ភ្នំពេញ៖ គម្រោងសិក្សាស្វែងរុករករ៉ែលោហៈ លើផ្ទៃដីទំហំ ១៣៦,១៨១ គីឡូម៉ែត្រការ៉េ (ស្មើនឹង ១៣.៦១៨ ហិកតា) ស្ថិតនៅតំបន់អន្លង់ជ្រៃ ក្នុងដែនជម្រកសត្វព្រៃ «ព្រៃឡង់» ក្នុងភូមិសាស្រ្តឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង របស់ក្រុមហ៊ុន NITTETSU MINING (CAMBODIA) Ltd. (ម្ចាស់គម្រោង) ព្រមទាំងសិក្សា និងរៀបចំរបាយការណ៍ ដោយក្រុមហ៊ុនទីប្រឹក្សា E&A Consultant Co., Ltd. ត្រូវបានអន្តរក្រសួងគាំទ្រ។
គម្រោងខាងលើដែលអន្តរក្រសួងគាំទ្រ នៅក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ដែលដឹកនាំដោយ សាបូ អូហ្សាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន នៅស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២០។
កិច្ចប្រជុំនេះ មានសមាសភាពចូលរួមពីតំណាងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន តំណាងអន្តរក្រសួងពាក់ព័ន្ធ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្តស្ទឹងត្រែង មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង អង្គការDPA នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ក្រុមហ៊ុន NITTETSU MINING (CAMBODIA) Ltd. និងក្រុមហ៊ុនទីប្រឹក្សា។
ជារួមកិច្ចប្រជុំ បានសម្រេចលទ្ធផល គឺគាំទ្រគម្រោងសិក្សាស្វែងរុករករ៉ែលោហៈនេះ ក្នុងនោះដែរ ក្រុមហ៊ុន ត្រូវធ្វើការសិក្សាឱ្យបានលម្អិតទាក់ទង់ការសិក្សាត្រួតលើដែនជម្រកសត្វព្រៃ «ព្រៃឡង់» សហគមន៍តំបន់ការពារធម្មជាតិ «គិរីសុខសាន្ត» សហគមន៍តំបន់ការពារធម្មជាតិ «អន្លង់ជ្រៃ» និងរបៀងអភិរក្សជីវៈចម្រុះឦសាន ព្រមទាំងធ្វើការសិក្សាពីលទ្ធភាពដើម្បីកាត់ចេញតំបន់ការពារទាំងនោះ។
ជាមួយគ្នានេះ ក្រុមហ៊ុន ត្រូវសិក្សាការប៉ះពាល់ជាមួយប្រជាពលរដ្ឋឱ្យបានលម្អិតដែលកើតមាន ឡើងពីសកម្មភាពគម្រោង ព្រមទាំងធ្វើការដោះស្រាយឱ្យបានត្រឹមត្រូវ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន មុននឹងអនុវត្តគម្រោង។ អន្តរក្រសួងបាន ស្នើសុំឱ្យមានការប្រជុំលម្អិត ជាមួយអគ្គនាយកដ្ឋានការពារ និងអភិរក្សធនធានធម្មជាតិ ដោយមានការចូលរួមពីតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន មន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា ដែលអាចពាក់ព័ន្ធ នឹងការប៉ះពាល់ទៅលើតំបន់អភិរក្ស និងគម្រោងលក់ការបូន (REED+) ដែលកំពង់សិក្សានៅតំបន់នោះ។
ម្យ៉ាងវិញទៀត ក្រុមហ៊ុន ត្រូវនិងជូនដំណឹងដល់ប្រជាពលរដ្ឋ អាជ្ញាធរមូនដ្ឋាន និងក្រសួង/ស្ថាប័នពាក់ព័ន្ធឱ្យបានត្រឹមត្រូវមុននឹងអនុវត្តគម្រោង ស្របពេលជាមួយគ្នានេះ ត្រូវគ្រប់គ្រងសំណល់រឹង-រាវ ជាពិសេសសំណល់ប្រេង ដែលកើតឡើងដោយសារសកម្មភាពគម្រោងឱ្យបានត្រឹមត្រូវចៀសវាងបង្កឱ្យមានការប៉ះពាល់ដល់សុខភាពសាធារណៈ ប្រភពទឹក និងជីវៈចម្រុះទាំងលើគោក និងក្នុងទឹក។ ចំពោះការជួយដល់សង្គមបរិស្ថាន ក្រុមហ៊ុន ត្រូវស្តារបរិស្ថានឡើងវិញឱ្យបានត្រឹមត្រូវ ដែលប៉ះពាល់ដោយសារកម្មភាពគម្រោង ក្នុងនោះត្រូវរង់ចាំរហូតដល់មានការសម្រេចពីក្រសួងបរិស្ថានជាមុនសិន មុននឹងធ្វើការសិក្សាស្វែងរុករករ៉ែលោហៈ ហើយនិងត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា ដើម្បីបញ្ចូលនូវអនុសាសន៍ដែលអង្គប្រជុំបានលើកឡើងនូវចំណុចវិជ្ជមានទៅក្នុងរបាយការណ៍ IESIA ឱ្យបានត្រឹមត្រូវ៕
ដោយ៖ឌីណា