ ដែលមានថ្នាក់ស្មើអគ្គនាយកដ្ឋាន។ ការបង្កើតអង្គភាពទាំងពីរនេះ គឺពុំមានការតម្រូវឱ្យបន្ថែមនូវក្របខណ្ឌរដ្ឋនោះទេ ពោលគឺប្រើប្រាស់ក្របខណ្ឌទាំងឡាយដែលកំពុងមាន ហើយពាក់ព័ន្ធដលើការងារវិទ្យាសាស្រ្ត និងនវានុវត្តន៍។ ជាការបញ្ជាក់ក្នុងលិខិតខាងលើ។

លោក ចម ប្រសិទ្ធ ចូលកិច្ចប្រជុំគណៈរដ្ឋមន្រ្តីខាងលើ 

លិខិតដដែលនេះបានបន្តថា ឱ្យមានការដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយបណ្ដាក្រសួងពាក់ព័ន្ធជុំវិញការរៀបចំសេចក្ដីព្រាង ស្ដីពីរចនាសម្ព័ន្ធ អង្គការលេខ និងការប្រព្រឹត្តទៅរបស់ «ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍» ដើម្បីឆ្លងដាក់គណៈរដ្ឋមន្រ្តី។ និងបានបញ្ជាក់ថា បើកទូលាយឱ្យមានឥស្សរជនសំខាន់ៗបញ្ញាវន្ត ដែលមានសញ្ញាបត្រផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ក៏ដូចជាគំនិតផ្ដួចផ្ដើមទាំងឡាយ ដែលមានលក្ខណៈនវានុវត្តន៍ និងមន្រ្តីបច្ចេកវិទ្យាវិទ្យាសាស្រ្ត ចូលរួមបម្រើការ ឬផ្ទេរក្របខណ្ឌមានបមណងស្ម័គ្រចិត្ត ពីបណ្ដាក្រសួងនានាដែលបាក់ព័ន្ធការងារវិទ្យាសាស្រ្ត បច្ចេកវិទ្យាមកបម្រើការងារក្នុងអង្គភាពថ្មីទាំងពីរនឹងត្រូវបានបង្កើតឡើង។

កិច្ចប្រជុំបន្ទាន់មួយ​ដើម្បី​ពិនិត្យពិភាក្សា​លើច្បាប់ស្តីពីការប្តូរឈ្មោះថ្មី ដឹកនាំដោយ  លោក លោក ចម ប្រសិទ្ធ

ក្នុងលិខិតខាងលើដដែលបានបន្ថែមថា ផ្តល់ការយកចិត្តទុកដាក់ គាំទ្រ និងបង្កលទ្ធភាពទៅតាមសភាពជាក់ស្ដែងនៃតម្រូវការរបស់អង្គភាពទាំងពីរថ្មីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ពីស្ថាប័នពាក់ព័ន្ធទាំងឡាយដើម្បីធ្វើឱ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរបកគំហើញផ្សេងៗ (នវានុវត្តន៍) របស់កម្ពុជាឱ្យទទួលបានប្រសិទ្ធិភាព និងទូលំទូលាយ ក្នុងប្រយោជន៍ជំរុញឱ្យវិស័យវិទ្យាសាស្រ្តមានការរីកចម្រើន និងផ្ទេរបច្ចេកវិទ្យាស្រមតាមបរិបថនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.០។

អគ្គនាយកដ្ឋាន​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ដែលមាន​នាយកដ្ឋានក្រោមឱវាទចំនួន​០៥​ និងវិទ្យាស្ថានថ្មីមានឈ្មោះថា៖វិទ្យាស្ថាន​ជាតិ​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ដែលមាន​នាយកដ្ឋានក្រោមឱវាទចំនួន​​៣​និង​មន្ទីរ​ពិសោធន៍​មួយ​មានឋានស្មើ​នាយកដ្ឋាន​ គឺមន្ទីរពិសោធន៍​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​។ តាមការឱ្យដឹងពីក្រសួងឧស្សាហកម្ម បានបន្ថែមថា សេចក្ដីព្រាងច្បាប់​ស្ដីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យា​សា​ស្ត បច្ចេកវិទ្យា និង​នវានុវត្តន៍​ មាន​៩​មាត្រា ចំណែកឯ​សេចក្ដីព្រាង​អនុក្រឹត្យ​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​របស់​ក្រសួង បាន​ច្របាច់​ខ្លឹមសារ​អនុក្រឹត្យ​ពីរ​កន្លងមក បញ្ចូល​គ្នា​តែមួយ​វិញ ព្រមទាំង​មាន​បង្កើត​នូវ​ជំពូក​ថ្មី ដែល​ចែង​អំពី​អគ្គនាយកដ្ឋាន​វិទ្យា​សា​ស្ត បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​វិទ្យាស្ថាន​ជាតិ​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​ន​វា​វត្ត​ន៍​ឱ្យស្រប​ទៅ​និង​បេសកកម្មរបស់​ក្រសួង​ថ្មី៕

ដោយ៖ឌីណា