ភ្នំពេញ៖ សន្តិភាពគឺជាមូលដ្ឋានដ៏សំខាន់នៃការអភិវឌ្ឍន៍ ប៉ុន្តែសន្តិភាពសាកលនាពេលបច្ចុប្បន្ននៅមានភាពផុយស្រួយដោយសារការវិវឌ្ឍទៅរកក្របខណ្ឌពហុប៉ូល ការប្រកួតប្រជែងផលប្រយោជន៍ និងការកែតម្រូវតុល្យភាពនៃអំណាចសកល។ ជាការថ្លែងរបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ (World Summit 2020 Assembly) គ្រប់ខួប១០០ឆ្នាំ នៅសាធារណរដ្ឋកូរ៉េ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០។
សម្ដេច ហ៊ុន សែន បានបន្តថា តាមរយៈប្រធានបទនៃវេទិកានេះ គឺពិតជាមានសារៈសំខាន់ និងចាំបាច់ស្របពេលដែលប្រជាជាតិទាំងអស់ក្នុងពិភពលោកបច្ចុប្បន្នកំពុងប្រឈមនឹងបញ្ហាជាច្រើនដែលកំពុងបង្កផលប៉ះពាល់ និងគំរាមដល់សន្តិភាព កំណើនសេដ្ឋកិច្ច វិបុលភាព និងភាពសុខដុមរមនារបស់ប្រជាជនក្នុងសកលលោក។
សម្រាប់កម្ពុជា ដែលជាប្រទេសធ្លាប់ឆ្លងកាត់សង្គ្រាម និងវិបត្តិវិនាសកម្មជាច្រើន កម្ពុជាយល់ឃើញថា សន្តិភាពពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ អ្វីគ្រប់យ៉ាងដែលកម្ពុជាសម្រេចបានកន្លងមកនេះទាំងការអភិវឌ្ឍ និងវិបុលភាព គឺជាផ្លែផ្កានៃសន្តិភាព។ ជាការបន្ថែមរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសង្កត់ធ្ងន់ថា «ជាមួយគ្នានេះរាជរដ្ឋាភិបាលបានយល់ច្បាស់ថា ការបន្តរក្សាបាននូវសន្តិភាព គឺមិនអាចកាត់ផ្ដាច់បានពីការផ្ដល់ឱកាសស្មើគ្នាជូនប្រជាជនគ្រប់រូបនូវផ្លែផ្កានៃការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាអភិវឌ្ឍធនធានមនុស្សឱ្យក្លាយទៅជាធនធានដែលមានសក្តានុពលមិនចេះរីងស្ងួត»។
ឈរលើមូលដ្ឋាននេះរាជរដ្ឋាភិបាលកម្ពុជាបាន កែទម្រង់ស៊ីជម្រៅលើវិស័យអប់រំ សំដៅពង្រឹងគុណភាព និងពង្រីកសេវាអប់រំដើម្បីទទួលបានធនធានមនុស្សប្រកបដោយគុណភាពសម្រាប់គាំទ្រការសម្រេចចិត្តនៅចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។ ជាការបន្ថែមទៀត របស់ សម្ដេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ទៀតថា «រាជរដ្ឋាភិបាលនឹងបន្តចាត់ទុកវិស័យអប់រំជាវិស័យដែលមានអាទិភាពខ្ពស់ហើយនឹងបន្តបង្កើនថវិកាចំណាយជូនដល់វិស័យនេះបន្ថែមទៀតជាបន្តបន្ទាប់»។
ក្នុងកិច្ចប្រជុំខាងលើ នាយករដ្ឋមន្រ្តីកម្ពុជា បន្តថា ថវិកាចំណាយនេះ គឺផ្ដោតទៅលើការសាងសង់សាលារៀន ដំណើរការសាលារៀន ការពង្រឹងគុណភាពនៃការប្រឡងនៅគ្រប់កម្រិត ការពង្រឹងគុណភាពសាលារៀនជំនាន់ថ្មី ការពង្រឹងការសិក្សាជំនាញបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសការស្រាវជ្រាវលើមុខវិជ្ជាវិទ្យាសាស្ត្រពិត បច្ចេកទេស វិស្វកម្ម និងគណិតវិទ្យា និងផ្ដល់អាហារូបករណ៍ដល់សិស្សនិស្សិតក្រីក្រគ្រប់កម្រិត។
សម្ដេច នាយករដ្ឋមន្រ្តីបានលើកទឡ្ហីករណ៍ថា ផ្អែកទៅលើបទពិសោធន៍ជាក់ស្ដែងនេះ និងក្នុងនាមថ្នាក់ដឹកនាំកម្ពុជាដែលបានឆ្លងកាត់សង្រ្គាមផ្ទាល់ និងបានខិតខំប្រឹងប្រែងស្វែងរកសន្តិភាពជូនប្រទេសតូចមួយនេះ ការកសាង និងថែរក្សាសន្តិភាពមានតម្លៃមិនអាចកាត់ថ្លៃបាន ហើយសន្តិភាពគឺជាមូលដ្ឋានគ្រឹះក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការពង្រឹងសន្តិសុខ និង អភិវឌ្ឍន៍មនុស្សជាតិ។
