ភ្នំពេញ៖ ក្រុមហ៊ុន Unitedgreen ដែលមានមូលដ្ឋាននៅទីក្រុងឡុងចក្រភពអង់គ្លេស មានគម្រោងវិនិយោគលើវិស័យកសិកម្ម ជាពិសេសគឺការបង្កើតកសិដ្ឋានចិញ្ចឹមគោទឹកដោះ នៅកម្ពុជា។ បើតាមគណនេយ្យហ្វេសប៊ុកផ្លូវការបស់ រដ្ឋមន្រ្តីក្រសួងកសិកម្ម លោក វេង សា ខុន។
បើតាមហ្វេសប៊ុក របស់ លោក វេង សាខុនបានឱ្យដឹងបន្តថា គម្រោងខាងលើត្រូវបាន លោក Mr. Rod Bassett នាយកក្រុមហ៊ុន Unitedgreen លើកឡើង ក្នុងជំនួបជា រដ្ឋមន្រ្តីក្រសួងកសិកម្មកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីស្ដីការក្រសួង។
លោក Mr. Rod Bassett បានលើកឡើងថា គោលបំណងនៃជំនួបនាពេល នេះគឺ ការសិក្សាស្វែងយល់ឱ្យបានស៊ីជម្រៅអំពីគោលនយោបាលវិនិយោគរបស់រាជរដ្ឋា ភិបាល ក៏ដូចជារបស់ក្រសួង និងពិនិត្យលើសក្តានុពលនៃធនធានដី ទឹក និងទីផ្សារ ដើម្បីវិនិយោគលើខ្សែច្រវាក់ផលិតកម្មគោទឹកដោះដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបចុងក្រោយតាំងពីការបង្កាត់ពូជ ការដាំស្មៅជាចំណី ការចិញ្ចឹម និងរោងចក្រកែច្នៃ វេចខ្ចប់ទឹកដោះស្រស់សម្រាប់ទីផ្សារក្នុងស្រុក និងនាំចេញ។
កម្ពុជាជាប្រទេសមានសក្តានុពលលើវិស័យកសិកម្ម បូករួមទាំងឱកាសអំណោយផលពេញលេញ ប៉ុន្តែនៅត្រង់ថាកម្ពុជាមិនទាន់បានចាប់ ផ្តើមអនុវត្តបច្ចេកវិទ្យាឱ្យបានគ្រប់ចំណុចនៃខ្សែច្រវាក់ផលិតកម្ម ធ្វើឱ្យគំលាតរវាងផលិតផលដែលផលិតដោយកសិករ និងទីផ្សារស្ថិតនៅឆ្ងាយពីគ្នា។ ជាការបន្តរបស់ លោក នាយកក្រុមហ៊ុន ខាងលើ បានបញ្ជាក់ «ដោយមើលឃើញពីបញ្ហានេះ ក្រុមហ៊ុនមានចំណាប់អារម្មណ៍ រៀបចំគម្រោងវិនិយោគតាំងពីមូលដ្ឋាននៃផលិតកម្ម រហូតដល់ទីផ្សារ ដោយនាំយកទំនើបកម្មកសិកម្ម និងទំនើបកម្មកសិឧស្សាហកម្ម ជាពិសេសហិរញ្ញវត្ថុមកអនុវត្ត»។
ក្នុងជំនួបនេះដែរ លោក រដ្ឋមន្ត្រីបានសម្តែងនូវឆន្ទ:គាំទ្រ និងស្វាគមន៍ចំពោះកម្មវត្ថុរបស់ក្រុមហ៊ុន ព្រោះថាបច្ចុប្បន្នកម្ពុជាបាននិងកំពុងបោះជំហានជាវិជ្ជមានទៅមុខយ៉ាងលឿនគួរឱ្យកត់សម្គាល់ទាំងនយោបាយ សេដ្ឋកិច្ច សង្គម ដែលបង្កលក្ខណ:អំណោយផលយ៉ាងល្អប្រសើរសម្រាប់វិនិយោគិនក្នុង និងក្រៅស្រុក។
រដ្ឋមន្រ្តីក្រសួងកសិកម្មបានបន្តថា ដូចដែលអ្វីក្រុមហ៊ុនបានលើកឡើង លោក បានជូនយោបល់ថាក្រុមហ៊ុនគួរចាប់ផ្តើមពីកសិដ្ឋានតូច ធ្វើជាលក្ខណ:បង្ហាញ រួចឈានទៅពង្រីកអាជីវកម្មបន្តិចម្តងៗ ស្របតាមនិន្នាការវិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ និងត្រូវការនៃការប្រើប្រាស់ទឹកដោះគោ។
លោក វេង សាខុន បានណែនាំឱ្យក្រុមហ៊ុនគួរសិក្សាឱ្យបានច្បាស់ លាស់ពីរចនាសម្ព័ន្ធគាំទ្រសំខាន់ៗដូចជាទឹក ភ្លើង និងការដឹកជញ្ជូន។ល។ ធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនាពេលខាងមុខដំណើរការទៅដោយរលូន។ លោក ថា ក្រសួងនឹងរង់ចាំ ផ្តល់កិច្ចសហការជាមួយក្រុមហ៊ុនធ្វើយ៉ាងណាឱ្យគម្រោងវិនិយោគនេះទទួលបានជោគជ័យដូចការគ្រោងទុក៕
ដោយ៖ឌីណា