Register Already an agent ? Login

ចូលឆ្នាំចិនរយៈពេល ៣ថ្ងៃ ភ្ញៀវទេសចរជាតិ-អន្តរជាតិទៅកម្សាននៅខេត្តព្រះសីហនុជិត ៩ម៉ឺននាក់

ព្រះសីហនុ៖ នាឱកាសចូលឆ្នាំប្រណីជនជាតិចិនរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៦ ខែមករា ឆ្នាំ២០២០នេះ ភ្ញៀវទេសចរជាតិ-អន្តរជាតិ បានទៅកម្សាន្តនៅខេត្តព្រះសីហនុប្រមាណ ៨៧,៧៦៥នាក់ កើនឡើង ២៤,៥២ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៩ មានចំនួន ៧០,៤៨០នាក់។ នេះបើតាមទំព័រហ្វេប៊ុករដ្ឋបាលខេត្តព្រះសីហនុ។

រដ្ឋបាលខេត្តប្រះសីហនុបានបន្តឱ្យដឹងថា ក្នុងចំណោមភ្ញៀវទេសចរខាងលើ មានភ្ញៀវជាតិចំនួនប្រមាណ ៧៤,៤៩៥នាក់ កើនឡើង៦៧.១៧ភាគរយ(ឆ្នាំ២០១៩ មានចំនួណ ៤៤,៥៦០នាក់)។ រីឯភ្ញៀវអន្តរជាតិចំនួនប្រមាណ ១៣,២៧០នាក់ ថយចុះ៤៨.៨០ភាគរយ (ឆ្នាំ២០១៩ មានចំនួន ២៥,៩២០នាក់)។

ភ្ញៀវទេសចរទៅកម្សាន្ត តាមបណ្តាកោះនានាសរុបប្រមាណ ៧,៧៤១នាក់កើនឡើង ៣.៤០ភាគរយ (ឆ្នាំ២០១៩មាន ៧,៤៨៦នាក់)។ ក្នុងចំនួនខាងលើនេះដែរ ជាតិប្រមាណ ៤,៣០០នាក់ កើនឡើង ៧៣,១៧ភាគរយ (ឆ្នាំ ២០១៩ មានចំនួន ២,៤៨៣នាក់) ហើយ អន្តរជាតិប្រមាណ ៣,៤៤១នាក់ ថយចុះ ៣១.២២ភាគរយ (ឆ្នាំ២០១៩ មានចំនួន ៥,០០៣នាក់)។

ចំណែកឯនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវ សរុបចំនួន ១០,៦៥៤នាក់ កើនឡើង ៦០,០១ភាគរយ ជាតិ ១០,៤០២នាក់ កើនឡើង ៦៧,២៣ភាគរយ និងភ្ញៀវអន្តរជាតិ ២៥២នាក់ ថយចុះ ៤២,៤៦ភាគរយ (ឆ្នាំ២០១៩ សរុបចំនួន ៦,៦៥៨នាក់ ជាតិ ៦,២២០នាក់ និងអន្តរជាតិ ៤៣៨នាក់)។ ជាមួយគ្នានេះដែឬ ភ្ញៀវដែលមកកម្សាន្តតាមបណ្តាឆ្នេរនានាសរុបចំនួន ៥០,៧៤៦នាក់ ជាតិ ៤៩,១១៤នាក់ និងអន្តរជាតិ ១,៦៣២នាក់។

នៅក្នុងកំឡុងពេលនៃពិធីបុណ្យចូលឆ្នាំចិន នេះដែរគឺនៅថ្ងៃទី២៥ ខែឆ្នាំដដែល ក៏មាននាវាទេសចរណ៍មួយគ្រឿង ឈ្មោះ MARRELLA DISCOVERY សញ្ជាតិ MALTA បានដឹកអ្នកដំណើរជាភ្ញៀវទេសចរណ៍ចំនួន ១,៦៩៨នាក់ នាវិក ចំនួន ៧៧៩នាក់ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងបានទស្សនានៅតាមរមណីយដ្ឋាន និងឆ្នេរសមុទ្រ នានាក្នុងខេត្តព្រះសីហនុផងដែរ។

សម្រាប់រយៈពេល០៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននេះ បញ្ហាសន្តិសុខ មានភាពល្អប្រសើរ ដោយសាររដ្ឋបាលខេត្ត បានកំណត់គោលដៅ និងដាក់ផែនការទៅតាមគោលដៅប្រចាំការណ៏ និងបានត្រៀមកម្លាំងក្នុងការអន្តរាគមន៍បន្ទាន់ នៅពេលមានហេតុការណ៍ ជាពិសេសលើបញ្ហាអគ្គីភ័យ។ ជាការឱ្យដឹងបន្ថែមពីរដ្ឋបាលខេត្តព្រះសីហនុ៕

ដោយ៖ឌីណា