នៅក្នុងឱកាសនោះដែរ ប្រមុខរាជរដ្ឋាភិបាលម្ពុជា បានចែករំលែកនូវទស្សនៈមួយចំនួនដើម្បីចូលរួមចំណែកពង្រឹងសន្តិភាព សន្តិសុខ និងការអភិវឌ្ឍធនធានមនុស្សដូចជា
ទី១-បន្តលើកកម្ពស់ប្រព័ន្ធពហុភាគីនិយម និងសណ្ដាប់ធ្នាប់អន្តរជាតិដែលផ្អែកលើបទបញ្ញត្តិសំដៅបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីធានាឱ្យបាននូវសន្តិភាព សន្តិសុខ សុវត្ថិភាព និង ស្ថេរភាពយ៉ាងពេញលេញតាមរយៈការជំរុញលើកកម្ពស់កិច្ចសន្ទនាជិតស្និទ្ធ ការកសាងទំនុកចិត្តព្រមទាំងការដោះស្រាយបញ្ហាតំបន់ដោយសន្តិវិធីនិងដោយឈរលើគោលការណ៍នៃច្បាប់អន្តរជាតិ។
ទី២-ជំរុញវប្បធម៌សន្ទនាអន្តរជំនឿ ដើម្បីកសាងការយល់ដឹងអំពីគ្នាទៅវិញទៅមក ការគោរពគ្នា ការជឿទុកចិត្តគ្នា ការអធ្យាស្រ័យគ្នាទៅវិញទៅមក និងការគោរពអោយបានខ្ជាប់ខ្ជួននូវគោលការណ៍មិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃព្រោះថាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងពីសំណាក់ប្រទេសខាងក្រៅតែងតែនាំមកនូវវិនាសនិងមហន្តរាយដល់ការអភិវឌ្ឍរបស់ប្រទេសនោះ។
ទី៣-ពង្រឹងកិច្ចសហប្រតិបត្តិការបន្តជំរុញសកលភាវូបនីយកម្ម ត្រូវធានាថាយន្តការកិច្ចសហប្រតិបត្តិការរក្សាបាននូវស្មារតីបើកចំហរ និងគាំទ្រប្រព័ន្ធពាណិជ្ជកម្មពហុភាគី ជាពិសេសការពន្លឿនការតភ្ជាប់រវាងសង្គម និងសេដ្ឋកិច្ចរបស់យើងសម្រាប់ជំរុញរបៀបវារៈនៃការអភិវឌ្ឍរបស់ប្រទេសនីមួយៗ និងសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងបរិយាប័ន្ន។
ទី៤-ជំរុញការអភិវឌ្ឍ តាមរយៈអភិក្រមក្នុងការកំណត់កត្តាមនុស្សជាស្នូល ជាពិសេសចំពោះកិច្ចការអភិវឌ្ឍនិងពង្រឹងប្រព័ន្ធសុខមាលភាពសង្គមដូចជាការពង្រឹងគុណភាពអប់រំការកែលម្អសុខមាលភាពការរស់នៅការកាត់បន្ថយភាពក្រីក្រ និងការបង្រួមគម្លាតនៃការអភិវឌ្ឍឲ្យស្របទៅនឹងកំណើនឲ្យស្របទៅនឹងការរីកចំរើនឆាប់រហ័ស និងឥតឈប់ឈរនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចសង្គម។
សម្ដេច នាយករដ្ឋមន្ត្រីសង្ឃឹមថា កិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០នេះ នឹងជំរុញឱ្យមានការពិភាក្សាគ្នាយ៉ាងផុសផុលទៅលើស្ថានភាព និងបញ្ហាប្រឈមដែលពិភពលោកកំពុងតែជួបប្រទះក្នុងពេលបច្ចុប្បន្ន ជាពិសេសទាក់ទងទៅនឹងសន្តិភាព និងការអភិវឌ្ឍមនុស្សជាតិ។
នាយករដ្ឋមន្ត្រីបានឱ្យដឹង ថាប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបលើកទី១៣ ក្រោមប្រធានបទ«ការពង្រឹងពហុភាគីនិយមដើម្បីកំណើនរួម» នៅខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ ក្នុងគោលបំណងបង្កើតការមូលមតិគ្នាជាអន្តរជាតិប្រកបដោយថាមពលស្ដីអំពីសារៈសំខាន់នៃក្របខណ្ឌពហុភាគីក្នុងការដោះស្រាយបញ្ហា និងការប្រឈមរបស់ពិភពលោក៕
ដោយ៖ឌីណា