Register Already an agent ? Login

លោក ចម ប្រសិទ្ធ៖ ការកសាងសមត្ថភាពផែ្នកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាក្តីសង្ឃឹមតែមួយគត់សម្រាប់ប្រទេសក្រីក្រ

ភ្នំពេញ៖ ប្រសិនបើមិនប្រញាប់ប្រញាល់​ កសាងសមត្ថភាពផ្នែកវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ ឱ្យបានទាន់ពេលវេលានោះទេ​ គោល​ដៅ​នៃការលប់បំបាត់ភាពក្រីក្រដែលកំពុងរីករាលដាល​ ការបំបាត់ឧបសគ្គរចនាសម្ព័ន្ធអន់ថយ​ និងការ​ធានា​ការអភិវឌ្ឍន៍​ប្រកបដោយនិរន្តរភាព​ និងរបៀបវីរ:សម្រាប់ឆ្នាំ​ ២០៣០​ នៅ​តែ​ជាសុបិន្តដ៏វែងឆ្ងាយសម្រាប់ប្រជាជនក្រីក្ររាប់លាននាក់​។ ជាការលើកឡើងរបស់ លោក ចម​ ប្រសិទ្ធ​ ​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម ​និង​សិប្បកម្ម

ការលើកឡើងខាងលើ របស់ រដ្ឋមន្រ្តីកម្ពុជា ក្នុងកិច្ចប្រជុំ​ពិភាក្សា​កំរិតអនុ​តំបន់អាស៊ី​ប៉ាស៊ីហ្វិច​ ស្តីពី «​បណ្ឌិត​សភា​ជាតិ​​វិស័យ​វិទ្យាសាស្ត្រ​ ក្នុងប្រទេសអភិវឌ្ឍន៍តិចតួច​(LDCs) ដើម្បី​គាំទ្រ​របៀបវារៈ​ឆ្នាំ​ ២០៣០» នៅមជ្ឈមណ្ឌលសន្និសីទ​នៃអង្គការសហប្រជាជាតិ​ (UNCC ) ទីក្រុងបាងកក ​ប្រទេស​ថៃ​ ពីថ្ងៃ​ទី៣ ​ដល់​ថ្ងៃ​ទី​៤ ​ខែ​កុម្ភៈ​ ឆ្នាំ២០២០។

«ការកសាងសមត្ថភាពផែ្នកវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ គឺជាក្តីសង្ឃឹមតែមួយគត់សម្រាប់ប្រទេសក្រីក្រ​»។ ជាការបញ្ជាក់ របស់ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម​ និង​សិប្បកម្មកម្ពុជា លោក បានលើកទឡ្ហីករណ៍ថា ប្រជាជន​ដែល​រស់នៅ​ក្នុង​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ បច្ចុប្បន្ន ត្រូវគេប៉ាន់ស្មានថា​នឹងកើនឡើងទ្វេដងដល់ ​១.៩​ពាន់​លាន​នាក់​ នៅឆ្នាំ​២០៥០​។ ហើយជាមួយ​នឹង​ចំនួន​យុវជនកើនឡើងបន្ថែមប្រមាណ​ ៦៣០​ លាននាក់​ (ស្មើនឹង​ប្រហែល ​១ភាគ​៣ នៃចំនួនប្រជាជន​LDCs ដែល​បាន​ប៉ាន់​ប្រមាណ​នៅ​ឆ្នាំ​ ២០៥០)​នឹងបានចូលទីផ្សារការងារ​ ដោយ​មិន​បាន​បង្កើន​សមត្ថភាព​ ផ្នែក​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ (STI)​។

យោងតាម​តួរលេខនាពេលថ្មីៗនេះ​ យើងទទួលស្គាល់ថា​ ចំណែក​ទីផ្សារ​នាំ​ចេញ​ពិភពលោក​នៃប្រទេសក្រីក្រ​ នៅមានកំរិតទាបនៅឡើយ​ គឺក្រោម​២ភាគរយ។ ដូច្នេះពិភពលោកត្រូវបន្ថែមសកម្មភាព​ ដើម្បី​ជំរុញ​ចំណែក​ទីផ្សារ​នៃប្រទេសក្រីក្រ​អាចនាំចេញ​ក្នុងកម្រិត ២ដងបន្ថែម ទៀត​ជាមួយដៃគូរបស់ខ្លួន​។ ជាការបន្តរបស់ លោក ចម ប្រសិទ្ធ នៅក្នុងកិច្ចប្រជុំ​ពិភាក្សាខាងលើ។

