ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅឆ្នាំ២០១៩ បានចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុនចំនួន ៥៥១ក្រុម ប្រកបអាជីវកម្មសិក្សាគម្រោង និងសាសង់ កើនឡើងចំនួន ២១៧ក្រុមហ៊ុន ស្មើនឹង ៦៤,៩៧ភាគរយ បើធៀបទៅនឹងឆ្នាំ២០១៨ មានចំនួន ៣៣៤ក្រុមហ៊ុន។ បើតាមរបាយការណ៍បូកសរុបលទផលនៃការអនុវត្តការងារឆ្នាំ២០១៩ របស់ក្រសួងដែនដី។
របាយការណ៍ខាងលើបានបន្តឱ្យដឹងថាក្នុងចំនួន ៥៥១ក្រុមហ៊ុន បានចុះបញ្ជីក្រុមហ៊ុនចំនួន ២៧០ក្រុមហ៊ុន ក្នុងនេះក្រុមហ៊ុនសាងសង់ចំនួន ២៥៤ក្រុមហ៊ុន និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន ១៦ក្រុម។ ជាមួយគ្នា ក្រសួងបានចុះបញ្ជីក្រុមហ៊ុនបរទេសចំនួន ២៨១ក្រុម ដែលក្នុងនេះក្រុមហ៊ុនសាងសង់ចំនួន ២៧០ក្រុម និងក្រុមហ៊ុនសិក្សាគម្រោងប្លង់ចំនួន ១១ក្រុម។
គិតចាប់តាំងពីឆ្នាំ២០០០ ដល់ខែធ្នូ ឆ្នាំ២០១៩ ការចុះបញ្ជីក្រុមហ៊ុនប្រកបអាជីវកម្មកសិក្សាគម្រោងប្លង់ និងសាងសង់បានចំនួន ២,៦៥៦ក្រុមហ៊ុន នៅមានសុពលភាពចំនួន ១,១៣២ក្រុម។ ជាការបញ្ជាក់ក្នុងរបាយការណ៍របស់ក្រសួងដដែល។
បើតាមរបាយការណ៍ឆ្នាំ២០១៩ដដែលនេះ បានបន្តឱ្យដឹងទៀតថា ក្រសួងបានផ្ដល់វិញ្ញាបនបត្រទៅរូបវន្តបុគ្គលសិក្សាគម្រោងប្លង់ ដែលបានចុះបញ្ជីមានចំនួន ១១២រូប ក្នុងនេះស្ថាបត្យករមានចំនួន ៦០រូប និងវិស្វករមានចំនួន ៥២រូប កើនឡើង ១៨០រូប ស្មើនឹង ២៥០ភាគរយ បើធៀបទៅនឹង ឆ្នាំ២០១៨ មានចំនួន ៣២រូប។ បើគិតសរុបចាប់តាំងពីឆ្នាំ២០០៩ ដល់ខែធ្នូ ឆ្នាំ២០១៩ រូបវន្តបុគ្គលសិក្សាគម្រោងប្លងចំនួន ២៦៨រូប ក្នុងនេះមានស្ថាបត្យករ ១៦៨រូប (បរទេស៤រូប)និងវិស្វករ ១០០រូប (បរទេស២រូប) នៅមានសុពលភាពចំនួន ១៦៦រូប។
គូសបញ្ជាក់ថា ទិន្នន័យសំណង់ទូទាំងប្រទេស ឆ្នាំ២០១៩ មានចំនួន ៤ ៨៨៨គម្រោង មានផ្ទៃក្រឡា សរុបចំនួន ២៣,២៥៧,៤១៤ម៉ែត្រការ៉េ ដែលមានតម្លៃប៉ាន់ស្មានវិនិយោគប្រមាណ ១១ ៤៣៧ ២៦៧ ១៤៥ដុល្លារ កើនឡើង៩៨,៧៣ភាគរយ។ បើធៀបនឹងឆ្នាំ២០១៨ មានចំនួន ៣ ២៩០គម្រោង មានផ្ទៃក្រឡា ១២ ៣៧៨ ១១៩ម៉ែត្រការ៉េ ដែលមានតម្លៃវិនិយោគប្រមាណ ៥ ៧៥៥ ០៧០ ១២០ដុល្លារ។
របាយការណ៍ដដែលនេះបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ក្រសួងដែនដី បានអនុញ្ញាតសាងសង់នៅទាំងប្រទេសចំនួន ៤៨,៤៤៦គម្រោង មានផ្ទៃក្រឡាសរុបចំនួន ១៣៦ ៦៦០ ០៧០ម៉ែត្រក្រឡា ក្នុងទុនវិនិយោគប្រមាណ ៥៣ ១១៨ ៦៩៤ ១២១ដុល្លារ ក្នុងគម្រោងអាគារខ្ពស់ៗចាប់ពី ៥ជាន់ឡើងទៅ៕