Register Already an agent ? Login

រយៈពេល ៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិន ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជិត៨ម៉ឺននាក់

សៀមរាប៖ ភ្ញៀវទេសចរជាតិ អន្តរជាតិប្រមាណជិត៨ម៉ឺននាក់ បានមកទស្សនាកម្សាន្ដនៅខេត្តសៀមរាប ក្នុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២០ រយៈពេល៣ថ្ងៃ (ចាប់ពីថ្ងៃទី២៤-២៥-២៦)។ នេះបើតាមបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាម បានឱ្យថា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ខេត្តសៀមរាប មានភ្ញៀវទេសចរ សរុបមានចំនួនប្រមាណ ៧៨,៤៨៦នាក់ បានមកទស្សនាកម្សាន្ដ។ ក្នុងនោះភ្ញៀវអន្តរជាតិ មានចំនួន ២៨,៤៨៦នាក់ កើនឡើង១៣.៩៦ភាគរយ និងភ្ញៀវទេសចរជាតិ មានចំនួនប្រមាណ ៥ម៉ឺននាក់ គឺមានការថយចុះ ៩.០៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៩កន្លងទៅ។

ភ្ញៀវទេសចរដែលបានអញ្ជើញមកទស្សនាកម្សាន្ដ នៅខេត្តសៀមរាប គឺភាគច្រើនបានទៅតំបន់រមណីយដ្ឋាននានា ដូចជារមណីយដ្ឋានអង្គរ, រមណីយដ្ឋានភ្នំគូលែន, រមណីយដ្ឋានបឹងទន្លេសាប, និងរមណីយដ្ឋាននានាជាច្រើនទៀត រួមនិងតំបន់ទេសចរណ៍កម្សាន្ដនានា ក្នុងក្រុងសៀមរាបផងដែរ ដូចជា នៅតាមសួនច្បារព្រះរាជដំណាក់ ព្រះអង្គចេក ព្រះអង្គចម, តំបន់ផាប់ស្ទ្រី (Pub Street), ផ្សាររាត្រី, ផ្លូវ៦០ម៉ែត្រជាដើម៕

ដោយ៖ឌីណា