Register Already an agent ? Login

ក្រុមហ៊ុន Unique Worldwide មានគម្រោងវិនិយោគ លើការដាំដុះឫស្សីសម្រាប់ប្រើប្រាស់លើវិស័យថាមពល និង ចិញ្ចឹមចៀមនៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអារ៉ាប់

ភ្នំពេញ៖ ក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី ចង់វិនិយោគលើការដាំដុះឫស្សីសម្រាប់ប្រើប្រាស់លើវិស័យថាមពល និងការចិញ្ចឹមចៀម នៅកម្ពុជា ដើម្បីនាំចេញទៅកាន់ទីផ្សារអារ៉ាប់។

គម្រោងវិនិយោគវិស័យខាងលើ ជាការស្នើសុំការណែនាំ របស់ លោក Mr. THUREING AUNG ដែលជានាយកក្រុមហ៊ុន ចង់បានការចង្អុលបង្ហាញពី រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅក្នុងជំនួបជាមួយ លោក វេង សាខុន នៅទីស្ដីការក្រសួង កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីជាទុនសម្រាប់ការគិតពិចារណាដាក់ទុនវិនិយោគ ថាត្រូវចំណាយក្នុងតម្លៃខ្ទង់ណាមួយឱ្យសមស្រប។

ក្នុងជំនួបនេះដែរ នាយកក្រុមហ៊ុន បានជម្រាបជូន លោករដ្ឋមន្រ្តី ថា ក្រុមហ៊ុនមាន បទពិសោធន៍គ្រប់គ្រាន់ទាំងការដាំ កែច្នៃ និងទីផ្សារ ដោយអនុវត្តបច្ចេកវិទ្យារបស់ប្រទេស អាល្លឺម៉ង់ រួមទាំងទទួលបានការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប។ លោក THUREING AUNG សង្ឃឹមថាគម្រោងនេះ នឹងចូលរួមរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយ:ការបង្កើនប្រាក់ចំណូលរបស់ប្រជាកសិករ ជាពិសេសប្រជាសហគមន៍ព្រៃឈើដែលមានសក្តានុពលយ៉ាងល្អក្នុងការដាំឫស្សី និងចិញ្ចឹមចៀម ដែលជាប្រភពចំណូលប្រចាំគ្រួសារ។

ជាការឆ្លើយតប រដ្ឋមន្ត្រីបានស្វាគមន៍ និងគាំទ្រ ចំពោះទស្សននិស័យរបស់ក្រុមហ៊ុនវិនិយោគដាំឫស្សី និងចិញ្ចឹមចៀម ព្រោះថាកម្ពុជាមានធនធានឫស្សីយ៉ាងច្រើន ហើយលក្ខណ:អំណោយផលក្នុង ការដាំដុះក៏ល្អប្រសើរ។  លោក ថា ប៉ុន្តែយើងនៅមិនទាន់ប្រើប្រាស់ធនធានឫស្សីឱ្យអស់សក្តានុពលរបស់វានៅឡើយទេ។

លោក វេង សាខុន បានបន្តថា ដូច្នេះ គម្រោងវិនិយោគនេះ អាចនឹងធ្វើឱ្យធនធានមួយនេះមានតម្លៃបន្ថែមទ្វេឡើង និងជាពិសេសនឹងធ្វើការទាក់ទាញផលិតកម្មឫស្សីឱ្យមានពហុប្រយោជន៍ ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍តាមរយ:ការលើកកម្ពស់ផលិតភាពផលិតកម្មឫស្សី និងការចិញ្ចឹមសត្វ បង្កើតការងារ បណ្តុះបណ្តាលជំនាញ និងបង្កើនប្រាក់ចំណូល។

រដ្ឋមន្រ្តីក្រសួងកសិកម្មកម្ពុជា បានណែនាំឱ្យក្រុមហ៊ុនធ្វើការសិក្សាលម្អិតជា មួយរដ្ឋបាលព្រៃឈើ ដោយគួរជ្រើសរើសសហគមន៍ព្រៃឈើណាមួយធ្វើជាគំរូ និងរកដៃគូឯកជនសហការរួមគ្នាវិនិយោគលើផលិតកម្មឫស្សីនេះ។ លោកន្ថែមថាក្រសួងនឹងរង់ចាំ ផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការគ្រោងទុក៕

ដោយ៖ឌីណា