Register Already an agent ? Login

រដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើផ្លូវក្រោមដីត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង IFL

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងស្ថាបនាផ្លូវក្រោមដី ត្រង់ចំនុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងវិទ្យាស្ថានភាសាបរទេស (IFL)។ ស្ថិតនៅក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើររបស់សិស្សនិស្សិត។ បើតាមការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី៩ ខែមករា នេះ។

គម្រោងស្ថាបនាផ្លូវក្រោមដី ដែលមានការបើកកិច្ចប្រជុំ ដែលដឹកនាំដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០ មានមន្រ្តីពាក់ព័ន្ធបានចូលរួមផដែរ។ តាមគម្រោងនេះ ដោយ លោក អភិបាលមើលឃើញថា​ នៅមុខ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ មានការ​​កកស្ទះ​ចរាចរណ៍​ជាប្រចាំ​ថ្ងៃ។

លោកបញ្ជាក់ថា ​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ទៀតនេះ ​ដើម្បី​បង្ក​ភាព​ងាយស្រួល​ដល់​ការ​ធ្វើដំណើរ​របស់ ​សិស្ស​ ​និស្សិត​ ​ដែល​ចេញចូល​សាលា​ ​ជាពិសេស​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​នៅ​លើ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ​តែង​កកស្ទះ​ជាប់​ជាប្រចាំ​ថ្ងៃ​។​

សូមរម្លឹកថា ផ្លូវក្រោមដីតិចណូត្រូវបានរាជរដ្ឋាភិបាលដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦ ដែល បើកការដ្ឋានសាងសង់កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤។ ផ្លូវក្រោមដីនេះមានប្រវែង ៣៥៦ម៉ែត្រ ទទឹងពី៦ទៅ៨ម៉ែត្រ ផ្លូវអមស្ពានប្រវែង សរុប៨២៥ម៉ែត្រទទឹង៥,៥ម៉ែត្រ ស្ថិតនៅប្រសព្វមហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីគីមអ៊ីលស៊ុង និងមហាវិថីម៉ៅសេទុង ប្រសព្វគ្នាត្រង់ភ្លើងស្តុបតិចណូ។

គម្រោងស្ថាបនាផ្លូវក្រោមដី មុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាផ្លូវទី២៕

ដោយ៖ឌីណា