Register Already an agent ? Login

ការវាយតម្លៃកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០១៩

ភ្នំពេញ៖ បើទោះបីជាស្ថានភាពពិភពលោកកំពុងជួបប្រទះនូវបញ្ហាប្រឈមនិងភាពមិនប្រាកដប្រជាជាច្រើន ជាពិសេសភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្ម បញ្ហាចលាចលនៅទីក្រុងហុងកុង និងអស្ថិរភាពទីផ្សារហិរញ្ញវត្ថុសកលលោក ដែលបានធ្វើឱ្យសេដ្ឋកិច្ចចិន សហរដ្ឋអាមេរិក និងប្រទេសដទៃទៀតក្នុងតំបន់មានកំណើនថមថយក្តី ក៏សេដ្ឋកិច្ចកម្ពុជានៅតែអាចបន្តរក្សាបានកំណើនរឹងមាំ ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។ បើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចដែលបានសូចនាករម៉ាក្រូសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩។

ក្នុងឆ្នាំ២០១៨ កន្លងទៅកម្ពុជាអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា៧,៥ភាគរយ ដែលជាកំណើនមួយខ្ពស់បំផុតក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ។ កំណើននេះ ​ត្រូវបានគាំទ្រដោយកំណើនខ្ពស់លើសការរំពឹងទុកនៃអនុវិស័យកាត់ដេរ, កំណើនរឹងមាំនៃអនុវិស័យសំណង់ និងអនុវិស័យអចលនទ្រព្យ, អនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ស្របនឹងកំណើនល្អប្រសើរនៃអនុវិស័យលក់ដុំ-រាយ, អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ និងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន។

ទោះជាយ៉ាងនេះក្តី សេដ្ឋកិច្ចកម្ពុជានៅជួបប្រទះបញ្ហាប្រឈមជារចនាសម្ព័ន្ធសំខាន់ៗចំនួន ២ គឺ ភាពប្រកួតប្រជែងនៅមានកម្រិត និងភាពយឺតយ៉ាវនៃការធ្វើពិពិធកម្មសេដ្ឋកិច្ច។

ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគោលនយោបាយជាច្រើនដែលផ្តោតលើការលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម និងបង្កើតភាពប្រកួតប្រជែង រួមមាន៖ ការសម្រួលតួនាទី និងភារកិច្ចរបស់ស្ថាប័នឈរជើងនៅច្រកទ្វារអន្តរជាតិ, ការលុបស្ថាប័នកាំសាប, ការកាត់បន្ថយថ្លៃអគ្គិសនី, ការសម្រួលនីតិវិធី និងកាត់បន្ថយថ្លៃសេវាសាធារណៈចាំបាច់មួយចំនួន,ការកាត់បន្ថយថ្លៃឡូជីស្ទីក និងដឹកជញ្ជូន ដែលទាំងអស់នេះសំដៅជួយដល់វិស័យឯកជនក្នុងការកាត់បន្ថយថ្លៃដើម, ពេលវេលា និងបង្កើនភាពងាយស្រួលដល់ការធ្វើអាជីវកម្ម។ បើតាមសូចនាករម៉ាក្រូសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ច។

របាយការណ៍សូចនាករម៉ាក្រូសេដ្ឋកិច្ចបានបន្តឱ្យដឹងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០១៩ ត្រូវបានប៉ាន់ស្មានថា នឹងបន្តកំណើនខ្ពស់ក្នុងរង្វង់ ៧,១ភាគរយ ដែលគាំទ្រដោយការកើនឡើងខ្ពស់នៃអនុវិស័យសំណង់, អនុវិស័យអចលនទ្រព្យ និងអនុវិស័យដឹកជញ្ជូន និងគមនាគមន៍ ស្របនឹងកំណើនល្អប្រសើរនៃអនុវិស័យកាត់ដេរ, អនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ, អនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន និងអនុវិស័យលក់ដុំ-រាយ ខណៈដែលវិស័យកសិកម្មត្រូវបានរំពឹងថានឹងបន្តកំណើនយឺត។

ក្នុងនោះ វិស័យឧស្សាហកម្មបានដើរតួយ៉ាងសំខាន់ជាវិស័យជំរុញកំណើន និងកើនឡើងក្នុងអត្រាប្រមាណ ១១,០ភាគរយ ដោយសារកំណើនរឹងមាំនៃអនុវិស័យសំណង់ និងអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ បើទោះបីជាកំណើនអនុវិស័យកាត់ដេរមានការថមថយបន្តិចក៏ដោយ។ ដោយឡែក វិស័យសេវាកម្មនៅតែបន្តកំណើនល្អប្រសើរ ក្នុងអត្រាប្រមាណ ៦,៧ភាគរយ ដែលគាំទ្រដោយការកើនឡើងនៃអនុវិស័យអចលនទ្រព្យ, អនុវិស័យលក់ដុំ-រាយ, អនុវិស័យដឹកជញ្ជូន និងគមនាគមន៍ និងអនុវិស័យសណ្ឋាគារ និងភោជនីយដ្ឋាន។ ជាការបន្តក្នុងរបាយការណ៍ដដែ ល។

របាយការណ៍ដដែលបានបន្ថែមថា វិស័យកសិកម្មនៅតែបន្តកំណើនយឺត ពោលគឺក្នុងអត្រា ១,០ភាគរយ ដោយសារការថមថយកំណើននៃអនុវិស័យដំណាំ បើទោះបីជាអនុវិស័យចិញ្ចឹមសត្វ អនុវិស័យនេសាទអាចរក្សាបានកំណើនប្រហាក់ប្រហែលឆ្នាំ២០១៨ ក្តី។

ជាមួយនឹងកំណើនរឹងមាំក្នុងឆ្នាំ២០១៩ ផ.ស.ស ត្រូវបានប៉ាន់ស្មានថា នឹងកើនឡើងដល់ ១០៨ ២៩៨ ប៊ីលានរៀល ដែលធ្វើឱ្យ ផ.ស.ស សម្រាប់មនុស្សម្នាក់អាចនឹងកើនឡើងដល់ ១ ៦៧៤ ដុល្លារអាមេរិក។ លើសពីនេះ កម្ពុជារក្សាបាននូវអតិផរណា ដែលស្ថិតក្នុងកម្រិតទាបអាចគ្រប់គ្រងបាន ក្នុងអត្រាមធ្យមប្រចាំឆ្នាំប្រមាណ ២,៣ភាគរយ ក្នុងឆ្នាំ២០១៩ ដែលថមថយពី ២,៥ភាគរយ ក្នុងឆ្នាំ២០១៨ ដោយសារការធ្លាក់ចុះនៃថ្លៃដឹកជញ្ជូន ស្របនឹងការធ្លាក់ចុះថ្លៃប្រេងលើទីផ្សារអន្តរជាតិ។ ជាមួយគ្នានេះដែរ អត្រាប្តូរប្រាក់នៅបន្តមានស្ថិរភាពក្នុងតម្លៃប្រមាណ ៤.០៥៤ រៀលក្នុង ១ដុល្លារអាមេរិក នៅក្នុងឆ្នាំ២០១៩៕

ដោយ៖ឌីណា