Register Already an agent ? Login

អន្តរក្រសួងគាំទ្រ លើគម្រោងបង្កើតអគារពហុមុខងារ លើផ្ទៃដីទំហំ ១៣.២៥១ម៉ែត្រការ៉េ នៅខេត្តព្រះសីហនុ

ភ្នំពេញ៖ អន្តរក្រសួង បានគាំទ្រលើម្រោងបង្កើតអគារពហុមុខងារ លើផ្ទៃដីទំហំ ១៣.២៥១ម៉ែត្រការ៉េ ដែលមានទីតាំងស្ថិតនៅក្នុងភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ របស់លោក ស៊ុន អេរីក (ម្ចាស់គម្រោង) ដែលបានសិក្សា និងរៀបចំរបាយការណ៍វាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន និងសង្គមដំបូង ដោយក្រុម​ហ៊ុនទីប្រឹក្សា សាស្ទីណាត ហ្រ្គីន។ បើតាមហ្វេសប៊ុកផ្លូវការក្រសួងបរិស្ថាន។

ការគាំទ្រគម្រោងខាងលើ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុ​ប៉ះពាល់បរិស្ថាន និងសង្គមដំបូង (IESIA) ដែលដឹកនាំដោយ លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ហើយមានការចូលរួមពី លោក លោកស្រីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋាន​នៃ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍន៍​ដោយចីរភាព​ តំណាងអន្តរក្រសួងពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋបាលខេត្ត/មន្ទីរបរិស្ថានខេត្តព្រះសីហនុ តំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា សាស្ទីណាត ហ្រ្គីន។

ជារួម​ អង្គប្រជុំ​ បានទទួលលទ្ធផល​ គាំទ្រទៅលើគម្រោងខាងលើ ពីព្រោះគម្រោងនេះនឹងចូលរួមដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ បង្កើតឱកាសការងារជូនប្រជាពលរដ្ឋ ជាមួយគ្នានេះ ក្រុមហ៊ុន​ ត្រូវគោរពទៅតាមបទដ្ឋានអនាម័យបរិស្ថាន ដោយត្រូវសហការជាមួយ​ស្ថាប័នជំនាញពាក់ព័ន្ធនឹងបច្ចេកទេស​នៃប្រព័ន្ធចម្រោះទឹកកខ្វក់ ឬអាងប្រព្រឹត្តកម្មទឹកកខ្វក់។

ម្យ៉ាងវិញទៀត ចំពោះការគ្រប់គ្រងសំណល់រឹង ក្រុមហ៊ុនត្រូវគិតគូរអំពីទីតាំងទុកដាក់ឱ្យបានត្រឹមត្រូវ និងសមរម្យ ដើម្បីកុំឱ្យប៉ះពាល់ដល់សោភ័ណ្ឌភាពសាធារណៈ ក្នុងនោះ ក្រុមហ៊ុន​ ត្រូវបំពាក់ប្រព័ន្ធអគ្គិភ័យដោយមានការទទួលស្គាល់ពីអ្នកជំនាញ​របស់ក្រសួងមហាផ្ទៃ។ ក្រុមហ៊ុន​ ត្រូវសហការជាមួយអាជ្ញាធរ​ដែនដី ដើម្បីចូលរួមគ្រប់គ្រងសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ និងមិនត្រូវឱ្យបុគ្គលិក-កម្មករស្នាក់នៅក្នុងអគារកំពុងសាងសង់ទេ។ ហើយ ក្រុមហ៊ុនម្ចាស់គម្រោង​ ត្រូវសហការជាមួយក្រុមហ៊ុនទីប្រឹក្សា​ ដើម្បីកែសម្រួល​របាយការណ៍​នេះ​ ស្របតាមស្មារតីអង្គប្រជុំ៕

ដោយ៖ឌីណា