Register Already an agent ? Login

លោក ថោង ខុន៖ ឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ៦.៦លាននាក់ កើនឡើង៦.៦ភាគរយ

ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៩ មានចំនួនសរុប៦,៦១០,៥៩២នាក់ ដែលកើនឡើង៦.៦ភាគរយ បើធៀបនឹងឆ្នាំ២០១៨។

លោក រដ្ឋមន្រ្តីបានបន្តថា ទោះបីស្ថានភាពសេដ្ឋកិច្ចពិភពលោកជួបបញ្ហាប្រឈមមួយចំនួនក្តី ក៏កម្ពុជានៅការរក្សាបានកំណើនភ្ញៀវទេសចរ ដោយសារតែមានសុខសន្តិភាព ស្ថិរភាពនយោបាយល្អ ធានាបាននូវសុខសុវត្ថិភាពជូនភ្ញៀវទេសចរ ក្រោមការដឹកនាំ ប្រមុខរាជរដ្ឋាភិបាលនៃកម្ពុជា។ «ឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៦.៦១លាននាក់ ក្នុងកំណើន ៦.៦ភាគរយ ធៀប២០១៨ និងមានទេសចរកម្ពុជាធ្វើដំណើរចេញក្រៅប្រទេស ចំនួន២.០១លាននាក់ ក្នុងកំណើន២.០១ភាគរយ បើប្រៀបធៀប២០១៨»។ ជាការបញ្ជាក់ របស់ លោក ថោង ខុន។

ទិន្នន័យរបស់ក្រសួងដដែលនេះបានឱ្យដឹងថា ចំនួនទេសចរអន្ដរជាតិផ្ទៃក្នុងទៅទស្សនាតំបន់អាទិភាព (ឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨) តំបន់ភ្នំពេញ ទទួលបានទេសចរអន្ដរជាតិ ចំនួន៤,៤០៤,៨៩៥នាក់ ស្មើនឹង៥៥.៨ភាគរយ នៃចំនួនសរុបកើនឡើង ២២ភាគរយធៀបនឹងឆ្នាំ២០១៨។

សៀមរាបអង្គរ ទទួលបានទេសចរអន្ដរជាតិ ចំនួន២,២០៥,៦៩៧នាក់ ស្មើនឹង២៧.៩ភាគរយ នៃចំនួនសរុបថយចុះ១៤.៩ភាគរយ ធៀបនឹងឆ្នាំ២០១៨។ តំបន់ឆ្នេរសមុទ្រ ទទួលបានទេសចរអន្ដរជាតិ ចំនួន១,២០៤,៣៧៤នាក់ ស្មើនឹង១៥.៣ភាគរយ នៃចំនួនសរុបកើនឡើង ៣៧.៣ភាគរយ ធៀបនឹងឆ្នាំ២០១៨។ តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ដ ទទួលបានទេសចរអន្ដរជាតិ ចំនួន៨១,៥៨៨នាក់ ស្មើនឹង១ភាគរយនៃចំនួនសរុបកើនឡើង ៨.៦ភាគរយ ធៀបនឹងឆ្នាំ២០១៨។ តំបន់ប្រាសាទព្រះវិហារ ទទួលបានទេសចរអន្ដរជាតិ ចំនួន ៥៤,៦០៦នាក់ ថយចុះ ៣.៥ភាគរយ ធៀបនឹងឆ្នាំ២០១៨

ទិន្នន័យដដែលបានបញ្ជាក់ថា នៅឆ្នាំ២០១៩កន្លងទៅនេះ ទេសចរបរទេសសក្តានុពល ដែលបានមកដល់កម្ពុជារួមមាន៖១-ចិន ២,៣៦១,៨៤៩នាក់ កើនឡើង១៦.៧ភាគរយ។ ២-វៀតណាម ៩០៨,៨០៣នាក់ កើនឡើង១៣.៦ភាគរយ។ ៣-ថៃ ៤៦៦,៤៩៣នាក់ កើនឡើង២២ភាគរយ។ ៤-ឡាវ ៣៦៣,៩៥១នាក់ ថយចុះ ១៤.៦ភាគរយ។ ៥-កូរ៉េ ២៥៤,៨៧៤នាក់ ថយចុះ ១៥.៥ភាគរយ។

៦-អាមេរិក ២៤៨,៨៦៣នាក់ ថយចុះ ០.៨ភាគរយ។ ៧-ជប៉ុន ២០៧,៦៣៦នាក់ ថយចុះ ១.៣ភាគរយ។ ៨-ម៉ាឡេស៊ី ២០៣,០០៨នាក់ កើនឡើង០.៩ភាគរយ។ ៩-បារាំង ១៦៤,១១៧នាក់ ថយចុះ ៣.៩ភាគរយ។ ១០-អង់គ្លេស ១៦៣,១៧៧នាក់ កើនឡើង០.៥ភាគរយ។ លោក ថោង ខុន បញ្ជាក់ទៀថា ចំពោះទេសចរក្នុងស្រុកឆ្នាំ២០១៩ មានចំនួនប្រមាណ១១.៥លាននាក់កើន២.១ភាគរយ ប្រៀបធៀបនឹង២០១៨ ។ ដោយឡែកភ្ញៀវទេសចរកម្ពុជា ចេញទៅទេសចរនៅក្រៅប្រទេស មានចំនួន ២,០៣៨,២៨៤នាក់ កើនឡើង ២.១ភាគរយ៕

ដោយ៖ឌីណា