រដ្ឋមន្រ្តីជាន់ខ្ពស់កម្ពុជារូបនេះបានបន្ថែមថា ការចូលក្នុងទីផ្សារ​និងការបង្កើត ថ្មី​ក៏ដូចជា​ការ​កិច្ចសម្រួល​របាំង​ពាណិជ្ជកម្ម​ ពិតជា​នឹងជួយ​LDCs ឱ្យចូល​រួមក្នុងសេដ្ឋកិច្ចកាន់តែរស់រវើកថែមទៀត​ តាមរយ:ការទាក់ទាញការ​វិនិយោគ​ និង​លើក​កំពស់​អាជីវកម្ម​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ តាមរយ:ឧស្សាហូបនីយកម្មប្រកបដោយចីរភាព​សម្រាប់​វឌ្ឍនភាព​រួមគ្នា​។ លោក ថា ចំពេល​កំណើនសេដ្ឋកិច្ចពិភពលោក​យ៉ាងឆាប់រហ័ស​ វាត្រូវ​បាន​គេយល់ច្បាស់ថា ​បណ្តា​ប្រទេស​ដែល​មាន​ការ​អភិវឌ្ឍ​តិចតួច​ នៅតែត្រូវការយកចិត្តទុកដាក់​និង​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ឆ្ពោះ​ទៅ​ការ​សម្រេច​របៀបវារៈ​ឆ្នាំ​២០៣០​ របស់ពួកគេ​ ។ ម៉្យាងទៀត​ក្រុមប្រទេស​LDCs នឹងត្រូវត្រៀមខ្លួនជាស្រេចធន់ហ្នឹងផលប៉ះពាល់អវិជ្ជមាននៃការប្រែប្រួលអាកាសធាតុ​ ខណ:ដែល​ទទួល​បាន​មូលដ្ឋានគ្រឹះ​នៃ​ជីវិត​ តាមរយ:កំ​ណើនប្រកបដោយចីរភាព​និងបរិយាប័ន្ន​នៅក្នុងនោះ​។

ដូច្នេះ​ កិច្ចពិភាក្សា​ថ្នាក់អនុតំបន់នាថ្ងៃនេះ​ ជាឱកាសដ៏ធំសម្រាប់យើងទាំងអស់គ្នា​ ដើម្បី​ផ្លាស់ប្ដូរ​យោបល់ពីតួនាទី​នៃវិស័យវិទ្យាសាស្ត្រ​ក្នុងរបៀបវីរ:អភិវឌ្ឍន៍​ប្រកប​ដោយ​ចិរភាព​ក្នុងតំបន់​និងពិភពលោក​ ការផ្លាស់ប្តូរបទ​ពិសោធន៍​ថ្នាក់​តំបន់​ និង​ជាតិ​ នៃការចូលរួមរបស់បណ្ឌិតសភា​ក្នុងរបៀបវីរ:អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​ជាតិ ​និង​កំណត់​ប្រទេសសាកល្បងសម្រាប់គាំទ្រ​ក្នុងការបង្កើត​បណ្ឌិត​សភា​វិទ្យាសាស្ត្រ​ និង​ពង្រឹង​បណ្ឌិត​ សភា​វិទ្យាសាស្ត្រ​ ដែល​មានស្រាប់​។ ជាការបន្ថែមទៀតរបស់ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម​ និង​សិប្បកម្មកម្ពុជា។

កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា​ ក្រសួង​ឧស្សាហកម្ម​និងសិប្បកម្ម​ នឹងពង្រីកវិសាលភាព​និងការទទួលខុសត្រូវ​របស់ខ្លួន​ថែមមួយកម្រិតទៀត​ ដោយក្តោបយកនូវវិស័យ​វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​។ ជាការបន្ថែមទៀត របស់ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម លោក ចម ប្រសិទ្ធ ឱ្យដឹងថា នៅចុងសប្តាហ៍នេះ​ គណ:រដ្ឋមន្ត្រី​កម្ពុជា​នឹង​បើកកិច្ចប្រជុំពេញអង្គរបស់ខ្លួន​ ដើម្បី​ពិនិត្យ​ និងសម្រេច​ការប្តូរឈ្មោះ​ក្រសួងឧស្សាហកម្ម​ និង​សិប្បកម្ម​ ទៅជា​ក្រសួងឧស្សាហកម្ម​ វិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ (MITIS) ដែលជាពេលវេលាសមស្រប​និងសារ:សំខាន់​សម្រាប់​កម្ពុជា​ត្រៀម​ខ្លួន​ចូលក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី​៤.០​។

គូសបញ្ជាក់ថា កិច្ចពិភាក្សាខាងលើ មានគោលបំណងពិភាក្សាលើចំណុចសំខាន់ៗដូចជា៖-ការ​អភិវឌ្ឍន៍​ដោយ​និរន្តភាព​ ក្នុងតំបន់​និងពិភពលោក​-ស្ថានភាព​អំពី​ការងារវិទ្យាសាស្ត្រ​ បច្ចេកវិទ្យា​ និង​នវានុវត្តន៍​របស់បណ្តាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច-មុខងារ​របស់បណ្ឌិតសភាវិទ្យាសាស្ត្រ​បច្ចេកវិទ្យា​ និង​នវានុវត្តន៍​ក្នុងតំបន់​៕

ដោយ៖ឌីណា