ភ្នំពេញ៖ ក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ ដែលមានក្រុមហ៊ុនជាបុត្រសម្ព័ន្ធចំនួន៥ បច្ចុប្បន្ន កំពុងអភិវឌ្ឍដំណាំកសិឧស្សាហកម្មលើផ្ទៃដី ១៨ពាន់ហិកតា ក្នុងនោះបានដំណើរការរៀបចំចម្ការរចេកលើផ្ទៃដីជាង ៧ពាន់ហិកតាក្នុងនោះជាង ៣ពាន់ហិកតា កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគជាង ៤០០ លានដុល្លា។ បើតាមការឱ្យដឹងពីក្រសួងកសិកម្ម។
ក្រសួងបានបន្តថា ការប្រើប្រាស់ទុនវិនិយោគជាង ៤០០លានដុល្លា សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក រៀបចំកូនដាំ រៀបចំរចនាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួន២ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន ៨ ដែលបានចែកចេញជា២ ស្តង់ដារគឺចិន និងជប៉ុន។ល។ ក្នុងខ្សែច្រវាក់ផលិតកម្មទាំងមូលប្រើប្រាស់ពលកម្មសរុប ២០០នាក់។
ក្រុមហ៊ុនក៏មានរោងចក្រវេចខ្ចប់ចំនួន ១០ ផងដែរ ដែលមានសមត្ថភាពផលិតបាន ២៥ម៉ឺនតោនក្នុង១ឆ្នាំ។ ហើយក្នុងឆ្នាំ ២០២០នេះ ក្រុមហ៊ុននឹងបង្កើនបរិមាណផលិតកម្មចេកស្រស់ឱ្យកើនឡើងដល់ ៥០០ពាន់តោន និងបន្តជំរុញការដាំដុះ កែច្នៃ និងនាំចេញដំណាំមួយចំនួនទៀតដូចជាស្វាយ ក្រូចថ្លុង ស្រកានាគ និងខ្មុរ ដែលត្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ១៥ពាន់នាក់បន្ថែមទៀត។ ជាការបន្ថែមរបស់ក្រសួងកសិកម្ម។
ពាក់ព័ន្ធទៅហ្នឹងដំណាំកសិឧស្សាហកម្មនេះ នៅក្នុងជំនួបកិច្ចពិភាក្សា រវាង លោក Doan Nyuyen Duc ប្រធានក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) ជាមួយ លោក វេង សាងខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅទីស្ដីការក្រសួង កាលលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ បានស្នើដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធជួយទាក់ទាញកម្លាំងពលកម្ម ទាំងពលករដែលបានចំណាក់ស្រុកហើយ និងពលករដែលកំពុងនៅក្នុងស្រុកមកធ្វើការនៅក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៥ ដែលកំពុងប្រទះនូវបញ្ហាកង្វះខាតពលកម្ម។
ប្រធានក្រុមហ៊ុនខាងលើបានបន្តឱ្យដឹងថា ក្រុមហ៊ុនក៏មានផែនការពង្រីកការវិនិយោគផងដែរ ដោយសំដៅទៅលើការបង្កើតកសិដ្ឋានចិញ្ចឹមគោយកសាច់ចំនួន ៥ពាន់ក្បាល ដើម្បីរួមចំណែកក្នុងការជំរុញកំណើននៃការចិញ្ចឹមសត្វក្នុងស្រុក ជាពិសេសនាំចេញនាពេលអនាគត។
ជាការឆ្លើយតប លោក រដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ និងបញ្ហាប្រឈម រហូតដល់សម្រេចបានសមិទ្ធផលដ៏សំខាន់ៗជាច្រើន ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព និងនិរន្តរភាព។ ភ្ជាប់ទៅនឹងការវិនិយោគនេះ លោក វេង សាខុនបានបន្តថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួង បាននិងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្ដិការជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនតាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z។
លោក វេង សាខុន បានបន្ថែមថា តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារអន្តរជាតិ ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែច្រើនថែមទៀតនាពេលអនាគត។
ស្ថិតក្នុងជំនួបដដែល ប្រធានក្រុមហ៊ុនខាងលើ បន្ថែមថា ការគាំទ្រនិងកិច្ចសហការនេះហើយ បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្ត និងបង្កើនការវិនិយោគក្នុងវិស័យនេះ បើទោះបីជាក្រុមហ៊ុនបានជួបនូវបញ្ហាប្រឈមជាច្រើននាពេលកន្លងមក រហូតមកសម្រេចបានសមិទ្ធផលដ៏ធំធេងមួយនាពេលថ្មីៗនេះ គឺការសម្ភោធជាផ្លូវការនៃការនាំចេញចេកអំបូងលឿងកម្ពុជាឆ្ពោះត្រង់ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន។
ក្នុងបរិយាកសដដែល លោក រដ្ឋមន្រ្តីបាន ណែនាំដល់ក្រុមហ៊ុនធ្វើយ៉ាងណាបង្កើនកិច្ចសហប្រតិបត្តិការឱ្យកាន់តែល្អប្រសើរជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយលេខាធិការដ្ឋាន ដីសម្បទានសេដ្ឋកិច្ចនូវរាល់ការងារបំពេញបែបបទដែលនៅសេសសល់ និងជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការអនុវត្តច្បាប់ និងបច្ចេកទេសសំដៅលើអនាម័យ និងភូតគាមអនាម័យ ដើម្បីបង្កើនជំនឿទុកចិត្តលើគុណភាព និងសុវត្ថិភា។
ចំពោះផែនការវិនិយោគបង្កើតកសិដ្ឋានចិញ្ចឹមគោរបស់ក្រុមហ៊ុន លោក វេង សាខុន បានស្វាគមន៍ និងគាំទ្រជាខ្លាំង ព្រោះថានេះគឺជាការវិនិយោគដ៏ធំមួយក្នុងអនុវិស័យផលិតកម្មសត្វដែលប្រាកដថានឹងចូលរួមជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ ដូច្នេះលោកស្នើឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក្នុងការបំពេញបែបបទក្នុងការបង្កើតកសិដ្ឋានប្រកបដោយស្តង់ដារ និងអនាម័យ៕
ដោយ៖ឌីណា