ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (The Council for the Development of Cambodia) បានផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនចំនួន ៣ វិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់ ក្នុងទំហំទឹកប្រាក់ ១៦,២លានដុល្លារ ដែលស្ថិតនៅខេត្តកំពង់ស្ពឺ និងកណ្ដាល ដោយបង្កើតការងារចំនួន ៤,០៤៨កន្លែង។
បើតាមទំព័រហ្វេសប៊ុក CDC បានឱ្យដឹងថា ក្រុមហ៊ុនទាំង ៣ ដែលទទួលបានសិទ្ធិវិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់មានដូចជា៖ ទី១-ក្រុមហ៊ុន KING LIAN (CAMBODIA) GARMENT FACTORY CO.,LTD. មានទីតាំងវិនិយោគស្ថិតនៅភូមិបុស្សតានៃ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣, ១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១, ២២៥កន្លែង។
ទី២-ក្រុមហ៊ុន K.Y ODYSSEY GARMENT CO.,LTD. ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០, ៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១, ៧៩៧កន្លែង។
ទី៣-ក្រុមហ៊ុន KNITERACY ASIA COMPANY LIMITED ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ២,៤លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០២៦កន្លែង៕
ដោយ៖ឌីណា