Register Already an agent ? Login

លោក ប៉ាន សូរស័ក្តិ៖ ការវិវដ្តដ៏លឿននៃបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជី បានបង្កើតឡើងនូវកាលានុវត្តភាព ប៉ុន្តែទាមទាឱ្យមានការគិតគូច្បាស់លាស់លើប្រតិបត្តិការ

ភ្នំពេញ៖ ការវិវដ្តដ៏លឿននៃបច្ចេកវិទ្យា និងនវានុវត្ដន៍ឌីជីថល បានបង្កើតឡើងនូវកាលានុវត្តភាព ក៏ដូចជាការប្រឈមជាច្រើន ដែលទាមទាឱ្យមានការគិតគូច្បាស់លាស់ លើការប្រតិបត្តិការងារនានា ដែលពឹងផ្អែកបច្ចេកវិទ្យាជាមធ្យោបាយ។ ជាការថ្លែងរបស់ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិនិត្យ ពិភា ក្សា និងអនុម័តលើសេចក្ដីព្រាងយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក កាពីល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០

រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មថ្លែងបន្តថា ការងារទាំងនេះ ត្រូវបានរំលេចយ៉ាងច្បាស់លាស់ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ នៅក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលអាណត្តិទី៦ ត្រង់មុំទី៣ ព្រមទាំងនៅក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដែលតម្រូវឱ្យរដ្ឋាភិបាលមានការពិនិត្យ និងត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤។

ក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវមួយច្បាស់លាស់ដល់ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅកម្ពុជា។ ជាការបន្ថែមរបស់ រដ្ឋមន្រ្តីក្រសួងដដែល លោក ថា លើសពីនោះទៀត យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យឯកជន ដែលត្រូវការឯកសារមួយសម្រាប់បញ្ជាក់ជូនអំពីចក្ខុវិស័យ និងគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យនេះ។

លោក ប៉ាន សូរស័ក្កិ បានបន្ថែមទៀតថា ការរៀបចំយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅវេលានេះ ជាការមួយដ៏ត្រឹមត្រូវ គាប់ជួនជាមួយនឹងការអនុម័តច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានព្រះមហាក្សត្រជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ឡាយព្រះហស្ថលេខាប្រកាសឱ្យប្រើប្រាស់ក្រោមព្រះរាជក្រមលេខ នស/រកម/១១១៩/០១៧ ចុះថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

«ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាប្រធានបទមួយដ៏សំខាន់នៅក្នុងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ក្នុងក្របខណ្ឌតំបន់ និងពិភពលោក»។ ជាការបញ្ជាក់របស់ រដ្ឋមន្រ្តីដដែល លោកឱ្យដឹងថា ជាក់ស្ដែងកម្ពុជាបានចុះហត្ថលេខា និងអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងអាស៊ាន ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និងកិច្ចសម្រួលកំណើនពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅក្នុងតំបន់អាស៊ាន។​

នៅក្នុងកិច្ចប្រជុំខាងលើ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ពុជា បានសង្កត់ធ្ងន់ថា ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ជាផ្នែកមួយនៃកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ហើយក៏មានការចរចាយ៉ាងផុសផុលផងដែរ នៅអង្គការពាណិជ្ជកម្មពិភពលោក ដើម្បីចងក្រងជាកិច្ចព្រមព្រៀងក្របខណ្ឌអង្គការពាណិជ្ជកម្មពិភពលោកផងដែរ។

រដ្ឋមន្រ្តីជាន់ខ្ពស់កម្ពុជាដដែលនេះ បានបញ្ជាក់ទៀតថា «ការរៀបចំយុទ្ធសាស្ត្ររបស់យើងនាពេលនេះ ពិតជាស័ក្តិសមណាស់ក្នុងបរិបទបច្ចេកវិទ្យាទំនើប ការវិវត្តនៃប្រទេស និងស្របទៅនឹងនិន្នាការតំបន់ និងពិភពលោក។ ការប្រែក្លាយនៃរបត់ពាណិជ្ជកម្មបែបប្រពៃណី មកជាការធ្វើពាណិជ្ជកម្មទំនើបតាមបច្ចេកវិទ្យា នឹងនាំមកនូវកាលានុវត្តភាព និងភាពប្រឈមព្រមៗគ្នាក្នុងពេលតែមួយ»។

លោក បានឱ្យដឹងទៀតថា កម្ពុជានាពេលបច្ចុប្បន្ន ក៏កំពុងតែចូលរួមយ៉ាងសកម្មផងដែរនៅក្នុងវិស័យ E-Commerce ដោយជាក់ស្ដែងមិនតិចជាងក្រុមហ៊ុនចំនួន ៣០ ដែលកំពុងតែធ្វើអាជីវកម្មក្នុងវិស័យ E-Commerce ដូចជាការងារដឹកជញ្ជូនមនុស្ស កក់សំបុត្ររថយន្ត ដឹកជញ្ជូនទំនិញ និងចំណីអាហារ ទីផ្សារអនឡាញ អចលនទ្រព្យ ។ល។ ការរីកដុះដាលនៃក្រុមហ៊ុនថ្មីៗទាំងនេះ ក៏ជួនពេលជាមួយនឹងការចាប់ផ្ដើមប្រើប្រាស់ការបង់ប្រាក់តាមអេឡិចត្រូនិកយ៉ាងទូលំទូលាយ។

«យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ មិនមែនសម្រាប់តែក្រសួងពាណិជ្ជកម្មតែម្នាក់ឯងនោះទេ ប៉ុន្តែជាយុទ្ធសាស្ត្ររួមដែលទាមទារឱ្យ ក្រសួង-ស្ថាប័នទាំងអស់ទាក់ទងនឹងវិស័យពាណិជ្ជកម្ម សហការគ្នាដើម្បីអនុវត្ត ក្នុងគោលបំណងជំរុញគោលនយោបាយអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក្នុងបរិបទបច្ចុប្បន្ន និងអនាគត ដើម្បីជាឧត្តមប្រយោជន៍រួមសម្រាប់កម្ពុជាទាំងមូល»។ ជាការសង្កត់ធ្ងន់បន្ថែម របស់ លោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

សូបញ្ជាក់ថា កិច្ចប្រជុំខាងលើដដែល ធ្វើឡើងនៅទីស្ដីការក្រសួងពាណិជ្ជកម្ម ដែលមានការអញ្ជើញចូលរួមពី លោក តឹករ៉េត សំរេច រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី លោកបណ្ឌិត Ratnakar Adhikari នាយកប្រតិបត្តិនៃស្ថាប័នក្របខណ្ឌពង្រឹងសមាហរណកម្ម (EIF) និងលោកជំទាវ លោក លោកស្រី មកពីក្រសួងពាក់ព័ន្ធនានា ប្រមាណ ៧៥នាក់៕

ដោយ៖ឌីណា