Register Already an agent ? Login

ក្រុមហ៊ុនអចលនទ្រព្យចំនួនពីរ ទទួលបានការសរសើរពី គណៈកម្មាធិការជាតិ ក្នុងការចូលរួមចំណែកប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

ភ្នំពេញ៖ គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានបើកកិច្ចប្រជុំពិភាក្សាស្តីពី «ការពង្រឹងកិច្ចសហការ  រវាងគណ:កម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជានិងអង្គការដៃគូក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងពិធីប្រគល់លិខិតថ្លែងអំណរគុណ» នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ នៅទន្លេបាក់២ ក្រោមអធិប​តីភាព លោក ជំទាវ ជូប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ​និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ ដែលមានការចូលរួមពី អគ្គលេខាធិការ អគ្គលេខាធិការរង គ.ជ.ប.ជ ប្រធានស្តីទីលេខាធិការដ្ឋានរដ្ឋបាល ប្រធាន-អនុប្រធានក្រុមជំនួយកិច្ចការ  នៃអគ្គលេខាធិការដ្ឋាន (គ.ជ.ប.ជ) ព្រមទាំអអង្គការដៃគូអភិវឌ្ឍជាតិ-អន្តរជាតិក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សនៅប្រទេសកម្ពុជា និងវិស័យឯកជនជាច្រើនរូប។

នៅក្នុងកិច្ចប្រជុំខាងលើ ក្រុមហ៊ុនអចលនទ្រព្យចំនួន០២ ទទួលបានការកោតសរសើរពីគណៈកម្មាធិការជាតិ ថាបាន ចូលរួមចំណែកប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស គឺក្រុមហ៊ុន Royal 5G Realty.,Ltd និង Khmerhome.com។

នៅកិច្ចប្រជុំនេះ លោកជំទាវអនុប្រធានអចិន្រ្តៃយ៍ បានសង្កត់ធ្ងន់ទៅលើមូលហេតុដែលចាំបាច់ត្រូវរួមគ្នាក្នុងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។  លោក ជំទាវ ថា ការរំលោភបំពានកម្លាំងពលកម្ម ផ្លូវភេទ ជាពិសេសការជួញដូរមនុស្ស ជាទូទៅមិនមានរូបរាង ឬភស្ដុតាងច្បាស់លាស់ទេ បើមានករណីកើតឡើងក្រោយការរាយការណ៍ មានការសន្និដ្ឋានបថម គឺត្រូវការស្រាវជ្រាវអង្កេតតាមដានចំណាយពេលយូរ រហូតឈានដល់ការចាប់ខ្លួនជនល្មើស និងកាត់ទោស ការងារត្រូវរត់ពីក្រោយជនល្មើស ដែលត្រូវការបន្ថែមល្បឿនដាច់ខាត ដូច្នេះ កិច្ចសហការគឺជាការចាំបាច់បំផុត។

រដ្ឋលេខាធិការក្រសួងមហាផ្ទៃរូបនេះ ក៏បានអំពាវនាវឱ្យគ្រប់វិស័យទាំងអស់កុំព្រងើយកន្តើយចំពោះបញ្ហាជួញដូរមនុស្សនេះ មិនថាតែរដ្ឋាភិបាល ក្រសួងមន្ទីរស្ថាប័ន អង្គការ សមាគម វិស័យឯកជននោះទេ ក្នុងនោះដែរមានទាំងសាលារៀន ប្រជាជន ក្រុមហ៊ុនសំលៀកបំពាក់ កសិកម្ម សិប្បកម្ម ឧស្សាហកម្ម ចំណីអាហារ ដឹកជញ្ជូន។ល។ សូម្បីតែក្រុមហ៊ុនអចលនទ្រព្យ ក៏ត្រូវដឹងឮ  និងចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងដែរនេះផងដែរ៕