ភ្នំពេញ៖ គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំនឹងសម្លៀកបំពាក់ របស់ក្រុមហ៊ុន ភី ភី អេស អ៊ី ស៊ី ឯ.ក មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ក្នុងភូមិសាស្រ្តភូមិបឹងធំទី៣ សង្កាត់បឹងធំ ខណ្ឌកំបូល ភ្នំពេញ លើផ្ទៃដីទំហំ ១០.០០០ម៉ែត្រការ៉េ សិក្សា និងវាយតម្លៃដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី & អេ ខនសាន់ធេន ឯ.ក ដែលអន្តរក្រសួងគាំទ្រឱ្យវិនិយោគ ត្រូវបានសម្រេចនៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមដំបូង។
កិច្ចប្រជុំខាងលើ ដឹកនាំដោយ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន និងមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព តំណាងអន្តរក្រសួងពាក់ព័ន្ធ តំណាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋបាល/មន្ទីរបរិស្ថានរាជធានីភ្នំពេញ នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាននៃក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនវិនិយោគ និងក្រុមហ៊ុនទីប្រឹក្សា។
ជាទទួលលទ្ធផល កិច្ចប្រជុំខាងលើបានសម្រេចគាំទ្រដូចខាងក្រោម៖ អង្គប្រជុំ បានគាំទ្រគម្រោងវិនិយោគខាងលើ ក្នុងនោះក្រុមហ៊ុន ត្រូវកែសម្រួលនូវចំណុចខ្វះខាតនៅក្នុងរបាយការណ៍នេះ ស្របតាមស្មារតីអង្គប្រជុំ ជាមួយគ្នានេះដែរ ត្រូវរៀបចំផែនការគ្រប់គ្រងគុណភាពខ្យល់ និងបញ្ហាក្លិន ដោយបំពាក់ឧបករណ៍ចម្រោះខ្យល់ និងផ្តល់ម៉ាសការពារសម្រាប់បុគ្គលិក-កម្មការ។
ក្រុមហ៊ុន ត្រូវរៀបចំផែនការគ្រប់គ្រងសំណល់រឹង-រាវឱ្យបានត្រឹមត្រូវ ជាពិសេស ធុងស្តុកសារធាតុគីមី និងសំណល់ភក់ និងត្រូវពិនិត្យបច្ចេកទេសអាងប្រព្រឹត្តកម្មសំណល់រាវ ដើម្បីធានាសំណល់រាវចេញពីអាងប្រព្រឹត្តកម្មគោរពតាមស្តង់ដារ ដែលបានកំណត់។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុន ត្រូវរៀបចំផែនការការពារសុវត្ថិភាព ដោយត្រូវពន្យល់ណែនាំបុគ្គលិក-កម្មករឱ្យយល់ដឹងអំពីវិធានការការពារគ្រោះថ្នាក់ការងារ និងផ្តល់ឧបករណ៍សម្ភារៈការពាររៀងរាល់ពេលបំពេញការងារ។
ទាក់ទងជាមួយហ្នឹងច្បាប់ការងារ ក្រុមហ៊ុន ត្រូវរៀបចំផែនការការពារសុខុមាលភាពបុគ្គលិកកម្មករ ដោយត្រូវ ត្រួតពិនិត្យសុខភាពកម្មកររៀងរាល់ ០៦ខែម្តង និងត្រូវចុះបញ្ជីប័ណ្ណ ប.ស.ស ឱ្យបានគ្រប់គ្ន។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់ អប់រំផ្សព្វផ្សាយទៅកម្មករ ឱ្យចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។ ហើយអ្វីដែលកត្តាចម្បងក្នុងការចូលរួមក្នុងវិស័យសង្គម ក្រុមហ៊ុន ត្រូវសហការល្អជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមអភិវឌ្ឍន៍សហគមន៍៕
ដោយ៖ឌីណា