ភ្នំពេញ៖ គិតមកដល់ចុងឆ្នាំ២០១៩ អគ្គិសនីកម្ពុជាភ្ជាប់ចរន្តឱ្យបន្ទប់ជួល ឬផ្ទះជួល បានចំនួន ១៨,១៤១ ទីតាំង ស្មើនឹង១០០ភាគរយ គិតជាចំនួនបន្ទប់ជួល ឬផ្ទះជួលសរុបចំនួន ៣១២,៦៦១ ស្មើនឹង ១០០ភាគរយ និងភ្ជាប់ចរន្តឱ្យតូបលក់ដូរនៅតាមផ្សារបានចំនួនសរុប ៤៩ផ្សារ ស្មើនឹង ១០០ភាគរយ គិតជាចំនួនតូបលក់ដូរបានចំនួនសរុប ៤០,៥១២ ស្មើនឹង ១០០ភាគរយ។ បើតាមរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ របស់អាជ្ញាធរអគ្គិសនីកម្ពុជា។
ការភ្ជាប់ចរន្តឱ្យបន្ទប់ជួល ឬផ្ទះជួលក្នុងតំបន់របស់អគ្គិសនីកម្ពុជា ទើបអនុវត្តនៅរាជធានីភ្នំពេញ ប៉ុណ្ណោះ ប៉ុន្តែ ការភ្ជាប់ចរន្តឱ្យតូបលក់ដូរនៅតាមផ្សារ បានអនុវត្តនៅទូទាំងប្រទេស។ ជាការបញ្ជាក់របស់ អាជ្ញាធរអគ្គិសនីកម្ពុជា។
ចំពោះតំបន់ផ្គត់ផ្គង់របស់អ្នកកាន់អាជ្ញាបណ្ណឯកជន ភ្ជាប់ចរន្តឱ្យបន្ទប់ជួល ឬផ្ទះជួល បានចំនួន ៧៦៥ទីតាំង នៃចំនួនទីតាំងសរុប ២,០៦៣ ស្មើនឹង ៣៧.០៨ភាគរយ គិតជាចំនួនបន្ទប់ជួល ឬផ្ទះជួល បានចំនួន ១១,៣៦៧ នៃចំនួនបន្ទប់ជួល ឬផ្ទះជួលសរុប ២៣,២៥៩ ស្មើនឹង ៤៨.៨៧ភាគរយ និងភ្ជាប់ចរន្តឱ្យតូបលក់ដូរនៅតាមផ្សារ បានចំនួន ២៣៤ផ្សារ នៃចំនួនផ្សារសរុប ២៦២ស្មើនឹង ៨៩.៣១ភាគរយ គិតជាចំនួនតូបលក់ដូរ បានចំនួន ២១,២៣៦តូប នៃចំនួនតូបលក់ដូរសរុប ២៣,៥១៥ ស្មើនឹង ៩០.៣១ភាគរយ។ ជាការបន្តរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា។
ការអភិវឌ្ឍបង្កើនសមត្ថភាពនៃបណ្តាញបញ្ជូនរងនិងបណ្តាញចែកចាយ គឺពឹងផ្អែកលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធចំនួន ៣គឺ ១-ខ្សែបណ្តាញ MV បានកើនឡើងដល់ ៣៤,០៥៦គីឡូម៉ែត្រ។ ២-ត្រង់ស្វូចែកចាយ បានកើនឡើងដល់ ១៨,៤៦២គ្រឿង និង៣.ខ្សែបណ្តាញ LV បានកើនឡើងដល់ ៣៦,៨៥៣គីឡូម៉ែត្រ។ តាមការឱ្យដឹងពីរបាយការណ៍ខាងលើ បានបញ្ជាក់ទៀតថា គោលដៅនៃការអភិវឌ្ឍបណ្តាញបញ្ជូនរងនិងបណ្តាញចែកចាយនេះ គឺធ្វើយ៉ាងណាឱ្យគ្រប់ភូមិអាចទទួលបានការផ្គត់ផ្គង់អគ្គិសនីនៅឆ្នាំ២០២០។
នៅចុងឆ្នាំ២០១៩ ព្រំដែននៃអាជ្ញាបណ្ណដែលអាជ្ញាធរអគ្គិសនីកម្ពុជាបានផ្តល់ឱ្យអ្នកកាន់អាជ្ញាបណ្ណចែកចាយ វិនិយោគអភិវឌ្ឍន៍បណ្តាញចែកចាយអគ្គិសនី ទាំងរដ្ឋ និងទាំងឯកជន មានចំនួន ៩៩.៤៨ភាគរយ នៃចំនួនភូមិទូទាំងប្រទេស។ បើតាមរបាយការណ៍ដដែល បន្តថា នៅចុងឆ្នាំដដែល ការសាងសង់បណ្តាញចែកចាយអគ្គិសនីបន្ថែមធ្វើបាន ៥.៨៣ភាគរយ នៃចំនួនភូមិថែមទៀត ធ្វើឱ្យភូមិដែលមានបណ្តាញចែកចាយរួច បានកើនឡើងពី ៨៦.៨៥ភាគរយ នៅចុងឆ្នាំ២០១៨ មក៩២.៦៨ភាគរយ នៅចុងឆ្នាំ២០១៩។
