Register Already an agent ? Login

អន្តរក្រសួងគាំទ្រទៅលើគម្រោងសាងសង់អគារពហុមុខងារ របស់ក្រុមហ៊ុន ថៃ ប៊ុន រ៉ុង នៅខេត្តព្រះសីហនុលើផ្ទៃដី ៧២.១១៥ម៉ែត្រការ៉េ

ភ្នំពេញ៖ គម្រោង​សាងសង់អគារពហុមុខងារ ស្ដារ អូហ្សិន បេ វិយូរ លើផ្ទៃដីទំហំ ៧២.១១៥ម៉ែត្រការ៉េ ដែលស្ថិតនៅនៅភូមិ១ សង្កាត់លេខ៣ ក្រុង/ខេត្តព្រះសីហនុ របស់ក្រុមហ៊ុន ថៃ ប៊ុន រ៉ុង ដែលសិក្សាវាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ ដោយក្រុមហ៊ុនទីប្រឹក្សា អ៊ី&អេ ខនសាល់ធេន ត្រូវបានអន្តរក្រសួងគាំទ្រពេញលេញ។

ការគាំទ្រគម្រោងខាងលើ នៅក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី​ ការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍​វាយតម្លៃហេតុប៉ះពាល់បរិស្ថាន និងសង្គមពេញលេញ (ESIA) ដែលដឹកនាំដោយ លោក សូ ខន​ ឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពី លោក និងលោកស្រី តំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងបរិស្ថាន អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព អគ្គាធិការដ្ឋាន ជំនួយការអមក្រសួង និងតំណាងអន្តរក្រសួង​ពាក់ព័ន្ធ​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រដ្ឋបាលខេត្ដ/មន្ទីរបរិស្ថានខេត្ដព្រះសីហនុ និងតំណាងនាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន តំណាងម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សា​។

ជារួមអង្គប្រជុំ​ បានទទួលលទ្ធផល​ ដូចខាងក្រោម៖ អង្គប្រជុំ​ បានគាំទ្រលើគម្រោងខាងលើ ក្នុងនោះ ម្ចាស់គម្រោង​ គួររំលេចរចនាបទខ្មែរខ្លះនៅក្នុងសំណង់អគារ ព្រមទាំង ត្រូវចូលរួមប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ។ ជាមួយគ្នានេះដែរ ត្រូវគ្រប់គ្រងសំណល់រឹង-រាវ​ ឱ្យបានត្រឹមត្រូវដោយគោរពទៅតាមបទដ្ឋានបច្ចេកទេស។ ហើយអ្វីដែលសំខាន់ ត្រូវញែកឱ្យដាច់រវាងប្រព័ន្ធ​រំដោះទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់។ ម្យ៉ាងវិញទៀត ម្ចាស់គម្រោង​ ត្រូវបញ្ចូលបន្ថែមច្បាប់សំណង់ថ្មីៗ និងគោរពឱ្យបានខ្ជាប់ខ្ជួន ថែមទាំងត្រូវ ​ ត្រូវគោរពតាមលក្ខខណ្ឌ​ដែលក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានកំណត់សម្រាប់ចំណតរថយន្ដ ដោយភ្ជាប់គ្នានេះផងដែរ ត្រូវរៀបចំប្រព័ន្ធការពារសុវត្ថិភាពឱ្យស្របតាមបទដ្ឋានបច្ចេកទេស។

ទាក់ទងទៅនឹងសាងសង់សំណង់ ម្ចាស់គម្រោង​ ត្រូវមានវគ្គបណ្ដុះបណ្ដាល​បុគ្គលិក-កម្មករឱ្យបាន​យល់ដឹងពីគ្រប់គ្រងសំណល់ និងពីការថែរក្សាបរិស្ថាន ហើយត្រូវប្រកាន់ភ្ជាប់នូវ ការពិនិត្យផ្ទៀងផ្ទាត់​ចំពោះការបង់មូលនិធិបរិស្ថាន​ និងសង្គម ហើយអ្វីដែលជាធាតុសំខាន់ ម្ចាស់គម្រោង និងក្រុមហ៊ុនទីប្រឹក្សាត្រូវកែសម្រួលរបាយការណ៍នេះ​ ស្របតាមស្មារតីអង្គប្រជុំ​៕

ដោយ៖ឌីណា