Register Already an agent ? Login

ក.ជ.ភ មានគម្រោងអាទិភាពចំនួន ៣២០ ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម ទាំងផ្នែករឹង-ទន់ ដែលជាផែនការមេអន្តរកាលនឹងអនុវត្តសម្រាប់ឆ្នាំ២០២០-២០២១

ភ្នំពេញ៖ គម្រោងអាទិភាព ក្នុងផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងភស្តុភារកម្ម ទាំងផ្នែករឹង-ផ្នែកទន់ចំនួន ៣២០គម្រោង ត្រូវបានរៀបចំឡើងដើម្បីគាំទ្រដល់ការអនុវត្តផែនការមេអន្តរកាល ក្នុងរយៈពេលខ្លី, មធ្យម និងវែង ដែលក្រុមប្រឹក្សាជាតិភស្តុភារកម្ម  (ក.ជ.ភ) សម្រេច ទទួលស្គាល់ការចូលរួមវិភាគទានពីសំណាក់ដៃគូអភិវឌ្ឍន៍ក្នុងការរៀបចំផែនការមេលម្អិតតាមវិស័យនីមួយៗ និងអនុម័តជាផ្លូវការនូវផែនការមេអន្តរកាល សម្រាប់ការអនុវត្តនៅក្នុងឆ្នាំ ២០២០-២០២១ ហើយ «ផែ​ន​ការមេអន្តរកាល» គឺជាមូលដ្ឋាន ក្នុងការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ដែលគ្រោងធ្វើឡើងនៅក្នុងឆ្នាំ២០២១

ការសម្រេចខាងលើរបស់ ក្រុមប្រឹក្សាជាតិភស្តុភារកម្មក្រោយពីកិច្ចប្រជុំ ស្ដីពីសេចក្ដីព្រាងផែនការអន្តរកាលស្ដីពី «ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យម និងភស្តុភារកម្ម» កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២០ ដែលដឹកនាំដោយ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងជាប្រធាន ក.ជ.ភ មានការចូលរួមពីរដ្ឋមន្រ្តីក្រសួងដឹកជញ្ជូន លោក ស៊ុ​ន ចាន់ថុល ជាអនុប្រធាន ក.ជ.ភ និងអ្នកពាក់ព័ន្ធផ្សេងទៀតផងដែរ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដឹកជញ្ជូន។

ផ្អែកលើ «ផែ​ន​ការមេអន្តរកាល» នេះ ក.ជ.ភ បានកំណត់ផែនការក្នុងការរៀបចំផែនការមេគ្រប់ជ្រុងជ្រោយ ស្ដីពី ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យម និងភស្តុភារកម្ម នៅក្នុងឆ្នាំ២០២១ ដោយបំពេញបន្ថែមនូវសមាសភាគសំខាន់ៗ ពីរគឺ ការដឹកជញ្ជូនតាមផ្លូវអាកាស និងការដឹកជញ្ជូនពហុមធ្យោបាយ និងត្រូវរួមបញ្ជូលនូវ៖ យន្តការស្ថាប័នសម្រាប់ការគ្រប់គ្រងអនុវត្តន៍, ការបញ្ចូលនូវផ្នែកព័ត៌មានវិទ្យា (digital technology) សម្រាប់សម្របសម្រួលការ គ្រប់គ្រង, ក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្ត, ការវិនិយោគ និងយន្តការដំណោះស្រាយ ផលប៉ះពាល់ផងដែរ។

ក.ជ.ភ បានកំណត់ និងដាក់ចេញនូវទស្សនវិស័យ គោលដៅ គោលបំណងនិងយុទ្ធសាស្រ្ត នៅក្នុង «ផែនការមេអន្តរកាល» ផ្អែកលើគោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល, និន្នាការសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងប្រទេស និងក្នុងតំបន់, និងតម្រូវការជាក់ស្ដែង ព្យាករកំណើននៅពេលអនាគត។ បើតាមសេចក្ដីប្រកាសព័ត៌មានដដែល។

នៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះបញ្ជាក់ថា «ផែនការមេអន្តរកាល» បានរួមបញ្ចូលផែនការមេតាមវិស័យចំនួន ៥ ដែលបានមក ពីការសិក្សាយ៉ាងលម្អិតដោយដៃគូអភិវឌ្ឍន៍ ក្នុងនោះរួមមាន៖ ១.ផែនការមេដឹកជញ្ជូនតាមផ្លូវថ្នល់ និងផែនការសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ២.ផែនការមេដឹកជញ្ជូនតាមផ្លូវដែក, ៣.ផែនការមេដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ, ៤.ផែនការមេកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងទី៥.ផែនការមេភ័ស្តុភារកម្ម។

ការរៀបចំសេចក្តីព្រាងផែនការមេអន្តរកាលស្តីពី «ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភ័ស្តុភារកម្ម» នេះ បានប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ ៣គឺ៖ ទី១.ភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក រវាងផែនការមេតាមវិស័យនីមួយៗ ទី២.ភាពស្របគ្នា និងការគាំទ្រដល់ គោលនយោបាយចម្បងៗរបស់រាជរដ្ឋាភិបាលដូចជា យុទ្ធសាស្រ្ត ចតុកោណដំណាក់កាលទី៤, គោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សហកម្មកម្ពុជាឆ្នាំ ២០១៥-២០២៥, ផែនការ យុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងផែនការយុទ្ធសាស្រ្តរបស់ក្រសួង-ស្ថាប័នជុំវិញរាជរដ្ឋាភិបាល។

ទី៣.ភាពតភ្ជាប់ និងការគាំទ្រដល់ផែនការមេនានានៅក្នុងតំបន់រួមមាន៖ ផែនការមេតភ្ជាប់អាស៊ាន (Master Plan for ASEAN Connectivity), ផែនការយុទ្ធសាស្រ្តដឹកជញ្ជូនអាស៊ានឆ្នាំ ២០១៦-២០២៥ (ASEAN Transport Strategic Plan) និងផែនការមេដឹកជញ្ជូនផ្លូវទឹកក្នុងតំបន់អាងទន្លេមេគង្គ (Master Plan for Regional Waterborne Transport in Mekong River Basin)។

ជារួម «ផែនការមេអន្តរកាល» ដើតួនាទីយ៉ាងសំខាន់ក្នុងការចង្អុលទិស ក៏ដូចជាកំណត់នូវក្របខណ្ឌរួមនៃផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូនគ្រប់មធ្យោបាយ រួមទាំងប្រព័ន្ធភស្តុភាកម្ម ដែលនឹងជួយបង្កើនប្រសិទ្ធភាពវិនិយោគសាធារណៈលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងចូលរួមជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនិងបរិយាបន្ន។ ជាការបញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងដដែល៕

ដោយ៖ឌីណា