Register Already an agent ? Login

ទីស្ដីការក្រសួងដែនដីនឹងប្ដូរទីតាំងទៅ ខណ្ឌសែនសុខវិញ ដែលសង់លើផ្ទៃដី៣ហិកតា អាគារចនាបថខ្មែរ

ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មី

ភ្នំពេញ៖ អគារទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ថ្មីនឹងចាប់ផ្តើមសាងសង់ ទីតាំងស្ថិតនៅភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានកម្ពស់៥ជាន់ នៅលើផ្ទៃដីទំហំ ៣ហិកតា មានផ្ទៃក្រឡាសំណង់សរុប ៤៩ ៣៨៩ ម៉ែត្រក្រឡា និងក្រឡាផ្ទៃប្រើប្រាស់សរុបប្រមាណ ២៦ ៥៦៧ ម៉ែត្រក្រឡា ផលធៀបក្រឡាផ្ទៃបាតសំណង់ ៣២.៥៣ភាគរយ

អគារទីស្តីការក្រសួងថ្មីនេះមានរចនាបថខ្មែរ រចនាលម្អដោយបុស្បុកប្រាំពីរថ្នាក់ ដំបូលហោជាងមុខដាច់ ប្រកបដោយក្បូរក្បាច់ពិពិតវិចិត្ររចនា ដែលក្រុមការងារប្រមូលផ្តុំសិក្សាចង់លើកស្ទួយនូវសា្នដៃ លម្អស្ថាបត្យកម្មបុរាណខ្មែរ។ តាមការឱ្យដឹងពីក្រសួងដែនដី បន្តថា ដោយឡែកប្លង់បាតមានលម្ហសួនក្នុងអគារ ហើយអគារនេះមានចំណតរថយន្តប្រមាណ ៤៥០កន្លែង។

សំណង់នេះជាផ្នែកមួយដ៏សំខាន់ក្នុងការបង្ហាញអត្តសញ្ញាណខ្មែរ និងទម្រង់ស្ថាបត្យកម្មខ្មែរ ក្នុងសមយ័តេជោដែលបងា្ហញពីសន្តិភាព ស្ថិរភាព ការវិវឌ្ឍ និងសង្គ្រោះសំណង់ប្រភេទនេះឱ្យរស់ឡើងវិញជាសំណង់របស់រដ្ឋទុកតជំនាន់។ បើតាមក្រសួងដដែល បញ្ជាក់ឱ្យដឹងថា ទីស្តីការក្រសួងដែនដី សព្វថៃ្ងរាជរដ្ឋាភិបាលបានប្រគល់ឱ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់សុរិយោដី រាជធានីភ្នំពេញ។

ក្រសួងដែនដីបានបញ្ជាក់ឱ្យដឹងទៀតថា អគារក្រសួងដែនដីបច្ចុប្បន្ន ខ្វះចំណតបង្កការលំបាកដល់ការធើ្វដំណើរ សាលបដិសណ្ឋារកិច្ច អាហារដ្ឋាន សម្រាប់មន្រ្តីបុគ្គលិក និងលម្ហសួនកណ្តាលអគារ សាលប្រជុំតូចៗ មាន៣០០នាក់ ១៥០នាក់ និងសាលសន្និបាតចំណុះ ១ ៥៨៤នាក់ កន្លែងតម្កល់ឯកសារសុរិយោដី និងរដ្ឋបាល សាលបច្ចេកវិទ្យា មន្ទីរពិសោធន៍ជាតិសំណង់ បន្ទប់សិក្សាបណ្តុះបណា្តលវិជា្ជជីវៈ បណ្ណាល័យ កន្លែងកីឡា៕

ទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បច្ចុប្បន្ន

ដោយ៖ឌីណា