ភ្នំពេញ៖ អន្តរក្រសួងបានគាំទ្រ លើគម្រោងរបស់ ក្រុមហ៊ុន ScheiTech Sustainable Co.,Ltd. បង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង ៦០មេហ្គាវ៉ាត់ លើផ្ទៃដីទំហំ ៨០ហិកតា និងក្រុមហ៊ុន SchneiTech Infinite Co., Ltd. មានកម្លាំង ៣០មេហ្គាវ៉ាត់ លើផ្ទៃដីទំហំ ៥៥ហិកតា ដែលមានទីតាំងដូចគ្នា ស្ថិតនៅភូមិអន្សរក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។ បើតាមការឱ្យដឹងពីក្រសួងបរិស្ថាន។
ការគាំទ្រគម្រោងខាងលើ នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដឹកនាំដោយ លោក ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន លើគម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង ៦០មេហ្គាវ៉ាត់។
រីឯ លោក សៅ សុភាព រដ្ឋលេខាធិការនៃក្រសួងដដែល គាំទ្រលើគម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យកម្លាំង ៣០មេហ្គាវ៉ាត់។
ជារួម កិច្ចប្រជុំ បានទទួលលទ្ធផល ដូចជា អង្គប្រជុំ គាំទ្រគម្រោងបង្កើតស្ថានីយផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ៣០ និង ៦០MW។ ជាមួយគ្នានេះ ក្រុមហ៊ុន គួរតែសិក្សាពីលទ្ធភាពជួយជីកយកអាចម៍ដី ដើម្បីស្តារអាងស្តុកទឹកដំណាក់ក្រាញ់ និងជួយអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន
ក្នុងនោះដែរ ក្រុមហ៊ុន ត្រូវសិក្សា និងរៀបចំប្រព័ន្ធដោះទឹកភ្លៀងនៅតំបន់គម្រោងឱ្យបានត្រឹមត្រូវ ចៀសវាងការជន់លិចដីស្រែរបស់ប្រជាពលរដ្ឋនៅតំបន់នោះ និងបណ្តាលឱ្យខ្វះខាតទឹកសម្រាប់ធ្វើស្រែចម្ការរបស់ប្រជាជននៅផ្នែកខាងក្រោម ជាពិសេសប៉ែកខាងជើងនៃទីតាំងគម្រោង។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន ត្រូវសិក្សាពីការធ្វើរបងព័ទ្ធជុំវិញទីតាំងគម្រោង ចៀសវាងបង្កឱ្យមានការប៉ះពាល់ដល់សត្វគោក្របីរបស់អ្នកស្រុកដែលអាចធ្លាក់ចូលទៅក្នុងប្រឡាយក្រុមហ៊ុនដោយយថាហេតុ
បន្ថែមពីនេះទៀត ក្រុមហ៊ុន ត្រូវសិក្សាបន្ថែមពីការប្រែប្រួលអាកាសធាតុដែលអាចជះឥទ្ធិពលទៅលើគម្រោង ដើម្បីឱ្យស្រមទៅហ្នឹងបរិយាកាស ដោយត្រូវកាត់បន្ថយការហុយធូលី ដែលកើតឡើងដោយសារសកម្មភាពដឹកជញ្ជូន និងឈូសឆាយដី ជាពិសេសធ្វើការស្រោចទឹកជាប្រចាំនៅតាមដងផ្លូវ។ ក្នុងអំឡុងពេលធ្វើការនោះដែរ ក្រុមហ៊ុន ត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋានឱ្យបានជិតស្និទ្ធ ព្រមទាំងផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យចូលបម្រើការក្នុងក្រុមហ៊ុនឱ្យអស់លទ្ធភាព។
ជាបច្ចេកទេសទាក់ទៅនឹងសំណង់ ក្រុមហ៊ុន ត្រូវមានផែនការ និងគ្រប់គ្រងសំណល់ផ្ទាំងសូឡាឱ្យបានច្បាស់លាស់ និងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីកែសម្រួលរបាយការណ៍នេះ ស្របតាមស្មារតីអង្គប្រជុំ។
គូសបញ្ជាក់ថា កិច្ចប្រជុំខាងលើ មានសមាសភាពចូលរួមពីតំណាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អគ្គិសនីកម្ពុជា រដ្ឋបាលខេត្ត/មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន ក្រុម ក្រុមហ៊ុនទាំងពីរខាងលើទៅតាម កិច្ចប្រជុំនីមួយៗ និងក្រុមហ៊ុនទីប្រឹក្សា៕
ដោយ៖ឌីណា