បើតាមការសិក្សារបស់អង្កការជប៉ុន JICA ដែលធ្វើការនៅកម្ពុជា កាលពីពេលថ្មីៗនេះឱ្យដឹងថា ចាប់ពីឆ្នាំ២០១៨-២០២០ កម្ពុជាត្រូវមានកម្លាំងវិស្វករប្រមាណ ៣៥,០០០នាក់ សម្រាប់បម្រើការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សំណង់ កសិកម្ម សេវាកម្ម ទេសចរណ៍ និងអចលនទ្រព្យក្នុងប្រទេស។
នេះជាការលើកឡើងរបស់លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ក្នុងឱកាសបិទសិក្ខាសាលាស្តីពី ចល័តភាព និងការទទួលស្គាល់គុណភាពវិស្វករជាអន្តរជាតិ នៅទីស្ដីការក្រសួងការងារ កាលពីពាក់កណ្ដាល ឆ្នាំ២០១៩។
លោកបានថ្លែងថា អគ្គលេខាធិការដ្ឋានគណៈវិស្វកកម្មកម្ពុជា បានបណ្ដុះបណ្ដាលវិស្វករលើមុខជំនាញវិជ្ជាជីវៈវិស្វកម្ម និងបានចុះបញ្ជីវិស្វករ ៣,១៥៩នាក់ គិតត្រឹមឆ្នាំ២០១៨។
អនុប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជារូបនេះ បានអំពាវនាវឱ្យវិស្វករ ដែលកំពុងបម្រើការងារនៅតាមស្ថាប័នរបស់រដ្ឋ ត្រូវតែមកចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីទទួលបានជាវិស្វករចុះបញ្ជីដំបូង វិស្វករអាជីពជាតិ វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន ឱ្យមានលក្ខណៈស្មើមុខស្មើមាត់ជាមួយវិស្វករទាំងក្នុងជាតិ ក្នុងតំបន់ និងពិភពលោក។ វិស្វករជាតិនៅតាមវិស័យឯកជន ក៏ត្រូវតែមកចុះបញ្ជីវិស្វករនៅគណៈវិស្វករកម្ពុជា ដើម្បីបំពេញភាពស្របច្បាប់ក្នុងការប្រកបមុខរបររបស់ខ្លួនដែរ។ ជាការបញ្ជាក់របស់ លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ៕
ប្រភព៖គេហទំព័រគណៈវិស្វករកម្ពុជា