នៅចុងឆ្នាំ២០១៩ដដែលនេះ ភូមិពុំទាន់មានការផ្គត់ផ្គង់អគ្គិសនីមានចំនួន ១,០៣៧ ដែលក្នុងនោះ មានភូមិ ៩៦៤ ស្ថិតក្នុងដែនអាជ្ញាប័ណ្ណ ដែលអាជ្ញាធរអគ្គិសនីកម្ពុជា បានផ្តល់ឱ្យទៅអ្នកចែកចាយរួចហើយ និងភូមិ ៧៣ ស្ថិតនៅក្រៅដែនអាជ្ញាប័ណ្ណ ។ អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជាបានសិក្សារួមគ្នា អំពីលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីទៅកាន់ភូមិដែលពុំទាន់មានអគ្គិសនីទាំងនេះ ទាំងក្នុងក្របខណ្ឌនៃលទ្ធភាពរបស់អគ្គិសនីកម្ពុជាផង និងទាំងរបស់សេវាករឯកជនផង។
លទ្ធផលនៃការសិក្សាអំពីលទ្ធភាពនេះបានបង្ហាញថា ក្នុងឆ្នាំ២០២០ ទាំងអគ្គិសនីកម្ពុជា និងទាំងសេវាករឯកជន អាចមានលទ្ធភាពពង្រីកការផ្គត់ផ្គង់អគ្គិសនីពី បណ្តាញជាតិបាន ៧៩៤ភូមិទៀត ដូច្នេះនៅក្រោយឆ្នាំ២០២០ អាចសល់ភូមិចំនួន ២៤៣ទៀត ត្រូវជា ១,៧១ភាគរយ ដែលពុំមានការផ្គត់ផ្គង់ពីបណ្តាញជាតិ។
បើតាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ភូមិដែលនៅសល់ទាំងនេះ ជាភូមិមានស្ថានភាពពិបាកខ្លាំង ដូចជា ជាតំបន់ដាច់ស្រយាលខ្លាំង ជាតំបន់គ្មានផ្លូវធ្វើដំណើរ ជាតំបន់កោះ ជាតំបន់រស់នៅ បណ្តែតទឹក ជាតំបន់លិចទឹកនៅរដូវវស្សាជាដើម ដែលត្រូវការទុនយ៉ាងច្រើន ប្រសិនបើយើងត្រូវអភិវឌ្ឍការផ្គត់ផ្គង់ពីបណ្តាញជាតិទៅកាន់ទីនោះ ។ បច្ចុប្បន្ន ក្រសួងរ៉ែនិងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា កំពុងតែរួមគ្នាពិនិត្យលទ្ធភាពរកដំណោះស្រាយផ្សេងៗ ជូនភូមិដែលត្រូវនៅសល់ទាំង ២៤៣ នេះ តាមស្ថានភាពជាក់ស្តែងនៃភូមិនីមួយៗ ។
នៅឆ្នាំ២០១៩ ការភ្ជាប់បណ្តាញអគ្គិសនីឱ្យអ្នកប្រើប្រាស់អគ្គិសនីគ្រប់ប្រភេទនៅកម្ពុជា បានកើនឡើងពី ២,៦៤៥,៦៣០ទីតាំង ទៅ២,៨៣២,១២៥ទីតាំង។ ក្នុងចំណោមទីតាំងដែលបានភ្ជាប់ចរន្តអគ្គិសនីរួចនេះ មានលំនៅដ្ឋានចំនួន ២,៦៧៥,៧៦៨ កន្លែង, ទីតាំងអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម ឧស្សាហកម្មតូចៗ និងរដ្ឋបាល ភ្ជាប់លើបណ្តាញសាធារណៈ ចំនួន ១៤២,៧៤៤ កន្លែង, ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្ម ធុនធំ និងធុនមធ្យម ចំនួន៣,៦០៥ កន្លែង, ទីតាំងពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលប្រើប្រាស់ថ្លៃអគ្គិសនីតាមពេលវេលា ចំនួន ៣៨កន្លែង និងមានទីតាំងដែលជាសាលារៀន មណ្ឌលសុខភាព និងមន្ទីពេទ្យនៅជនបទចំនួន ៤,៤៩៣កន្លែង ។ តាមស្ថិតិនេះ នៅចុងឆ្នាំ២០១៩ លំនៅដ្ឋានដែលបានភ្ជាប់ចរន្តអគ្គិសនីរួចមានចំនួន ៧៤.៧៨ភាគរយ នៃលំនៅដ្ឋានសរុប៕
ដោយ៖ឌីណា